កីឡាជាតិ
ជាតិ
ល្បុក្កតោ​ជួយ​ឲ្យ​ម្ចាស់​មេដាយមាស​ស៊ី​ហ្គេម យ៉ុង ម៉េង​លី ចេះ​តស៊ូ និង​ល្បីល្បាញ
29, Dec 2019 , 2:59 pm        
រូបភាព
កីឡាករ យ៉ុង ម៉េងលី លើកបង្ហាញមេដាយមាស ដែលខ្លួនដណ្តើមបានក្នុងការប្រកួតកីឡាស៊ីហ្គេមនៅហ្វីលីពីន
កីឡាករ យ៉ុង ម៉េងលី លើកបង្ហាញមេដាយមាស ដែលខ្លួនដណ្តើមបានក្នុងការប្រកួតកីឡាស៊ីហ្គេមនៅហ្វីលីពីន
ដោយ:
​ស្ថិតក្នុង​វ័យ​១៩​ឆ្នាំ យ៉ុង ម៉េង​លី ជា​ម្ចាស់​មេដាយមាស​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០១៩​នៅ​ប្រទេស​ហ្វីលីពីន ដែល​រូបគេ​ប្រកួត​ក្នុង​ប្រភេទ​កីឡា​ប្រពៃណី​របស់​ហ្វីលីពីន Arnis​។ ទោះបី​ទើប​ដើរ​លើ​វិថី​នេះ​ក៏ដោយ តែ​កូន​ទី​៣​ក្នុង​គ្រួសារ​មាន​បងប្អូន​៥​នាក់​នៅ​រាជធានី​ភ្នំពេញ​រូបនេះ​អះអាងថា តាមរយៈ​កីឡា​នេះ​ធ្វើ​ឲ្យ​រូបគេ​ចេះ​តស៊ូ និង​ខិតខំ​ប្រឹងប្រែង ពិសេស​ជួយ​លើកតម្កើង​ជីវភាព​គ្រួសារ​។​

 
​កីឡាករ យ៉ុង ម៉េង​លី បាន​ចូលប្រឡូក​ក្នុង​វិស័យ​កីឡា​គុន​ល្បុក្កតោ​នៅ​ឆ្នាំ​២០១៨ ពោលគឺ​ក្រោយ​ដណ្តើមបាន​មេដាយមាស​ក្នុងការ​ប្រកួត​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០១៨​។ តាមរយៈ​មេដាយ​នេះ គឺជា​ឱកាស ដែល រូបគេ ត្រូវបាន​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា ជ្រើសរើស​ឲ្យ​ប្រមូលផ្តុំ​ហ្វឹកហាត់​ក្នុង​ក្រុម​ជម្រើសជាតិ​នៅ​ឆ្នាំ​២០១៩​។ 
 
​ក្រោយ​ហ្វឹកហាត់​ប្រមាណ​ជិត​១​ឆ្នាំ កីឡាករ​វ័យ​១៩​ឆ្នាំ​រូបនេះ ត្រូវបាន​សហព័ន្ធ​ផ្តល់ឱកាស​ឲ្យ​ចូលរួម​ការប្រកួត​លក្ខ​ណៈ​អន្តរជាតិ​ជា​លើកដំបូង គឺ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣០​នៅ​ប្រទេស​ហ្វីលីពីន​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​ក្នុងការ​បង្ហាញខ្លួន​លើ​ឆាក​អន្តរជាតិ​នេះ ម៉េង​លី ហាក់​ទទួលបាន​ជោគជ័យ​ខ្លាំង តាមរយៈ​ដណ្តើមបាន​មេដាយមាស​១ និង​ប្រាក់​១​ក្នុងការ​ប្រកួត​កីឡា​ប្រពៃណី​របស់​ហ្វីលីពីន Arnis​។ រូបគេ ក៏​ជា​កីឡា​ករទី​១ ដែល​ដណ្តើមបាន​មេដាយមាស​ឲ្យ​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍​នេះ​ផងដែរ​។ 
 
​កត្តា​ដែល​ធ្វើ​ឲ្យ​កីឡាករ​រូបនេះ​ទទួលបាន​ជោគជ័យ​ខ្លាំង​ពី​ការបង្ហាញ​ខ្លួន​លើកដំបូង គឺ​ការព្យាយាម​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់ និង​មាន​ការជួយ​ជំរុញ និង​លើកទឹកចិត្ត​ពី​គ្រួសារ គ្រូបង្វឹក និង​មិត្ត​រួម​ក្រុម​។ ជាពិសេស ការផ្តល់​កម្លាំងចិត្ត​ពី​អ្នកគាំទ្រ​និង​ប្រជាពលរដ្ឋ​កម្ពុជា​។ តាមរយៈ​ជោគជ័យ​ខាងលើ មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ឈ្មោះ​របស់​កីឡាករ យ៉ុង ម៉េង​លី ត្រូវបាន​កត់ត្រា​ជា​ប្រវត្តិសាស្ត្រ​ក្នុង​បញ្ជី​ស៊ី​ហ្គេម​នៅ​ហ្វីលីពីន​ប៉ុណ្ណោះ​ទេ ថែមទាំង​ជួយ​លើកមុខ​មាត់​ជាតិ គ្រួសារ និង​រូបគេ​ទៀតផង​។ 
 
​លើសពីនេះ ល្បុក្កតោ​ក៏​ជួយ​លើកស្ទួយ​ជីវភាព​និង​ផ្តល់​ជា​មេរៀន​ដល់ ម៉េង​លី ផងដែរ​។ កូន​ទី​៣​ក្នុង​គ្រួសារ​មាន​បងប្អូន​៥​នាក់​នៅ​រាជធានី​ភ្នំពេញ​រូបនេះ​បានលើកឡើង​ដូច្នេះ​ថា​៖«​ល្បុក្កតោ​បាន​ជួយ​កែប្រែ​ជីវភាព​ខ្ញុំ ផ្តល់​ជា​មេរៀន​ឲ្យ​យើង​ចេះ​ខិតខំ​តស៊ូ និង​ព្យាយាម​។ មុន​ចូលប្រឡូក​ក្នុង​វិស័យនេះ ខ្ញុំ​ធ្វើការ​ផង រៀន​ផង ហើយ​ពេលនោះ​ជីវភាព​ខ្ញុំ​មានការ​ខ្វះខាត តែ​ក្រោយ​ចូលប្រឡូក​ធ្វើ​ឲ្យ​ជីវភាព​មាន​ភាពល្អប្រសើរ​»​។ 
 
​ស្ថិតក្នុង​វ័យ​១៩​ឆ្នាំ យ៉ុង ម៉េង​លី ចង់​ក្លាយជា​កីឡាករ​ល្បុក្កតោ​ដ៏​ល្បីល្បាញ និង​មាន​ប្រជាប្រិយភាព​មួយរូប​នៅ​កម្ពុជា​។ ទន្ទឹមនឹងនេះ​រូបគេ​ប្តេជ្ញា​ថា នឹង​បន្ត​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​អភិវឌ្ឍ​សមត្ថភាព​ឲ្យ​កាន់តែ​ប្រសើរ​ថែមទៀត ហើយ​រូបគេ​ចង់បង្ហាញ​ទង់ជាតិ​កម្ពុជា​នៅលើ​ឆាក​អន្តរជាតិ​ម្តងទៀត ជាពិសេស​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​៕ 

Tag:
 ​ល្បុក្កតោ​
  យ៉ុង ម៉េង​លី​
© រក្សាសិទ្ធិដោយ thmeythmey.com