ជាតិ
សិល្បះ
សម្តេច ហ៊ុន សែន ស្រណោះ និង​សោកស្តាយ​ចំពោះ​មរណភាព​តារា​កំប្លែង នាយ​ស្មាញ​
30, Dec 2019 , 9:53 am        
រូបភាព
ដោយ: ថ្មីៗ
​រស់នៅ​ត្រាំត្រែង​ជាមួយ​ជំងឺ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ តែ​តារា​កំប្លែង​នាយ​ស្មាញ  បែរជា​ទទួលមរណភាព​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​អាយុ​៦៨​ឆ្នាំ កាលពី​ល្ងាច​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៩ នៅលើ​ផ្លូវ​៦០​ម៉ែត្រ​កែង​៣០​ម៉ែត្រ ភូមិ​ទួល​រការ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ក៏បាន​សម្តែង​ការសោកស្តាយ​ចំពោះ​មរណភាព​តារា​កំប្លែង​ជើងចាស់​រូបនេះ​ផងដែរ​។​

 
​នាយ​ស្មាញ​ដែលមាន​ឈ្មោះ​ដើម​ថា សួន សុខ​ហ៊ីម ជា​អ្នកស្រុក​បាទី ខេត្តតាកែវ ដោយ​លោក​បាន​ចូលប្រឡូក​ក្នុង​វិស័យ​សិល្បៈ​តាំងពី​អាយុ​ជាង​១០​ឆ្នាំ​។ លោក​ជាតា​រា​កំប្លែង​ម្នាក់​ដែលមាន​វត្តមាន​ញឹកញាប់​ក្នុង​កម្មវិធី​តន្ត្រី​ស្រុកស្រែ​របស់​ទូរទស្សន៍​បាយ័ន​ជាមួយ​ក្រុម​នាយ​ក្រឹម ហើយ​លោក​ក៏​ចូលរួម​សម្តែង​ជាមួយ​ក្រុម​លោក​ព្រហ្ម​ម៉ាញ តា​មឿ​ក ក៏ដូចជា​នាយ​កុយ​ផងដែរ​។​
 
​នា​រយៈពេល​បី​ឆ្នាំ​ចុងក្រោយ លោក​បាន​បាត់បង់​ពី​ពិភព​សិល្បៈ ដោយសារតែ​លោក​មាន​ជំងឺ​នោម​ធ្លាក់ឈាម ដែល​ប្រឈម​នឹង​កើត​មហារីក​។ ក្រុមគ្រួសារ​លោក​ត្រូវ​ចំណាយ​ប្រាក់​ជាច្រើន​សម្រាប់​ការវះកាត់ ហើយក៏​ទទួលបាន​ថវិកា​សប្បុរស​ជា​បន្តបន្ទាប់​ផងដែរ​។​


 
​កាលពី​វេលា​ម៉ោង​៤ និង​៣០ ល្ងាច​ថ្ងៃទី​២៨ ខែធ្នូ តារា​កំប្លែង​រូបនេះ បានទទួល​មរណភាព​ភ្លាមៗ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ក្នុង​ដំណើរ​តាម​ម៉ូតូ​ជាមួយ​ភរិយា​ខ្លួន​ដែល​រងរបួស​ធ្ងន់​។ តាម​ការផ្សាយ​របស់​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ ហេតុការណ៍​បានកើត​ឡើងលើ​ផ្លូវ​៦០​ម៉ែត្រ កែង​៣០​ម៉ែត្រ ភូមិ​ទួល​រការ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​
 
​របាយការណ៍ បាន​ឲ្យ​ដឹងថា រថយន្ត​បង្ក​ម៉ាក​ហ៊ីយ៉ាន់ដាយ  បើកបរ​ដោយ​បុរស​ឈ្មោះ ទិ​ត ទី អាយុ​២៣​ឆ្នាំ រស់នៅ​ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម ក្នុងទិសដៅ​ពី ត្បូង ទៅ ជើង បត់​ស្តាំ ក៏បាន​បុក​ជាមួយ​ម៉ូតូ​របស់លោក សួន សុខ​ហ៊ីម ហៅ នាយ​ស្មាញ ដែល​ស្នាក់នៅ​ក្រុង​តាខ្មៅ ខេត្តកណ្តាល ក្នុងទិសដៅ​ស្របគ្នា​។ 

 
 
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​សម្តែង​ពី​អារម្មណ៍​ស្រណោះ​សោកស្តាយ​ចំពោះ​មរណភាព​របស់​នាយ​​ស្មាញ​ផងដែរ ព្រោះ​សម្តេច និង​ភរិយា ទើបតែ​បាន​ជួយ​ជា​ថវិកា​១​ម៉ឺន​ដុល្លារ​អាមេរិក កាលពី​ប្រមាណ​២​ខែ​កន្លងមក​៕

© រក្សាសិទ្ធិដោយ thmeythmey.com