រដ្ឋបាល​ស្រុក​បន្ទាយស្រី​យក​សាលា​២​អនុវត្តន៍​គម្រោង​រៀបចំ​សាលា​គំរូ​ប្រចាំ​ប្រទេស​
ជាតិ
រដ្ឋបាល​ស្រុក​បន្ទាយស្រី​យក​សាលា​២​អនុវត្តន៍​គម្រោង​រៀបចំ​សាលា​គំរូ​ប្រចាំ​ប្រទេស​
29, Dec 2019 , 9:29 pm        
រូបភាព
​សៀមរាប​៖ រដ្ឋបាល​ស្រុក​បន្ទាយស្រី បានជ្រើសរើស​យក​សាលា​បឋមសិក្សា​តា​កុះ និង​វិទ្យាល័យ​បន្ទាយស្រី ដើម្បី​រៀបចំ​ឱ្យ​ក្លាយជា​សាលា​គំរូ​ថ្នាក់​តំបន់ និង​ឈានដល់​ថ្នាក់ជាតិ​នាពេល​អនាគត​។  គម្រោង​នេះ​បានប្រកាស​ឱ្យ​អនុវត្តន៍​ចាប់ពី​ចុងឆ្នាំ​២០១៩​នេះ​តទៅ​។​

 
​រដ្ឋបាល​ស្រុក​បន្ទាយស្រី បាន​បង្កើត​គម្រោង​ផ្តួចផ្ដើម​ឱ្យមាន​សាលា​គំរូ​ក្នុង​ថ្នាក់​តំបន់​និង​ថ្នាក់ជាតិ ដោយ​ក្នុងនោះ បានជ្រើសរើស​យក​វិទ្យាល័យ​មួយ​និង​សាលាបឋមសិក្សា​មួយ សម្រាប់​អនុវត្តន៍​គម្រោង​មួយ​នេះ​។ អភិបាលស្រុក​បន្ទាយស្រី លោក ឃឹម ហ្វី​ណង់ បានឱ្យដឹងថា លោក​នឹង​ជំរុញ​គម្រោង​នេះ​ឱ្យ​សម្រេច​គោលដៅ​ដែល​ចង់បាន​។​
 
​ក្នុង​ការងារ​នេះ រដ្ឋបាល​ស្រុក​បន្ទាយស្រី​ដោយមាន​កិច្ចការ​ជាមួយ​ក្រុមហ៊ុន​ឯកជន ជួយឧបត្ថម្ភ​គាំទ្រ​ទាំង​បច្ចេកទេស​និង​ថវិកា ដើម្បី​អភិវឌ្ឍន៍​សាលាបឋមសិក្សា​តា​កុះ ក៏ដូចជា​វិទ្យាល័យ​បន្ទាយស្រី ឱ្យ​ក្លាយជា​សាលា​គំរូ​ថ្នាក់​តំបន់ និង​ថ្នាក់ជាតិ​ប្រចាំ​ប្រទេស​។ លិខិត​ផ្តួចផ្តើម​ដែល​ចុះហត្ថលេខា​ដោយ​លោក ឃឹម ហ្វី​ណង់ និង​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន South East Asia Telecom លោក យ៉ាវ អ៊ី​ជិន នៅ​រសៀល​ថ្ងៃទី​២៥ ធ្នូ នៅ​បរិវេណ​វិទ្យាល័យ​បន្ទាយស្រី មិន​បញ្ជាក់ថា​នឹង​ជួយ​លើ​អភិវឌ្ឍន៍​លើ​ចំណុច​ណា​នៅឡើយ តែ​នៅពេលនោះ គម្រោង​បំពាក់​កង្ហារ ភ្លើង និង​ឯកសណ្ឋាន​សិស្សានុសិស្ស​បានប្រកាស​អនុវត្តន៍​ភ្លាមៗ​។ គម្រោង​រៀបចំ​សាលា​គំរូ​នេះ​មាន​រយៈពេល​៥​ឆ្នាំ​។​
 
​លោក ឃឹម ហ្វី​ណង់ ពន្យល់ថា គម្រោង​នេះ​ទាមទារ​ឱ្យមាន​ការសិក្សា​និង​គាំទ្រ​ពី​ស្ថាប័ន​ពាក់ព័ន្ធ​នានា ដោយ​មិន​សំដៅ​តែ​ក្រុមហ៊ុន​ឯកជន​មួយ​ទេ តែ​ក្នុងនោះ​លោក​ក៏​ចង់ឱ្យមាន​ការជួយជ្រោមជ្រែង​ពី​អង្គការ​ជាតិ​-​អន្ដរជាតិ ក៏ដូចជា​ក្រសួង​អប់រំ យុវជន និង​កីឡា​ផងដែរ ដើម្បី​កៀងគរ​ធនធាន​ក្នុងការ​អភិវឌ្ឍ​ក្នុង​តំបន់​មួយ​នេះ​៕
 








Tag:
 ស្រុក​បន្ទាយស្រី​
  ឃឹម ហ្វី​ណង់​
  សាលា​គំរូ​
© រក្សាសិទ្ធិដោយ thmeythmey.com