បន្លែ​ដែល​ដាំ​ទុក​ហូប​ខ្លួនឯង ខុសពី​បន្លែ​ដែល​ដាំ​ទុក​លក់​...
ជាតិ
បន្លែ​ដែល​ដាំ​ទុក​ហូប​ខ្លួនឯង ខុសពី​បន្លែ​ដែល​ដាំ​ទុក​លក់​...
29, Dec 2019 , 10:29 pm        
រូបភាព
​កណ្តាល​៖ កសិករ​មួយចំនួន​នៅ​ស្រុក​ស្អាង បាន​ដាំ​បន្លែ​ធម្មជាតិ​នៅមុខ​ផ្ទះ​សម្រាប់​ហូប ព្រោះ​មិន​ហ៊ាន​ហូប​បន្លែ​ខ្លួនឯង​ដែល​ដាំ​នៅ​ចម្ការ​។ កសិករ​ទាំងអស់ អះអាងថា បន្លែ​ទាំងស្រុង​ដែល​ពួកគេ​ដាំ​នៅ​ចម្ការ​ទុក​សម្រាប់​លក់​នៅលើ​ទីផ្សារ គឺ​បាន​បាញ់ថ្នាំ​ពុល​គីមី​គ្រប់មុខ​៣​ឬ​៤​ដង​ក្នុង​មួយ​សប្តាហ៍  ដើម្បីឱ្យ​បន្លែ​ល្អ និង​សម្លាប់ ក៏​ដូច​ការពារ​បន្លែ​ទាំងនោះ​ពី​ការរំខាន់​របស់​ពពួក​សត្វល្អិត​ចង្រៃ​។ ដោយឡែក បន្លែ ដែល​ពួកគេ​ដាំ​នៅមុខ​ផ្ទះ​សម្រាប់​ហូប​ប្រចាំ​គ្រួសារ​វិញ គឺ​មិន​ប្រើប្រាស់​ជី និង​ថ្នាំពុល​គីមី​អ្វី​ឡើយ​។​

 
​បើ​លោកអ្នក​ធ្វើដំណើរ​ចេញពី​ក្រុង​តាខ្មៅ ទៅតាម​បណ្តា​យ​ផ្លូវជាតិ​លេខ​២១ ឆ្ពោះទៅ​ឃុំ​ទឹក​វិល ស្រុក​ស្អាង ខេត្តកណ្តាល ប្រមាណ​១៥​គីឡូម៉ែត្រ លោកអ្នក​នឹង​ឃើញ​មាន​បន្លែ​ជាច្រើន​មុខ ពិសេស​ស្ពៃក្តោប​កំពុងដណ្តើម​គ្នា​លូតលាស់​យ៉ាង​ល្អ​បៃតង​ខៀវស្រងាត់ នៅមុខ​ផ្ទះ​នីមួយៗ របស់​អ្នកភូមិ​នៅ​អប​សងខាង​ផ្លូវជាតិ​នោះ​។​
 
​អ្នកស្រី លាង ហ្គេ​ច កំពុង​ដកស្មៅ​ចេញពី​រង​ស្ពៃក្តោប ដែល​អ្នកស្រី​ដាំ​នៅមុខ​ផ្ទះ សម្រាប់​ទុក​ហូប​ក្នុង​គ្រួសារ​។ ស្ពៃក្តោប​ដែល​អ្នកស្រី លាង ហ្គេ​ច ដាំ សម្រាប់​ទុក​ហូប​ពិសា​ខ្លួនឯង​នោះ មាន​មួយ​រង​ប្រវែង​៥​ម៉ែត្រ ដោយមាន​ស្ពៃ​ជាង​៣០​គុម្ព ស្ថិតនៅ​ចំហៀង​ខាង​ស្តាំ ​ផ្ទះ​អ្នកស្រីតែម្តង​។ 
 
​អ្នកស្រី លាង ហ្គេ​ច  ទើបតែ​ចាប់ផ្តើម​ដាំ​ស្ពៃក្តោប​នៅមុខ​ផ្ទះ​សម្រាប់​ហូប​ខ្លួនឯង​នោះ បាន​ពីរដង​(​ប្រហែល​កន្លះ​ឆ្នាំ​) ប៉ុណ្ណោះ ព្រោះ​អ្នកស្រីមិន​ហ៊ាន​ហូប​បន្លែ​ដែល​ខ្លួនឯង​ដាំ​នៅ​ចម្ការ​ធំ​ដែល​បាន​ប្រើប្រាស់​ថ្នាំពុល​គីមី​ច្រើន​លើសលុប សម្រាប់​លក់​នៅលើ​ទីផ្សារ​។  ស្ត្រី​វ័យ​៤៩​ឆ្នាំ​រូបនេះ​បាន​និយាយប្រាប់​សារព័ត៌មាន​ThmeyThmey25 ថា​៖«​សព្វថ្ងៃនេះ កុំថាឡើយ​បន្លែ​លក់​នៅលើ​ទីផ្សារ ពិសេស​បន្លែ​ពពួក​ស្លឹក ខ្ញុំ​មិន​ទិញ​ហូប​...​សូម្បីតែ​បន្លែ​ខ្ញុំ​ដាំ​នៅ​ចម្ការ​ខ្លួនឯង ក៏​មិន​ហ៊ាន​ហូប​ដែរ​។ ព្រោះ​យើង​ការ​ដឹងថា​ បន្លែ​នៅ​ចម្ការ​ហ្នឹង​...​បាន​ប្រើ​ថ្នាំពុល​ច្រើន​ប៉ុណ្ណា​...​មិន​ថា​ខ្ញុំ មិន​ថា​គេ បន្លែ​យើង​នៅ​ចម្ការ​ គឺ​សុទ្ធតែ​បាញ់​ថ្នាំពុល​មួយថ្ងៃ​...​រំលង​មួយថ្ងៃ​...​។ ដោយឡែក បន្លែ​ដែល​ខ្ញុំ​ដាំ​នៅមុខ​ផ្ទះ​វិញ គឺ​ខ្ញុំ​មិនបាន​ប្រើប្រាស់​ថ្នាំ​គីមី​អ្វី​ឡើយ គឺ​ទុក​ឱ្យដាំ​លូតលាស់​តាម​ធម្មជាតិ តែម្តង​»​។ 


បន្លែធម្មជាតិ នៅមុខផ្ទះរបស់ប្រជាកសិករ ក្នុងស្រុកស្អាង ខេត្តកណ្តាល។

​ក្រៅពី​ហូប​បន្លែ​ដែល​ដាំ​នៅមុខ​ផ្របស់ខ្លួន​ទះ​នោះ ​អ្នកស្រី លាង ហ្គេច ក៏ទិញបន្លែខ្លះពីផ្សារមកហូបដែរ ដូចជា​ត្រកួន ព្រលិត និងត្រ​យូង​ចេកជាដើម​។ 
 
​កសិករ​ទាំងនោះ ក៏លក់​បន្លែ​​​ធម្មជាតិ​ដែលដាំនៅមុខ​ផ្ទះ​ទុក​ហូប​​នោះ ​ឱ្យ​អ្នកធ្វើដំណើរ​ឆ្លងកាត់​​ផ្លូវ​ជាតិ​លេខ​២១ ក្នុងតម្លៃ​ខ្ពស់ជាង​បន្លែ​នៅលើ​ទីផ្សារ​៣​ដង ទៅទៀត​។ ជាក់ស្តែង ​​ស្ពៃក្តោប​មួយ​គុម្ព​ ឬមួយ​គីឡូក្រាម កសិករលក់ក្នុងតម្លៃ​​ ​ពី​១០,០០០​ទៅ​១៥,០០០​រៀល ខណ៖តម្លៃ​ស្ពៃក្តោប​នៅ​លើ​ទីផ្សារ​មានតម្លៃ​៣,០០០​ទៅ​៣,៥០០​រៀល​ប៉ុណ្ណោះ ក្នុង​មួយ​គីឡូក្រាម​។
 
​លោក គុន ហៃ បាន​ដាំ​បន្លែ​ធម្មជាតិ ពិសេស​ស្ពៃក្តោប​នៅមុខ​ផ្ទះ​របស់ខ្លួន​អស់​រយៈពេល​៣​ឆ្នាំ​មកហើយ​។ ស្ពៃក្តោប ដែល​លោក ហៃ ដាំ​នៅមុខ​ផ្ទះ​មាន​ទំហំ​៨៥​ម៉ែត្រការ៉េ​នោះ ក្រៅពី​អាចឱ្យ​គ្រួសារ​លោក​ហូប​បាន​បរិបូរណ៍​ហើយ​នោះ នៅ​អាច​ផ្តល់ប្រាក់​ចំណូល​បានជា​ប្រចាំ​ពី​១,៥​ទៅ​២​លាន​រៀល ក្នុងការ​ប្រមូល​ផល​ម្តងៗ​។ ស្ពៃក្តោប​ដាំ​នៅមុខ​ផ្ទះ​នោះ លក់បាន​តម្លៃ​១០,០០០​រៀល ក្នុង​មួយ​គុម្ព​។ 
 
​បើតាម​បុរស​វ័យ​៦០​ឆ្នាំ​រូបនេះ ការដាំ​បន្លែ​នៅមុខ​ផ្ទះ​មិន​ត្រឹម​ងាយស្រួល​ដាំ​នោះទេ ថែទាំ​មិនសូវមាន​ការរំខាន​ពី​ពពួកសត្វ​ល្អិត​ចង្រៃ​ទៀតផង​។ ក្នុង​មួយឆ្នាំៗ លោក គុន ហៃ ដាំ​ស្ពៃក្តោប​នៅមុខ​ផ្ទះ​បាន​៣-៤​ដង ហើយ​ជាទូទៅ​ស្ពៃក្តោប​នេះ មាន​អាយុកាល​លូតលាស់​ធំធាត់ ពី​២​ខែ​កន្លះ ទៅ​៣​ខែ​។​
 
«​បន្លែ​ដាំ​នៅមុខ​ផ្ទះ​នេះ ខ្ញុំ​មិនដែល​ប្រើ​ថ្នាំពុល​គីមី​ឡើយ​...​ហើយ​បើ​មានការ​បំផ្លាញ​ពី​ដង្កូវ ឬ​សត្វល្អិត​ចង្រៃ​ដទៃ​....​ខ្ញុំ​សុខចិត្ត​អង្គុយ​ចាប់​ចេញពី​បន្លែ​នោះ​...​ភាគច្រើន​យើង​ដើរ​ចាប់​ដង្កូវ​នៅពេល​នៅ​ជិតយប់ និង​នៅពេល​ព្រឹក​ព្រលឹម​។ ប៉ុន្តែ​ជាទូទៅ បន្លែ​ដែល​ខ្ញុំ​ដាំ​នៅមុខ​ផ្ទះ​នេះ មិនសូវមាន​ការរំខាន ពី​ពពួកសត្វ​ចង្រៃ នោះទេ​...»​។ នេះ​ជាការ​លើកឡើង​របស់លោក គុន ហៃ ទាំង​ទឹកមុខ​សប្បាយរីករាយ ព្រមទាំង​បាន​បន្ថែមថា បន្លែ​ធម្មជាតិ​នេះ​មិន​ចំណាយ​ថ្លៃ​ដាំ​ដុះ​ច្រើន ប៉ុន្តែ​ទទួលបាន​ប្រាក់ចំណូល​ច្រើន​។​
 
​បើ​និយាយ​ពី​ការដាំ​បន្លែ​របស់​កសិករ​រូបនេះ នៅក្នុង​ចម្ការ​(​លិច​)​សម្រាប់​ផ្គត់ផ្គង់​នៅលើ​ទីផ្សារ​ធំៗ (​ផ្សារ​ដើម​គរ​, ផ្សារ​នាគ​មាស​)​វិញ លោក គុន ហៃ បាញ់ថ្នាំ​ពុល​គីមី​យ៉ាងហោចណាស់​៣​ដង ក្នុង​មួយ​សប្តាហ៍ មិន​ខុស​កសិករ​ដទៃ​ឡើយ​។ កសិករ រស់នៅ​ក្នុងភូមិ​ផ្លូវបំបែក ឃុំ​ទឹក​វិល ស្រុក​ស្អាង រូបនេះ​បាន​រៀបរាប់​ទាំង​មិនសូវ​សប្បាយចិត្ត ដូច្នេះ​៖« បន្លែ​នៅ​ចម្ការ បើ​យើង​មិន​ប្រើ​ថ្នាំពុល​គីមី​សម្លាប់​ឬ ការពារ​សត្វល្អិត​ចង្រៃ​នោះទេ គឺ​គ្មាន​បន្លែ​សល់​នៅ​ចម្ការ​ឡើយ​(​សត្វល្អិត​ចង្រៃ​បំផ្លាញ​ខ្ទេច​ក្នុង​រយៈពេល​មួយ​យប់​)​។ បន្លែ​ដាំ​នៅ​ចម្ការ សម្រាប់​លក់​នៅ​ទីផ្សារ​...​បើ​យើង​មិន​បាញ់ថ្នាំ​…​គឺ​គេ​បាញ់ថ្នាំ​...​ហើយ​បើ​យើង​មិន​បាញ់ថ្នាំ​ដូច​គេ នោះ​សត្វល្អិត​ចង្រៃ​នឹង​ប្រមូលផ្តុំ​គ្នា​ចូល​ចម្ការ​បន្លែ​យើង​ស៊ី​ខ្ទេច​អស់​តែម្តង​»​។ 


លោក គុន ហៃ កំពុងអង្គុយ នៅលើរោងបន្លែធម្មជាតិ នៅមុខផ្ទះរបស់លោក។
 
​បន្លែ​គ្រប់មុខ​នៅ​ចម្ការ​លិច គឺ​មិនអាច​ដាំ​ដុះ​តាម​ធម្មជាតិ ដូច​ដាំ​នៅមុខ​ផ្ទះ ឬ​បរិវេណ​នានា​ក្បែរ​ផ្ទះ​បានឡើយ ហើយ​បន្លែ​ក្នុង​ចម្ការ​ទាំងនោះ ចាប់ផ្តើម​បាញ់ថ្នាំ​ជំនួយ ថ្នាំ​សម្លាប់​និង​ថ្នាំ​ការពារ​សត្វល្អិត​ចង្រៃ តាំងពី​លូតលាស់​មាន​អាយុ​១០​ថ្ងៃ​ម្លេះ​។ នេះ​បើតាម ឈួន ឃឹម ជា​កសិករ​ដាំ​បន្លែ​អស់​ជាង​២០​ឆ្នាំ នៅ​ស្រុក​ស្អាង​។ 
 
​កំពុង​អង្គុយ​មើលថែ​បន្លែ​ស្ពៃក្តោប​នៅមុខ​ផ្ទះ លោក  ឈួន ឈឹម បាន​និយាយៗ​មួយ​ថា​៖« ជីវភាព​យើង​ពឹងផ្អែក​ទៅលើ​ដំណាំ​បន្លែ​...​ហើយ​បន្លែ​ដែល​ដាំ​នៅ​ចម្ការ​បើ​មិន​ថែទាំ​ខ្លាំង​(​ដាក់​ថ្នាំ​ដល់​ទេ​) គឺ​គ្មាន​បន្លែ​លក់​ឡើយ ព្រោះ​បច្ចុប្បន្ននេះ ពពួក​ល្អិត​ចង្រៃ​កើតឡើង​ច្រើនណាស់​...​ហើយ​ថ្នាំ​គីមី​ល្មមៗ ក៏​មិន​ទប់​ជាប់់​ដែរ​។ លើសពីនេះទៅទៀត អ្នកទទួល​បោះ​ដុំ​បន្លែ​យើង នៅ​ផ្សារ បើ​បន្លែ​យើង​មិនសូវ​ល្អ​...​សន្លឹក​មាន​ដង្កូវ​ស៊ី ដើម​តូច​ជាដើម​... គឺ​សាញ​តម្លៃ ឬ​ទម្លាក់​តម្លៃ​បន្លែ​យើង​ថោក តែម្តង​។ ដូច្នេះ ចង់ ឬ​មិន​ចង់ បន្លែ​នៅ​ចម្ការ ដាច់ខាត​ត្រូវតែ​ប្រើ​ថ្នាំពុល​»​។  
 
​បើតាម​អ្នក​ដាំ​បន្លែ​វ័យ​ជាង​៤០​ឆ្នាំ​រូបនេះ បន្លែ​ដែល​លោក​ដាំ​បន្លែ​នៅ​ចម្ការ ឬ​បន្លែ​ផ្សេងៗ​លក់​នៅលើ​ទីផ្សារ ពិសេស​ពពួក​បន្លែ​ស្លឹក​គឺ​លោក​មិន​ហ៊ាន​ហូប​ឡើយ ព្រោះ​លោក​ខ្លាច​គីមី​។ ការមិន​ហ៊ាន​ហូប​បន្លែ​ខ្លួនឯង​ដែល​ដាំ​នៅ​ចម្ការ និង​មិន​ទុកចិត្ត​បន្លែ​ចំនួន​លក់​នៅ​ទីផ្សារ​ដូច្នេះ លោក ឈួន ឃឹម បាន​ដាំ​បន្លែ​ធម្មជាតិ​ជាច្រើន​មុខ នៅក្នុង​បរិវេណ​ផ្ទះ​របស់ខ្លួន សម្រាប់​បរិភោគ​ប្រចាំ​គ្រួសារ​។ ក្រៅពី​ដាំ​ស្ពៃក្តោប​នៅមុខ​ផ្ទះ​សម្រាប់​ហូប​ខ្លះ និង​លក់​ខ្លះ លោក ឃឹម ក៏មាន​ដាំ​ម្ទេស ស្លឹក​ខ្ទឹម ជី​នាងវង ត្រប់ ជាដើម ។​
 
​រយៈពេល​៣​ឆ្នាំ​ចុង​ក្រោយនេះ  កសិករ​នៅ​ស្អាង​ដែល​ដាំ​បន្លែ​ប្រើប្រាស់​ថ្នាំពុល​គីមី​បាន​កាត់បន្ថយ​អស់ពី​៧០​ទៅ​៨០​ភាគរយ ហើយ​។ នេះ​បើតាម លោក សូ សុផល អនុប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកណ្តាល ដោយ​លោក​បាន​អះអាង​ប្រាប់​សារព័ត៌មាន​ThmeyThemy25 តាម​ទូរ​សព្ទ ថា កសិករ​ដែល​នៅ​បន្ត​ដាំ​ដុះ​បន្លែ​ដោយ​ប្រើប្រាស់​ថ្នាំពុល​គីមី​ច្រើន​បែបនេះ  គឺជា​ក្រុម​កសិករ​ដែល​មិនទាន់​ចូលក្នុង​ក្រុម​អ្នក​ផលិត​បន្លែ​សុវត្ថិភាព ឬ​សរីរាង្គ ហើយ​ក្រុម​នោះ ត្រូវ​ចំណាយ​ពេលវេលា​ច្រើន​បន្ថែមទៀត ក្នុងការ​ពន្យល់ និង​ណែនាំ ពួកគាត់​ឱ្យ​យល់ដឹង​កាន់តែ​ទូលាយ​ពី​បញ្ហា​បន្លែ​ដែល​ប្រើប្រាស់​ថ្នាំពុល​លើសលុប​។ 
 
​ប្រជាកសិករ​ដែល​បាញ់​ថ្នាំពុល​គីមី​៣-៤​ដង​ក្នុង​សប្តាហ៍ គឺ​បាន​បង្ក​ហានិភ័យ​ខ្ពស់​សម្រាប់​អ្នក​ដាំ និង​អ្នក​បរិភោគ​ទៅហើយ​។ អ្វីដែល​បង្កឱ្យមាន​គ្រោះថ្នាក់​ដល់​សុខភាព​កាន់តែ​លឿន និងរ​ហ័យ​ទៅទៀត​នោះ គឺ​កសិករ បាន​លាយ​ថ្នាំពុល​គីមី​៣​ឬ​៤​មុខ បញ្ជូន​គ្នា សម្រាប់​បាញ់​លើ​បន្លែ​តែម្តង​។ ការ​លាយ​ថ្នាំពុល​ច្រើន​ចូលគ្នា វា​ធ្វើឱ្យមាន​ប្រតិកម្ម​គីមី​ម្យ៉ាង​ដែល​មិនអាច​សម្លាប់​ពពួកសត្វ​ចង្រៃ បាន​ភ្លាមៗ ប៉ុន្តែ​វា​អាចធ្វើឱ្យ​មនុស្ស​ពុល​ភ្លាមៗ​បាន តាមរយៈ​ជាតិពុល​ជ្រាបចូល​ស្បែក​។ នេះ​ជាការ​លើកឡើង​របស់លោក សូ សុផល ដែល​បាន​បន្ត​និយាយ​ដូច្នេះ ក្រុមការងារ​ជំនាញ​កសិកម្ម តែងតែ​ចុះ​ណែនាំ​ជាប្រចាំ ដល់​កសិករ​ដែលជា​ក្រុម​អ្នក​ប្រើ​ថ្នាំពុល​លើស​កម្រិត អំពី​តម្រូវការ​ទីផ្សារ​បន្លែ នាពេល​បច្ចុប្បន្ន​។ ពិសេស​ពាក់ព័ន្ធ​នឹង​តម្លៃ​ផលិតកម្ម ប្រាក់ចំណេញ និង​ទំហំ​ទីផ្សារ រវាង​ការដាំ​បន្លែ​សុវត្ថិភាព និង​បន្លែ​គីមី ដើម្បី​កែប្រែ​កសិករ ឱ្យ​កាត់បន្ថយ​ឬ​ឈប់​ប្រើប្រាស់​ថ្នាំពុល​គីមីកសិកម្ម​ទៀត​។ 
 
« កសិករ បើ​យើង​និយាយ​បញ្ហា​សុខភាព​អ្នកដទៃ​ជាមួយ ពួកគាត់​មិន​ខ្វះ​ទេ តែបើ​យើង​និយាយ​ពី​ខាត និង​ចំណេញ​វិញ គឺ​ពួក​នឹង​ងាក​មក​តាម​យើង​ដោយ​ខ្លួនឯង​។ យើង​មិន​ចេះតែ​និយាយ​ទេ ព្រោះ​ទីផ្សារ​បច្ចុប្បន្ន បើ​កសិករ​យើង​នៅតែ​បន្ត​ដាំ​គីមី​ទៀត គឺ​មិនអាច​ប្រកួត​ឈ្នះ​វៀតណាម​នៅឡើយ​...​បន្លែ​វៀតណាម​ថោក​ជាង​...​ហើយ​បន្លែ​គីមី​យើង គឺ​ពឹង​បន្លែ​វៀតណាម​....​។ ក្នុងន័យនេះ ខ្ញុំ​ចង់​និយាយថា បើ​បន្លែ​វៀតណាម មិនសូវ​សំបូរ ទើប​បន្លែ​គីមី​ដាំ​ក្នុងស្រុក អាចមាន​តម្លៃ​ខ្ពស់​បាន​»​។ នេះ​ជា​អ្វីដែល លោក សូ សុផល តែងតែ​និយាយ​ចំពោះមុខ​កសិករ​ទាំងនោះ​។ លោក សូ សុផល បាន​បន្ត​ដូច្នេះ​៖«​ជាទូទៅ​ផ្ទៃដី​បន្លែ​១​ហិកតា កសិករ​ចំណាយ​ប្រាក់​អស់ពី ១​ទៅ​២​លាន​រៀល ប៉ុន្តែ បន្លែ​គីមី​ទាំងនោះ​អាច​លក់​នៅ​ទីផ្សារ​បានត្រឹមតែ​៣០​ទៅ​៤០​ម៉ឺន​រៀល ក្នុង​មួយ​១​តោន​ប៉ុណ្ណោះ​។ ថ្លៃដើម​ផលិត​នេះ បើ​យើង​ធៀប​នឹង ការដាំ​បន្លែ​សុវត្ថិភាព​វិញ កសិករ​អាច​កាត់បន្ថយ​ថ្លៃ​ទិញ​ថ្នាំពុល​គីមី​បាន​ជាង​៥០​ភាគរយ ថែមទាំង​អាច​ទទួលបាន​ប្រាក់ចំណេញ​ទ្វេដង​ទៀត​(​បន្លែ​សុវត្ថិភាព​មួយ​រោង​មានតម្លៃ​ស្មើនឹង​បន្លែ​គីមី​មួយ​រ៉ឺ​ម៉​ង​ទម្ងន់​១​តោន ទៅ​១,៣​តោន​»​។ 
 
​យ៉ាងណាមិញ លោក សូ សុផល សង្ឃឹមថា​ស្រុក​ស្អាង​នឹង​ប្រែក្លាយជា​មាស​បៃតង (​កសិករ​ផលិត​បន្លែ​សុវត្ថិ​ភព និង​សរីរាង្គ នៅខាងមុខ​ឆាប់ៗ តាមរយៈ​ការអនុវត្ត​បាន​យ៉ាង​ជោគជ័យ​ដោយបាន​ប្រែក្លាយ​ប្រជាកសិករ ក្នុង​ឃុំ​ស្វាយ​ប្រទាល (​ជា​បណ្តុំ​ស្តេច​ថ្នាំពុល​គីមី​ខ្លាំង​បំផុត​ក្នុងស្រុក​ស្អាង​) ងាក​មក​ដាំ​បន្លែ​សរីរាង្គ និង​សុវត្ថិភាព និង​សរីរាង្គ​វិញ​។  ក្រៅពី​ឃុំ​ទឹក​វិល ស្រុក​ស្អាង ខេត្តកណ្តាល​នេះ មន្ទីរ​កសិកម្ម​ខេត្តកណ្តាល នៅតែ​បន្តសកម្មភាព ផ្សព្វផ្សាយ និង​ពន្យល់​ដល់​កសិករ​ឱ្យ​ឈប់​ប្រើប្រាស់​ថ្នាំពុល​កសិកម្ម​នៅ​ឃុំ​ខ្សាច់កណ្តាល និង​ឃុំ​គោលដៅ ផ្សេងៗ​ទៀត ផងដែរ​។​


លោក ឈួន ឃឹម កំពុងអង្គុយក្នុងរោងបន្លែស្ពៃក្តោបធម្មជាតិ នៅមុខផ្ទះ។
 
​ជាទូទៅ​ប្រសិនបើ​កសិករ​ចាប់ផ្តើម​ដាំ​បន្លែ​ដោយ​មិន​ប្រើប្រាស់​សារធាតុពុល​ឬ​ថ្នាំ​គីមី​តែម្តង ជា​ជំហាន​ដំបូង​កសិករ​អាច​អះអាងថា បន្លែ​របស់ខ្លួន​ជា​បន្លែ​សុវត្ថិភាព​។ នេះ​បើតាម​លោក ប៉ាត សុវណ្ណ ម​ន្រី្ត​ជំនាញ​កសិកម្ម របស់​អង្គការ​GRET​។ ក្នុងន័យនេះ លោក សុវណ្ណ បាន​បញ្ជាក់ថា ប្រសិនបើ​កសិករ​ឈប់​ប្រើ​ថ្នាំពុល​គីមី  ហើយ​សារ​ធាតុគីមី​ដែល​មាននៅ​សេសសល់​ក្នុង​ដី​នោះ គឺ​មិនអាច​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​គុណភាព​បន្លែ ដែល​ធ្វើឱ្យប៉ះពាល់​ដល់​សុខភាព​ឡើយ ។​
 
​អ្នកជំនាញ​កសិករ​រូបនេះ បាន​និយាយ​ដូច្នេះ​៖ «​ជាធម្មតា ដី​ដែល​យើង​ថ្នាំពុល ឬ​សារ​ធាតុគីមី មាន​មួយចំនួន​ត្រូវ​ដំណាំ​យើង​ស្រូបយក មួយចំនួន​សាយភាយ​ទៅ​បរិយាកាស និង​សល់​សារ​ធាតុគីមី​មួយចំនួន​តូច​ប៉ុណ្ណោះ​នៅក្នុង​ដី ប៉ុន្តែ​វា​អ្វី​ជា​បញ្ហា​នោះ កសិករ​មិនអាច​ឈប់​ប្រើ​ថ្នាំ​គីមី​តែម្នាក់ឯង​បានឡើយ ខណៈដែល​ចម្ការ​បន្លែ​ផ្សេងៗ​នៅ​ជុំវិញ  កំពុង​បាញ់​ឬ​ប្រើប្រាស់​ថ្នាំ​គីមី​សម្លាប់​សត្វល្អិត​...​ចង់​ឬ​មិន​ចង់​ប្រើ​ថ្នាំ​គីមី​...​ដើម្បី​ការពារ​បន្លែ​របស់ខ្លួន​...​កសិករ​ត្រូវ​បង្ខំចិត្ត​ប្រើ​គីមី​ដែរ ព្រោះ​បើ​យើង​មិន​បាញ់​គីមី ហើយ​កសិករ​ដែល​នៅជាប់​យើង​បាញ់​គីមី នោះ​សត្វល្អិត​ចង្រៃ​នឹង​ប្រមូលផ្តុំ​បំផ្លាញ​បន្លែ​ក្នុង​ចម្ការ​យើង​គ្មាន​សល់​ឡើយ​»​។ 
 
​កសិករ​ប្រសិន​ចង់​ប្រែក្លាយ​បន្លែ​គីមី​របស់ខ្លួន​ទៅជា​បន្លែ​សុវត្ថិភាព​នោះ គួរតែ​ចងក្រង​គ្នា​ជា​ក្រុម​អ្នក​ផលិត​បន្លែ​សុវត្ថិភាព ដែលមាន​ទីតាំង​នៅក្បែរៗ​គ្នា ទើប​ងាយស្រួល​ក្នុង​ការដាំដុះ​បន្លែ​សុវត្ថិភាព និង​ចំណាយ​ដើមទុន​តិច​។ ជាការ​លើកទឹកចិត្ត​ដល់​កសិករ របស់ ប៉ាត សុវណ្ណ បានលើកឡើង​ដូច្នេះ​ថា​៖« ដើម្បី​កែប្រែ​បន្លែ​ឱ្យមាន​គុណភាព​-​សុវត្ថិភាព សម្រាប់​អ្នក​ផលិត និង​អ្នក​ទទួលទាន កសិករ​កុំ​ទាន់​គិត​ទៅដល់​ការដាំ​បន្លែ​សរីរាង្គ ដែលមាន​ភាព​ស្មុគ​សាញ ពិបាក​ដាំ​និង​ទាមទារ​លក្ខខណ្ឌ​ច្រើន​ពី​ក្រុមហ៊ុន​ទទួល​បន្លែ​ដែល​កំណត់​ទៅលើ​ស្តង់ដារ​សរីរាង្គ​។ ក្នុង​ជំហាន​កសិករ​ត្រូវ​កំណត់​ការប្រើប្រាស់​ថ្នាំពុល​គីមី​ដែល​បាន​បាញ់​នៅលើ​បន្លែ គឺ​ធានាថា​មិន​ប៉ះពាល់​សុខភាព​អ្នក​បរិភោគ និង​រក​វិធី​ការពារ​បន្លែ​របស់ខ្លួន​កុំឱ្យ​មានការ​រំខាន​ពី​ពពួកសត្វ​ល្អិត​ចង្រៃ ដោយ​ជំនួស​ពី​ការបាញ់​ថ្នាំ​គីមី​កសិករ​អាច​ដើរ​ចាប់​ដង្កូវ ឬ​ធ្វើ​ផ្ទះ​សំណាញ់​ដាំ​បន្លែ សម្រាប់​ការពារ​បន្លែ​កុំឱ្យ​ពពួកសត្វ​ល្អិត​ចង្រៃ​នោះមក​បំផ្លាញ​បន្លែ​យើង​»​។ 
 
​បើតាម​លោក សុវណ្ណ បន្លែ​សុវត្ថិភាព ដ្បិតថា​មិនមាន​តម្លៃ​ខ្ពស់ជាង​បន្លែ​សរីរាង្គ ប៉ុន្តែ​វា​មានតម្លៃ​ខ្ពស់ជាង​បន្លែ​ធម្មតា​(​បន្លែ​គីមី​)​ពី​១០០០​រៀល​ទៅ​២០០០​រៀល ក្នុង​មួយ​គីឡូក្រាម ហើយ​ថែមទាំង​កាត់បន្ថយ​ហានិភ័យ និង​កា​ត់ប​ន្ថុ​យ​ថ្លៃដើម​ផលិត​ផងដែរ​។ ដោយឡែក​ទីផ្សារ​វិញ គឺមាន​ទូលាយ​សម្រាប់​ពពួក​បន្លែ​សុវត្ថិភាព ហើយ​មិន​ពឹងផ្អែក​នៅលើ​បន្លែ​នៅលើ​ទីផ្សារ​ធម្មតា​ឬ​ទីផ្សារ​បន្លែ​វៀតណាម​នាំចូល​ឡើយ​៕ 

Tag:
 បន្លែ​
  ស្ពៃក្តោប​
  គីមី​
© រក្សាសិទ្ធិដោយ thmeythmey.com