អន្តរជាតិ
ដើមឈើ​ជួយ​កាត់បន្ថយ​សំឡេង​រំខាន​?
29, Dec 2019 , 2:29 pm        
រូបភាព
​វា​មិនមាន​ជា​រឿង​ភ្ញាក់ផ្អើល​ទៀតឡើយ​នៅពេលដែល​ការរំខាន​ដោយ​សំឡេង​មាន​វត្តមាន​កាន់តែច្រើន និង​ខ្លាំង​ឡើង​នៅតាម​បណ្តា​ទីប្រជុំជន​ធំៗ ជាពិសេស​នៅតាម​ទីក្រុង​។ ទីក្រុង​មួយចំនួន​នៅក្នុង​ពិភពលោក​បាន​យល់ដឹង​អំពី​ផលវិបាក​នៃ​បញ្ហា​មួយ​នេះ និង​បាន​ផ្តួចផ្តើម​បង្កើត​ច្បាប់​ក្នុងការ​ទប់ស្កាត់​ការបំពុល​បរិស្ថាន​ដោយ​សំឡេង ដូចជា​នៅតាម​ផ្លូវ​មហាវិថី​ធំៗ ស្ថានីយ​រថភ្លើង និង​នៅតាម​អាកាស​យាន្ត​ដ្ឋា​ន​ជាដើម​។

 
​ដោយ​មិន​ពឹង​ផ្អែកលើ​បច្ចេកទេស​សំណង់​ច្រើន​ស្មុគស្មាញ ដើមឈើ​គឺជា​របាំង​សំឡេង​មួយ​ប្រភេទ​បែប​ធម្មជាតិ​ដែលមាន​ប្រសិទ្ធភាព​ក្នុងការ​កាត់បន្ថយ​ការរំខាន​ដោយ​សំឡេង​។ គេហទំព័រ Green Blue ក្រោម​ចំណងជើង «Trees as Sound Barriers» បាន​បង្ហាញថា ក្នុង​ទំហំ​សួនច្បារ​រុក្ខជាតិ​មួយ​ដែល​គួរសម លាយឡំ​ជាមួយនឹង​របាំង​ការពារ​សំឡេង​សាងសង់​ដោយ​មនុស្ស គេ​អាច​កាត់បន្ថយ​សំឡេង​ង​ចាប់ពី​៦​រហូត​ទៅដល់​១៥​ដេ​ស៊ី​ប៊ែ​ល​(​ឯក​តា​រង្វាស់​សម្លេង​)​នៅក្នុង​មហាវិថី​ល្បឿន​លឿន​ធំៗ​។​
 
​បើទោះបី​ការស្រាវជ្រាវ​និង​ពិសោធន៍​ពី​ស្ថាប័ន​នានា​ជុំវិញ​ពិភពលោក​អំពី​ប្រធានបទ​មួយ​នេះ​មាន​លក្ខណៈ​ខុសគ្នា​បន្តិច​បន្តួច​មែន​ក្តីៗ តែ​គេ​អាច​សន្មត​បាន​ថា សួនច្បារ​ដែលមាន​ដាំ​ដើម​រុក្ខជាតិ​ខ្ពស់​គួរសម ក្នុង​កម្រាស់​ប្រមាណ​ជា​៣០​ម៉ែត្រ ជាមួយនឹង​សណ្ឋាន​ដី​រាប់ស្មើ អាច​ការបន្ថយ​សំឡេង​បាន​រហូត​ទៅដល់​យ៉ាងតិច​៥០​ភាគរយ​នៃ​សំឡេង​ដើម​។ ចុះ​រុក្ខជាតិ​កាត់បន្ថយ​សំឡេង​ង​ដោយ​ដូចម្តេច​? 
 
​រុក្ខជាតិ​ទូទៅ​អាច​កាត់បន្ថយ​សំឡេង​បាន​ដោយ​ការ​«​ផ្លាត​សំឡេង​»​ឬ​«​ស្រូប​សម្លេង​»​ជាពិសេស​ជាមួយនឹង​ចំនួន​ដ៏​ច្រើន​នៃ​ស្លឹកឈើ​ដែល​វា​មាន​។ ស្លឹកឈើ​តូចៗ​ទាំងអស់នោះ​អាច​បំបែក​រលក​សំឡេង​ង​ឲ្យ​កាន់តែ​តូច​ទៅ​រហូតដល់​កម្រិត​មួយ​ដែល​មនុស្ស​ទូទៅ​អាច​ទទួលយកបាន​។ ដើម​រុក្ខជាតិ​ដែលមាន​កម្ពស់​ចាប់ពី​១០​ម៉ែត្រ​ទៅកាន់​១២​ម៉ែត្រ​អាច​កាត់បន្ថយ​សំឡេង​ង​បានល្អ​ខ្លាំង​។ ដី​ដែលមាន​លក្ខណៈ​ផុសៗ និង​សម្បូរ​ទៅដោយ​សមាសធាតុ​សារី​រា​ង្គ​ក៏មាន​នាទី​សំខាន់​ក្នុង​ការជួយ​កាត់បន្ថយ​សំឡេង​ពី​ខាងក្រៅ​ផងដែរ​៕

© រក្សាសិទ្ធិដោយ thmeythmey.com