ជាតិ
RUPP ជ្រើសរើស​គ្រូ​កម្រិត​មូលដ្ឋាន​៥៦៨​នាក់​ដើម្បី​បណ្តុះបណ្តាល​ថ្នាក់​បរិញ្ញាបត្រ​
29, Dec 2019 , 7:29 pm        
រូបភាព
​ភ្នំពេញ​៖ ក្រសួង​អប់រំ យុវជន និង​កីឡា ក៏ដូចជា​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ (RUPP) ប្រកាស​ពី​ការជ្រើសរើស​គ្រូ​ដែល​កំពុង​បង្រៀន​នៅតាម​វិទ្យាល័យ​គោលដៅ​របស់​គម្រោង​កែលម្អ​ការអប់រំ​នៅ​មធ្យមសិក្សា (SEIP) លើ​មុខវិជ្ជា​មួយចំនួន​៦​ដូចជា គណិតវិទ្យា ប្រវត្តិវិទ្យា រូបវិទ្យា គីមីវិទ្យា អក្សរសាស្ត្រ​ខ្មែរ និង​ជីវវិទ្យា​។​


 
​សម្រាប់​លក្ខខណ្ឌ​ក្នុងការ​ជ្រើសរើស​នេះដែរ​គឺ គ្រូបង្រៀន​ទាំង​២​ភេទ​ត្រូវមាន​អាយុ​យ៉ាងច្រើន ៥២​ឆ្នាំ ហើយ​មានការ​តាំងស៊ប់​ក្នុង​ក្របខណ្ឌ​។ គ្រូបង្រៀន​ទាំង​២​ភេទ ត្រូវមាន​សញ្ញាបត្រ​កម្រិត​មូលដ្ឋាន ហើយ​ត្រូវមាន​បទពិសោធន៍​បង្រៀន​ច្រើន និង​ត្រូវតែ​ជា​គ្រូ​ដែល​កំពុង​បង្រៀន​នៅតាម​វិទ្យាល័យ​គោលដៅ​កែលម្អ​ការអប់រំ (SEIP)​។ 
 
​សម្រាប់​ករណី​ខ្វះ​បេក្ខជន (​គ្រូ​)​លើ​មុខវិជ្ជា​ទាំង​៥ នឹងត្រូវ​ជ្រើសរើស​គ្រូ​ក្នុង​កម្រិត​ដូចគ្នា​នៅតាម​វិទ្យាល័យ​ជិតៗ​សាលា​គោលដៅ​របស់​គម្រោង​កែលម្អ​ការអប់រំ​នៅ​មធ្យមសិក្សា (SEIP)​។ 
 
​ក្នុងការ​ដាក់ពាក្យ​បេក្ខជន ទាំង​២​ភេទ (​គ្រូ​) ត្រូវ​ភ្ជាប់​មកជា​មួយ​នូវ​លិខិត​មួយចំនួន​ដូចជា ពាក្យសុំ​ចុះឈ្មោះ​(២​ច្បាប់​), សញ្ញាបត្រ​គ្រូបង្រៀន​កម្រិត​មូលដ្ឋាន​(១​ច្បាប់​), ជីវប្រវត្តិ​សង្ខេប​(២​ច្បាប់​), កិច្ចសន្យា​(២​ច្បាប់​), វិញ្ញាបនបត្រ​រដ្ឋបាល​បញ្ជាក់​ដោយ​មន្ទីរអប់រំ​(២​ច្បាប់​) និង​រូបថត​ថ្មី ៣​គុណ​៤(២​សន្លឹក​)​។ សូមបញ្ជាក់​ផងដែរ​ថា​បេក្ខជន​ទាំង​២​ភេទ​(​គ្រូ​) ត្រូវមាន​លិខិតបញ្ជាក់​ពី​សាលារៀន​ថា​ខ្លួន​ពិតជា​បង្រៀន​ឯកទេស​ទី​២​ក្នុងពេល​បច្ចុប្បន្ន និង​បញ្ជាក់​ពី​សាលា​របស់ខ្លួន​ថា​ពី​ជាមាន​បទពិសោធន៍​ក្នុងការ​បង្រៀន​ឯកទេស​ទី​២​រយៈពេល ៣​ឆ្នាំ​យ៉ាងតិច​៕ 

Tag:
 គ្រូបង្រៀន
© រក្សាសិទ្ធិដោយ thmeythmey.com