អន្តរជាតិ
លោក Pompeo ចោទ​អ៊ីរ៉ង់​ថា​ប្រើ​អំពើហិង្សា​និង​ការ​រឹតត្បិត​ដើម្បី​គាបសង្កត់​មិន​ឲ្យ​ពលរដ្ឋ​រំឭក​វិញ្ញាណក្ខន្ធ​បាតុករ​
30, Dec 2019 , 7:59 pm        
រូបភាព
 លោក​រដ្ឋមន្ត្រី​ការបរទេស Mike Pompeo ថ្លែង​សុន្ទរកថា​ស្តីពី​ប្រទេស​អ៊ីរ៉ាក់ និង​ស៊ីរី កាលពី​ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩។
លោក​រដ្ឋមន្ត្រី​ការបរទេស Mike Pompeo ថ្លែង​សុន្ទរកថា​ស្តីពី​ប្រទេស​អ៊ីរ៉ាក់ និង​ស៊ីរី កាលពី​ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩។
ដោយ: VOA
​រដ្ឋមន្ត្រី​ក្រសួងការបរទេស​សហរដ្ឋអាមេរិក លោក Mike Pompeo បាន​ទិតៀន​ប្រទេស​អ៊ីរ៉ង់​ចំពោះ​ការប្រើ​អំពើហិង្សា​និង​ការ​កាត់ផ្ដាច់​អ៊ីនធឺណិត ដើម្បី​ទប់ស្កាត់​មិន​ឲ្យ​ប្រជាជន​រំឭក​វិញ្ញាណក្ខន្ធ​ដល់​អ្នក​ដែល​ត្រូវបាន​សម្លាប់​នៅក្នុង​ការបង្ក្រាប​លើ​ការតវ៉ា​មួយ​កាលពី​ខែវិច្ឆិកា​កន្លងទៅនេះ​។ ការតវ៉ា​នោះ​គឺជា​ការ​ប្រឆាំងនឹង​រដ្ឋា​ភិ​បាល​អ៊ីរ៉ង់​ចំពោះ​ការដំឡើងថ្លៃ​ប្រេង​យ៉ាងខ្ពស់​។​

 
​លោក Pompeo បាន​សរសេរ​សារ​នៅលើ Twitter​កាលពី​ថ្ងៃ​សុក្រ ដោយ​ចោទប្រកាន់​ចំៗ​ទៅ លើ​មេដឹកនាំ​កំពូល​របស់​អ៊ីរ៉ង់ លោក Ayatollah Ali Khamenei ថា «​ប្រជាជន​អ៊ីរ៉ង់​មាន​សិទ្ធិ​កាន់ទុក្ខ​ចំពោះ​ជនរងគ្រោះ​ទាំង​១៥០០​នាក់​ដែល​ត្រូវបាន​សម្លាប់​ដោយ​រដ្ឋាភិបាល​របស់លោក Khamenei ក្នុងអំឡុងពេល​នៃ​ការតវ៉ា​នៅក្នុង​ប្រទេស​អ៊ី​រ៉​ង‍់​»​។​
 
​លោក Khamenei គឺជា​មេដឹកនាំ​កំពូល​របស់​អ៊ីរ៉ង់ ដែលមាន​សិទ្ធិ​សម្រេច​ចុងក្រោយ​លើ​បញ្ហា​សាសនា​និង​នយោបាយ​នៅក្នុង​សាធារណរដ្ឋ​ឥស្លាម​មួយ​នេះ​។​
 
​ទីភ្នាក់ងារ​ព័ត៌មាន​Ilna ដែលជា​ទីភ្នាក់ងារ​ព័ត៌មាន​ពាក់កណ្ដាល​ផ្លូវការ​រប​ស់​អ៊ីរ៉ង់ បាន​ឲ្យ​ដឹងថា មានការ​កាត់ផ្ដាច់​អ៊ីនធឺណិត​នៅក្នុង​ខេត្ត​មួយចំនួន​ក្នុងប្រទេស​អ៊ីរ៉ង់ កាលពី​ថ្ងៃ​ពុធ​ទី​២៥​កន្លងទៅនេះ នៅមុន​ពេល​នៃ​ការ​ប្រារព្ធ​ពិធី​រំឭក​វិញ្ញាណក្ខន្ធ​ដែល​គ្រោង​នឹងធ្វើ​ឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៦​។​
 
​មានការ​រាយការណ៍​ថា មនុស្ស​មួយចំនួន​ត្រូវបាន​ចាប់ឃុំខ្លួន​នៅឯ​កន្លែង​បញ្ចុះសព​មួយកន្លែង​ក្នុង​ទីក្រុង Karaj ក្នុង​ពិធី​រំឭក​វិញ្ញាណក្ខន្ធ​គម្រប់​៤០​ថ្ងៃ ក្រោយពី​បាតុករ​ម្នាក់​បាន​ស្លាប់​។​
 
​លោក Pompeo បាន​សរសេរ​សារ​នៅលើ Twitter​កាលពី​ថ្ងៃ​សុក្រ​ទៀតថា «​របប​នេះ​ភ័យខ្លាច​ប្រជាជន​ខ្លួនឯង ហើយ​ជាថ្មី​ម្ដងទៀត​បាន​ប្រើ​អំពើហិង្សា​និង​កាត់ផ្ដាច់​អ៊ី​ន​ធឺ​ណិ​ត‍​»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com