អន្តរជាតិ
លោក ត្រាំ ចែករំលែក​សារ Twitter រួច​លុបចោល​វិញ ដោយ​បញ្ចេញ​ឈ្មោះ​របស់​អ្នក​លួច​បញ្ចេញ​ព័ត៌មាន​សម្ងាត់​
30, Dec 2019 , 1:39 pm        
រូបភាព
លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​ទៅ​កាន់​សារព័ត៌មាន​នៅ​ក្នុង​សេតវិមាន កាលពី​ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩។
លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​ទៅ​កាន់​សារព័ត៌មាន​នៅ​ក្នុង​សេតវិមាន កាលពី​ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩។
ដោយ: VOA
​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូ​ណា​ល់ ត្រាំ បាន​ចែករំលែក​សារ Twitter មួយ​បន្ដ​ពី​គេ រួចហើយ​ក៏បាន​លុបចោល​វិញ ដែល​សារ​នោះ​បង្ហាញ​ពី​ឈ្មោះ​អ្នក​លួច​បញ្ចេញ​ព័ត៌មាន​សម្ងាត់ ដែល​បាន​ប្ដឹង​លោក ត្រាំ រហូត​ធ្វើ​ឲ្យ​រដ្ឋសភា​អាមេរិក​សម្រេច​ចោទប្រកាន់​ដើម្បី​ទម្លាក់​លោក​ពី​តំណែង​។​

 
​នៅមុន​ពាក់កណ្ដាល​អាធា​ត្រ​ថ្ងៃ​សុក្រ លោក ត្រាំ បាន​ចែករំលែក​សារ​មួយ​បន្ដ​ពី​គណនី Twitter មួយ​ឈ្មោះថា Surfermom77 ដែល​គណនី​នោះបាន​អះអាងថា ជា​របស់​ស្ត្រី​ម្នាក់​ឈ្មោះ Sophia រស់នៅក្នុង​រដ្ឋ California​។ គណនី​មួយ​នោះបាន​បង្ហាញ​ពី​សកម្មភាព​មួយចំនួន​និង​រូបភាព​ពី​អ៊ីនធឺណិត​។​
 
​ប៉ុន្តែ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ សារ​នោះ​ក៏ត្រូវ​បាន​លុបចោល​វិញ​ពី​គណនី​របស់លោក ត្រាំ បើទោះជា​សារ​នោះ​នៅ​អាច​រកឃើញ​តាម​មធ្យោបាយ​ផ្សេងទៀត ដូចជា​តាមរយៈ​គេហទំព័រ​មួយ ដែល​ផ្ដិត​យក​រូបភាព​ទាំងអស់​នៃ​សារ tweet របស់លោក​ប្រធានាធិបតី​។​
 
​ខណៈដែល​លោក ត្រាំ បាន​គាំទ្រ​ម្ដង​ហើយ​ម្ដងទៀត​លើ​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​បញ្ចេញ​មុខ​អ្នក​លួច​បញ្ចេញ​ព័ត៌មាន​សម្ងាត់ សារ​ចែករំលែក​របស់លោក ត្រាំ លើ Twitter បានបង្ហាញ​ជា​លើកដំបូង​នូវ​ឈ្មោះ​របស់​អ្នក​លួច​បញ្ចេញ​ព័ត៌មាន​សម្ងាត់​ម្នាក់​នោះ​ដល់​អ្នកតាមដាន​ព័ត៌មាន​របស់លោក​លើ Twitter ទាំង​៦៨​លាន​នាក់​។ 
 
​ការបញ្ចេញ​អត្តសញ្ញាណ​របស់​អ្នក​លួច​បញ្ចេញ​ព័ត៌មាន​សម្ងាត់ ដែល​ធ្វើការ​នៅក្នុង​ផ្នែក​ស៊ើបការណ៍​សម្ងាត់ អាច​បំពាន​នឹង​ច្បាប់​ការពារ​របស់​សហព័ន្ធ ដែល​គណបក្សនយោបាយ​ទាំងពីរ​គាំទ្រ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com