អន្តរជាតិ
ដើមឈើជួយកាត់បន្ថយសំឡេងរំខាន?
× វាមិនមានជារឿងភ្ញាក់ផ្អើលទៀតឡើយនៅពេលដែលការរំខានដោយសំឡេងមានវត្តមានកាន់តែច្រើន និងខ្លាំងឡើងនៅតាមបណ្តាទីប្រជុំជនធំៗ ជាពិសេសនៅតាមទីក្រុង។ ទីក្រុងមួយចំនួននៅក្នុងពិភពលោកបានយល់ដឹងអំពីផលវិបាកនៃបញ្ហាមួយនេះ និងបានផ្តួចផ្តើមបង្កើតច្បាប់ក្នុងការទប់ស្កាត់ការបំពុលបរិស្ថានដោយសំឡេង ដូចជានៅតាមផ្លូវមហាវិថីធំៗ ស្ថានីយរថភ្លើង និងនៅតាមអាកាសយាន្តដ្ឋានជាដើម។
ដោយមិនពឹងផ្អែកលើបច្ចេកទេសសំណង់ច្រើនស្មុគស្មាញ ដើមឈើគឺជារបាំងសំឡេងមួយប្រភេទបែបធម្មជាតិដែលមានប្រសិទ្ធភាពក្នុងការកាត់បន្ថយការរំខានដោយសំឡេង។ គេហទំព័រ Green Blue ក្រោមចំណងជើង «Trees as Sound Barriers» បានបង្ហាញថា ក្នុងទំហំសួនច្បាររុក្ខជាតិមួយដែលគួរសម លាយឡំជាមួយនឹងរបាំងការពារសំឡេងសាងសង់ដោយមនុស្ស គេអាចកាត់បន្ថយសំឡេងងចាប់ពី៦រហូតទៅដល់១៥ដេស៊ីប៊ែល(ឯកតារង្វាស់សម្លេង)នៅក្នុងមហាវិថីល្បឿនលឿនធំៗ។
បើទោះបីការស្រាវជ្រាវនិងពិសោធន៍ពីស្ថាប័ននានាជុំវិញពិភពលោកអំពីប្រធានបទមួយនេះមានលក្ខណៈខុសគ្នាបន្តិចបន្តួចមែនក្តីៗ តែគេអាចសន្មតបានថា សួនច្បារដែលមានដាំដើមរុក្ខជាតិខ្ពស់គួរសម ក្នុងកម្រាស់ប្រមាណជា៣០ម៉ែត្រ ជាមួយនឹងសណ្ឋានដីរាប់ស្មើ អាចការបន្ថយសំឡេងបានរហូតទៅដល់យ៉ាងតិច៥០ភាគរយនៃសំឡេងដើម។ ចុះរុក្ខជាតិកាត់បន្ថយសំឡេងងដោយដូចម្តេច?
រុក្ខជាតិទូទៅអាចកាត់បន្ថយសំឡេងបានដោយការ«ផ្លាតសំឡេង»ឬ«ស្រូបសម្លេង»ជាពិសេសជាមួយនឹងចំនួនដ៏ច្រើននៃស្លឹកឈើដែលវាមាន។ ស្លឹកឈើតូចៗទាំងអស់នោះអាចបំបែករលកសំឡេងងឲ្យកាន់តែតូចទៅរហូតដល់កម្រិតមួយដែលមនុស្សទូទៅអាចទទួលយកបាន។ ដើមរុក្ខជាតិដែលមានកម្ពស់ចាប់ពី១០ម៉ែត្រទៅកាន់១២ម៉ែត្រអាចកាត់បន្ថយសំឡេងងបានល្អខ្លាំង។ ដីដែលមានលក្ខណៈផុសៗ និងសម្បូរទៅដោយសមាសធាតុសារីរាង្គក៏មាននាទីសំខាន់ក្នុងការជួយកាត់បន្ថយសំឡេងពីខាងក្រៅផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com