ជាតិ
ជិត១០ឆ្នាំហើយដែល លោក ឡុង ឡេង យកសំបកគ្រាប់កាំភ្លើង ច្នៃជាគ្រឿងអលង្ការ
× សៀមរាប៖ សំបកគ្រាប់កាំភ្លើងគ្រប់ប្រភេទ ត្រូវបានលោក ឡុង ឡេង យកមកកែច្នៃធ្វើជាគ្រឿងអលង្ការ ដែលមានរចនាបទបែបខ្មែរសម័យអង្គរ និងគ្រឿងអលង្ការដែលមានរូបតំណាងអត្តសញ្ញាណជាតិ ដូចជារូបផ្ការំដួល ជាដើម។ លោក ឡុង ឡេង បានអះអាងថា ការយកសំបកគ្រាប់កាំភ្លើងធ្វើជាគ្រឿងអលង្ការនេះ ព្រោះលោកមើលឃើញថា មនុស្សជាច្រើនតែងតែគិតថា សំបកគ្រាប់កាំភ្លើងជាវត្ថុមួយឥតប្រយោជន៌ ដូច្នេះបានជាលោក សម្រេចជ្រើសរើសយកវត្ថុដែលគេគិតថាជារបស់ឥតប្រយោជន៍នោះ មកកែច្នៃធ្វើជាវត្ថុដែលមានតម្លៃសម្រាប់ជាតិវិញ។
អស់រយៈពេលជិត១០ឆ្នាំមកហើយ ដែលលោក ឡុង ឡេង ប្រកបសិប្បកម្មកែច្នៃសំបកគ្រាប់កាំភ្លើងដោយដៃ ធ្វើជាគ្រឿងអលង្ការលម្អកាយ ដែលមានភាពច្នៃប្រឌិតខ្ពស់ ដោយមានរចនាបទបែបខ្មែរទាំងស្រុង សម្រាប់បុរស-នារីគ្រប់វ័យ នៅភូមិគ្រួស ឃុំស្វាយដង្គុំ ខេត្តសៀមរាប។ សំបកគ្រាប់កាំភ្លើង ដែលលោក ឡេង កែច្នៃជាគ្រឿងអលង្ការនោះ គឺលោកបានប្រមូលទិញពីកន្លែងទាហានមួយកន្លែង ក្នុងខេត្តសៀមរាប ដែលភ្ញៀវគ្រប់ជាតិសាសន៍ទៅរៀនបាញ់កាំភ្លើងនៅទីនោះ។ បើតាមម្ចាស់សិប្បកម្មវ័យ៣៥ឆ្នាំរូបនេះ ក្នុងមួយថ្ងៃ លោកកែច្នៃសំបកគ្រាប់កាំភ្លើង អស់២-៣គីឡូក្រាម ដើម្បីធ្វើគ្រឿងអលង្ការផ្សេងៗ ដូចជាកងដៃ ខ្សែករ ស្នៀតសក់ ចិញ្ចៀន ក្រវិល ជាដើម។
លោក ឡុង ឡេង បន្តរៀបរាប់ប្រាប់សារព័ត៌មាន ThmeyThmey ក្នុងពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលកម្ពុជាលើកទី១៤ នៅមជ្ឈមណ្ឌលកោះពេជ្រ កាលពីថ្ងៃទី១៥ធ្នូ ឆ្នាំ២០១៩ ថា សំបកគ្រាប់កាំភ្លើងដែលប្រមូលទិញនោះ មានតម្លៃពី១០-១២ដុល្លារ ក្នុងមួយគីឡូក្រាម ហើយសំបកគ្រាប់កាំភ្លើងមួយគីឡូក្រាម អាចធ្វើគ្រឿងអលង្ការគ្រប់ប្រភេទពីចំនួន២០-៣០ ដែលមានរចនាបទរូបផ្ការំដួល ផ្កាឈូក ផ្កាចន្ទន៍ និងរូបក្បាច់ផ្កាជាច្រើនទៀត ដែលមាននៅប្រាសាទអង្គរវត្ត ក៏ដូចក្នុងសម័យអង្គរ តែម្តង។
«ក្រៅពីរចនាម៉ូតគ្រឿងអលង្ការបែបអត្តសញ្ញាណខ្មែរ។ ខ្ញុំ អាចរចនាម៉ូតគ្រឿងអលង្ការបែបបរទេស បានច្រើនទៀតពីសំបកគ្រាប់កាំភ្លើងនេះ ពិសេសអឺរ៉ុប។ ប៉ុន្តែជាទូទៅ ខ្ញុំធ្វើគ្រឿងអលង្ការដែលមានរចនាបទបែបខ្មែរ សម្រាប់លក់ជូនបរទេស ព្រោះខ្ញុំចង់ចូលរួមផ្សព្វផ្សាយ នូវអ្វីជារបស់ខ្មែរពិតប្រាកដទៅកាន់ពិភពលោក តាមរយៈគ្រឿងអលង្ការទាំងនេះ ដែលមានក្បាច់ និងរចនាបទខ្មែរទាំងស្រុង ដែលយើងធ្វើឡើងដោយដៃ១០០ភាគរយ»។ នេះជាលើកឡើងរបស់ លោក ឡុង ឡេង ដោយលោកបានអះអាងថា គ្រឿងអលង្ការដែលច្នៃចេញពីសំបកគ្រាប់កាំភ្លើងនេះ ក្រៅពីអតិថិជនដែលជាជនជាតិខ្មែរបានគាំទ្រស្ទើរទាំងស្រុងហើយ នោះមានបរទេសមកពីតំបន់អឺរ៉ុបគាំទ្រ៨០ភាគរយ និងចិនមាន២០ភាគរយ រួមជានឹងជាតិសាសន៍ផ្សេងទៀត ក៏មានការគាំទ្រច្រើនផងដែរ។
លោក ឡុង ឡេង បាននិយាយដូច្នេះ៖ «ភ្ញៀវទេសចរ មិនថាទៅដំណើរកម្សាន្តនៅប្រទេសណាទេ.... ជាក់ស្តែងពួកគាត់មកដើរនៅកម្ពុជាយើង ពួកគាត់ប្រាកដណាស់ នឹងស្វែងរកវត្ថុអ្វីមួយដែលជាតំណាងប្រទេសជាតិយើង ទុកជាអនុស្សាវរីយ៍ ឬជូនសាច់ញាតិ មិត្តភក្តិគេ ពេលពួកគេត្រលប់ទៅប្រទេសកំណើតវិញ។ ដូច្នេះ ខ្ញុំជឿជាក់ថា តាមរយៈភ្ញៀវអន្តរជាតិដែលគាត់គាំទ្រគ្រឿងអលង្ការខ្ញុំ ដែលយើងធ្វើដោយដៃ មានរចនាបទបែបខ្មែរនោះ នឹងរួមចំណែកមួយជួយផ្សព្វផ្សាយជាតិ និងអត្តសញ្ញាណយើង បានកាន់តែទូលាយ»។
លោកបានបញ្ជាក់ថា គ្រឿងអលង្ការដែលធ្វើចេញពីសំបកគ្រាប់កាំភ្លើងនោះ គឺជាសារធាតុស្ពាន់សុទ្ធ ដែលមិនអាចឱ្យគ្រឿងអលង្ការទាំងនោះខ្មៅ បានឡើយ ហើយគ្រឿងអលង្ការនីមួយៗ មានតម្លៃពី១២ ទៅ៣៥ដុល្លារ ដែលអាស្រ័យទៅលើទំហំ និងរូបរាងនីមួយៗ នៃគ្រឿងអលង្ការទាំងនោះ។ បើតាមលោក ឡុង ឡេង ក្នុងមួយថ្ងៃ លោកអាចទទួលប្រាក់ចំណូល ពីការលក់គ្រឿងលអលង្ការច្នៃចេញពីគ្រាប់កាំភ្លើងនេះ បានពី៣០០ទៅ៥០០ដុល្លារ៕
សំបកគ្រាប់កាំភ្លើង
កងដៃម៉ូតផ្ការំដួល ធ្វើពីសំបកគ្រាប់កាំភ្លើង។
Tag:
គ្រឿងអលង្ការ
ផ្ការំដួល
គ្រាប់កាំភ្លើង
© រក្សាសិទ្ធិដោយ thmeythmey.com