មិនបាច់​ចំណាកស្រុក លោក ឡេ​ក គឹម​ហួ រក​ចំណូល​មួយខែ​ជាង​១​ពាន់​ដុល្លារ ពី​របរចិញ្ចឹមគោ​
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
មិនបាច់​ចំណាកស្រុក លោក ឡេ​ក គឹម​ហួ រក​ចំណូល​មួយខែ​ជាង​១​ពាន់​ដុល្លារ ពី​របរចិញ្ចឹមគោ​
30, Dec 2019 , 9:19 am        
រូបភាព
​ភ្នំពេញ​៖ លោក ឡេ​ក គឹម​ហួ អាច​រកចំណូលបាន​ប្រមាណ​១,៥០០​ដុល្លារ ពី​របរចិញ្ចឹមគោ​យក​សាច់​ស្ថិតនៅ​ភូមិ​តា​ម៉ី ឃុំ​សូ​យោង ស្រុក​តាំងគោក ខេត្តកំពង់ធំ​។ ផ្តើមចេញពី​ការចិញ្ចឹម​គោ​ពីរ​ក្បាល នៅក្នុង​ឆ្នាំ​២០១៦ តែ​បច្ចុប្បន្ន​កសិដ្ឋាន​របស់ លោក ឡេ​ក គឹម​ហួ មាន​គោ​ក្នុង​ក្រោល​ជាង​៧០​ក្បាល ហើយ​លក់​ចេញ​ស្ទើរ​រាល់​ខែ​។ លោក​អះអាងថា របរ​នេះ ដ្បិត​មាន​ភាព​នឿយ តែ​វាទ​ទួលបាន​ចំណូល​ច្រើន​គួរសម ដោយ​មិនចាំបាច់​ចំណាកស្រុក​ទៅ​ឆ្ងាយ​នោះទេ​។


 
​ជា​បន្ត​សូម​អញ្ជើញ​ស្តាប់​បទ​យកការណ៍ ដែល​រៀបចំ​ដោយ លោក រ៉ឹ​ម ភា​រី ដូចតទៅ​៖ 



 
​មាន​ដី​មួយ​ហិកតា​កន្លះ លោក ឡេ​ក គឹម​ហួ បានប្រែក្លាយ​ដី​នេះ ឲ្យ​ក្លាយជា​កសិដ្ឋាន​ចិញ្ចឹម​គោ ដែល​អាច​រកចំណូលបាន​ក្រាស់ក្រែល​ដែរ នៅក្នុង​មួយខែៗ​។ ចាប់ផ្តើម​ពី​ការចិញ្ចឹម​គោ​២​ក្បាល​ជា​លើកដំបូង​ក្នុង​ឆ្នាំ​២០១៦ កសិករ​វ័យ​៤៧​ឆ្នាំ​រូបនេះ បាន​បង្កើន​ចំនួន​គោ​ក្នុង​កសិដ្ឋាន​របស់​រហូត​ដល់​ជាង​៧០​ក្បាល​មកទល់​បច្ចុប្បន្ន និង​បាន​លក់​ចេញ​ជា​បន្តបន្ទាប់​។ ក្នុង​មួយខែ លោក​លក់​គោ​ប្រមាណ​ពី​១០ ទៅ​១៥​ក្បាល ដោយ​ទទួលបាន​ចំណូល​ជាធ​ម្យ​ម ប្រមាណ​១,៥០០​ដុល្លារ​សហរដ្ឋអាមេរិក​។ បើតាម​កសិករ ឡេ​ក គឹម​ហួ សត្វ​គោ​ទាំងនេះ ត្រូវបាន​លក់​ឲ្យ​កន្លែង​សត្តឃាត នៅក្នុង​ខេត្តកំពង់ធំ ភ្នំពេញ និង​នាំ​ចេញទៅ​ប្រទេស​វៀតណាម​។ 
 
​មាន​សម្បុរ​ស្រគាំ និង​សក់ស្កូវ​តិចៗ លោក ឡេ​ក គឹម​ហួ បាន​ពន្យល់​ពី​ដំណើរ​ដើមទង​មុននឹង​លោក​ទទួលជោគជ័យ​មក​ដល់​បច្ចុប្បន្ន យ៉ាង​ដូច្នេះ​ថា​៖ «​កាល​មុន ចិញ្ចឹម​ជ្រូក​ទេ​។ ក្រោយមក ខ្ញុំ​ទទួល​បានការ​ណែ​ពី​ការិយាល័យ​ស្រុក ហើយក៏​ចេះ​ដាំ​ស្មៅ​។ បន្ទាប់មក ក៏​ទិញ​គោម​កសាក​២​ក្បាល​។ ដំបូង​គោ​មេ​កូន មិនមែន​គោ​សាច់​ទេ​។ ទាល់តែ​ឆ្នាំ​២០១៧ ទើប​ចិញ្ចឹម​គោ​បំប៉ន ព្រោះ​គោ​មេ កូន​អត់​សូវ​ចំណេញ​ទេ តែ​គោ​បំប៉ន ចំណេញ​ជាង​»​។ 


 
​ការទិញ​គោ​មក​បំប៉ន និង​លក់​ចេញ​វិញ គឺ​ត្រូវ​ការថែទាំ​តែ​៣​ខែ នឹង​បាន​លក់​ចេញ​ស្រួល ប៉ុន្តែ បើ​ចិញ្ចឹម​តាំងពី​ក្នុង​ពោះ​មក វា​ត្រូវ​ពេល​យូរ​។ យ៉ាងណា​កសិដ្ឋាន​របស់​លោក មាន​ទាំង​ទិញ​គោ​មក​បំប៉ន និង​បង្កាត់​ពូជ​គោ​ផងដែរ​។ 
 
​តាមពិតទៅ លោក ឡេ​ក គឹម​ហួ បានទទួល​បច្ចេកទេស​ចិញ្ចឹម​គោ ពូជ​ស្មៅ ពូជ​គោ ពី​ការិយាល័យ​កសិកម្ម​ស្រុក​តាំងគោក​។ បើតាម​កសិករ​រូបនេះ សត្វ​គោ​មាន​ភាពងាយស្រួល​ចិញ្ចឹម ជាង​សត្វ​ផ្សេងទៀត ព្រោះ​វា​មិនសូវ​ឈឺ​ដូចជា ជ្រូក ឬ​មាន់​។ 
 
​កំពុង​ត្រៀម​ឲ្យ​ចំណី​គោ លោក ឡេ​ក គឹម​ហួ បាន​ឆ្លៀត​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ពី​បច្ចេកទេស​ចិញ្ចឹម​គោ​យ៉ាង​ដូច្នេះ​ថា​៖ «​ដើម្បី​ចិញ្ចឹម​គោ​បានល្អ ពេល​ទិញ​មក​ត្រូវ​ទុក​វា​ក្នុង​រោង​ផ្ស៊ាំ​១៥​ថ្ងៃ​។ បន្ទាប់​មកចាក់​ថ្នាំ​វា ដូចជា វី​តា​មី​បេ​ខំ​ប្លិច​។ បាន​មួយអាទិត្យ​ទៀត ចាក់​អាយ​វ៉ា​មិច និង​ចាក់​ថ្នាំ​វាក់​ស៊ាំ​ង​ផ្សេងៗ​។ ចំណែក​ស្មៅ​វិញ គឺ​ខ្ញុំ​ដាំ​ស្មៅ​ប្រភេទ King Grass ព្រោះ​វា​ជា​ស្មៅ​ងាយស្រួល​លូតលាស់ និង​ស្រួល​កាត់​។ ក្រៅពី​ស្មៅ និង​ចំបើង​ផ្អាប់ យើង​ត្រូវ​ផ្សំ​ចំណី ដែលមាន កាក​ដំឡូង កន្ទក់ និង​កាក​ស្រា​»​។ 
 
​អ្នកស្រី គា សុខ​ភា ដែលជា​ភរិយា​លោក ឡេ​ក គឹម​ហួ បាន​បន្ថែមថា​ការចិញ្ចឹម​គោ មិន​ពិបាក​នោះទេ គ្រាន់តែ​ចេះ​ដាំ​ស្មៅ និង​លាយ​ចំណី​ឲ្យ​វា​ស៊ី​ជាការ​ស្រេច​។ ចំណែក​ការដាំ​ស្មៅ​ទៀតសោត ក៏​មិន​លំបាក​ដែរ គឺ​គ្រាន់រ​កដី​ទួល និង​ត្រូវ​ជីក​អណ្តូងទឹក​ស្រោច​វា​ជាប្រចាំ​ប៉ុណ្ណោះ​។ ស្ត្រី​សម្បុរ​សណ្តែកបាយ​វ័យ​៤៦​ឆ្នាំ រូបនេះ បន្ត​រៀបរាប់​ដូច្នេះ​៖«​ស្មៅ​ដាំ​តែម្តង យើង​កាត់​បាន​រហូត​។ ហើយ​យើង​ដាំ​ស្មៅ​បាន​ច្រើន យើង​មិនសូវ​ប្រើ​ចំណី​ទេ​។ ខ្ញុំ​ជីក​អណ្តូង ហើយ​ខ្ញុំ​មាន​ឡ​ជីវឧស្ម័ន ដើម្បី​ដាក់​អាម​ន៍​គោ ហើយ​យើង​បូម​ជី​ពី​ឡ​ធ្វើជា​ជី​ស្រោច​ស្មៅ​វិញ​»​។ 
 
​បើតាម​អ្នកស្រី គា សុខ​ភា របរចិញ្ចឹមគោ ដ្បិត​ជា​របរ​ប្រើ​កម្លាំងបាយ តែ​វា​បានផ្តល់​ចំណូល​ច្រើន និង​បាន​កែប្រែ​ជីវភាព​គ្រួសារ​របស់​អ្នកស្រី​ឲ្យ​ធូរធារ​ជាង​មុន​។ 



​លោក នៅ ភា​វូ ប្រធាន​ផ្នែក​ផលិតកម្ម និង​បសុព្យាបាល​ស្រុក​តាំងគោក បាន​អះអាងថា នៅ​ស្រុក​តាំងគោក មានតែ​កសិដ្ឋាន​របស់លោក ឡេ​ក គឹម​ហួ ដែល​ទទួលបាន​ជោគជ័យ បន្ទាប់ពី​ការិយាល័យ​ស្រុក​បានផ្តល់​នូវ​ពូជ​ស្មៅ និង​បច្ចេកទេស​ដល់​គាត់​។ 
 
​លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​ស្មៅ​ដែល​ផ្តល់​ឲ្យ​គាត់ មានពូជ King Grass ពូជ​រុស្សី ពូជ​ម៉ូ​ល​ឡា​តូ ពូជ​ទី​មួង​...​ពូជ​ទាំងនេះ ភាគច្រើន​យើង​យក​មកពី​អូស្ត្រាលី​។ ហើយ​គោ​ពូជ យើង​បង្កាត់​បែប​សប្ប​និម្មិត​។ យើង​យក​ពូជ​ល្អៗ​ពី​ខាង​ថៃ​មក មានពូជ​ស្រា​ម៉ា​ន់ស ស្រា​ម៉ាន់​ក្រហម និង​ពូជ​ឥណ្ឌូ​ប្រេ​ស៊ី​ល​។ ពូជ​ហ្នឹង វា​សុទ្ធ​ល្អ វា​ធំធាត់​លឿន មាន​រាង​ស្អាត និង​ផ្តល់​សាច់​ច្រើន​»​។ 
 
​បើតាម​អ្នកជំនាញ​រូបនេះ ការចិញ្ចឹម​គោ ពិតជា​សក្តានុពល​ណាស់ សម្រាប់​ជួយ​លើកស្ទួយ​ជីវភាព​ពលរដ្ឋ ដោយ​ពលរដ្ឋ គ្រាន់តែ​តាមដាន​លើ​ការសិក្សា​បច្ចេកទេស ពី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ព្រោះ​បច្ចុប្បន្ន ក្រសួង​បាន​ផលិត​វីដេអូ​បង្រៀន​បច្ចេកទេស​ចិញ្ចឹមសត្វ ដើម្បី​ងាយស្រួល​ដល់​ពលរដ្ឋ ក្នុង​សិក្សា​រៀនសូត្រ​។ ដោយឡែក លោក ឡេ​ក គឹម​ហួ វិញ ក៏​ស្ម័គ្រចិត្ត​បង្រៀន​ពលរដ្ឋ​ដោយ​មិន​គិតថ្លៃ​ដែរ ដើម្បី​រួមចំណែក​ពង្រីក​វិស័យ​ចិញ្ចឹម​គោ​នេះ ក្នុងន័យ​លើកកម្ពស់​ជីវភាព​ពលរដ្ឋ​កម្ពុជា ឲ្យ​បាន​កាន់តែ​ប្រសើរឡើង​៕  









Tag:
 ​ចិញ្ចឹម​គោ
© រក្សាសិទ្ធិដោយ thmeythmey.com