អន្តរជាតិ
លោក គីម ជុង​អ៊ុន ប្រាប់​មន្ត្រី​ពី​ភាពចាំបាច់​ក្នុងការ​ចាត់វិធានការ​ការពារ​អធិបតេយ្យ​ជាតិ​
30, Dec 2019 , 10:40 am        
រូបភាព
មេដឹកនាំកូរ៉េខាងជើង គីម​ ជុងអ៊ុន ថ្លែងក្នុងកិច្ចប្រជុំគណៈមជ្ឈិមបក្សពលករកូរ៉េ។ រូបភាព KCNA
មេដឹកនាំកូរ៉េខាងជើង គីម​ ជុងអ៊ុន ថ្លែងក្នុងកិច្ចប្រជុំគណៈមជ្ឈិមបក្សពលករកូរ៉េ។ រូបភាព KCNA
​ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន នៅ​ថ្ងៃទី ២៩ ខែធ្នូ បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈ​មជ្ឈិមបក្ស​ពលករ​ដែលជា​បក្ស​កាន់អំណាច​របស់​កូរ៉េខាងជើង​។ កិច្ចប្រជុំ​នេះ បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​យ៉ាងខ្លាំង ព្រោះ​រំពឹងថា នឹងមាន​ការប្រកាស​គោលនយោបាយ​ថ្មី​មិន​ខាន ពិសេស​ការចរចា​រំសាយ​នុយក្លេអ៊ែរ​ជាមួយ​អាមេរិក​។ លោក គីម ប្រាប់​សមាជិក​បក្ស​ឲ្យ​ពង្រឹងសមត្ថភាព​ដើម្បី​ការពារ​អធិបតេយ្យ​ប្រទេស​ក្នុង​បរិបទ​ចរន្ត​នយោបាយ​ពិភពលោក​សព្វថ្ងៃ​។​

 
​នៅ​កូរ៉េខាងជើង កិច្ចប្រជុំ​គណៈ​មជ្ឈិមបក្ស​ពលករ​បាន​ឈានដល់​ថ្ងៃទី​ពីរ​នៅ​ថ្ងៃទី​២៩ ខែធ្នូ ស្របពេល​ពិភពលោក​កំពុង​សម្លឹង​កិច្ចប្រជុំ​នេះ​មិន​ដាក់​ភ្នែក​។ មេដឹកនាំ​កំពូល​កូរ៉េខាងជើង គីម ជុង​អ៊ុន បាន​បើក​កិច្ចប្រជុំ​លើក​ទី​៧ នៅ​ថ្ងៃទី​២៨ ខែធ្នូ​កន្លងទៅ ហើយ​បន្ត​ដឹកនាំ​ការប្រជុំ​នៅ​ថ្ងៃទី​ពីរ​ទៀត​។ លោក គីម បានលើកឡើង​ពី​ភាពចាំបាច់​ក្នុងការ​ចាត់វិធានការ​ដើម្បី​ធានា​អធិបតេយ្យ​របស់​កូរ៉េខាងជើង​ក្នុងស្ថានភាព​ដូច​បច្ចុប្បន្ន​។​
 
​តាមពិតទៅ អ្វីដែល​គេ​រង់ចាំ​បំផុត​នោះ គឺ​ការប្រកាស​ពី​គោលនយោបាយ​ទាក់ទង​ការចរចា​ជាមួយ​អាមេរិក​ដើម្បី​រំសាយ​នុយក្លេអ៊ែរ ខណៈ​ការចរចា​ទាំង​កម្រិត​កំពូល និង​ជំនួប​មន្ត្រី​ក្រុមការងារ​មិនទាន់បាន​ផល​អ្វី​ទេ​។ សភាពការណ៍​ចុងក្រោយ កូរ៉េខាងជើង ហាក់​ដើរ​ទៅរក​ស្ថានភាព​មុន​ឆ្នាំ​២០១៨​វិញ ដោយ​កំណត់​ឱសានវាទ​ឲ្យ​អាមេរិក​ត្រឹម​ដំណាច់ឆ្នាំ​២០១៩ នេះ​ដើម្បី​ដាក់​លក្ខខណ្ឌ​ចរចា​ថ្មី​ដែល​អាច​ទទួលយកបាន បើ​ពុំ​នោះទេ​ខ្លួន​នឹង​រើស​ផ្លូវ​ថ្មី​។​
 
​ផ្លូវ​ដើរ​ថ្មី អាច​នឹងត្រូវ​បានប្រកាស​ក្រោយ​កិច្ចប្រជុំ​គណៈ​មជ្ឈិមបក្ស​នេះ ត្រូវបាន​បញ្ចប់​។ នៅ​កិច្ចប្រជុំ​ថ្ងៃទី​២៩ ខែធ្នូ លោក គីម ដែលជា​អ្នក​សន្យា​មិន​សាកល្បង​នុយក្លេអ៊ែរ ឬ​បាញ់​មី​ស៊ី​ល​ចម្ងាយ​ឆ្ងាយ​ជាង​មួយឆ្នាំ​មកនេះ បានបញ្ជាក់​ពី «​ភាពចាំបាច់​ក្នុងការ​ចាត់វិធានការ​វិជ្ជមាន និង​ការប្រយុទ្ធ​ដើម្បី​ការពារ​អធិបតេយ្យ និង​សន្តិសុខ​ជាតិ​តាម​តម្រូវ​សព្វថ្ងៃ​»​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA ។ 
 
​កិច្ចប្រជុំ​បក្ស​កាន់អំណាច​កូរ៉េខាងជើង ធ្វើឡើង​បន្ទាប់ពី​ក្រុង​ព្យុងយ៉ាង​អាក់ខាន​ផ្ដល់​អំណោយ​ថ្ងៃបុណ្យ​គ្រិស្ត​ម៉ាស​ឲ្យ​ក្រុង​វ៉ាស៊ីនតោន​។ គេ​រំ​ពឺ​ង​ថា កូរ៉េខាងជើង​អាច​សាកល្បង​មី​ស៊ី​ល​នៅថ្ងៃនោះ ប៉ុន្តែ​ក៏​ស្ងាត់​ទៅវិញ​។ នៅសល់​មួយថ្ងៃ​ទៀត​ប៉ុណ្ណោះ​ផុត​ឆ្នាំ​២០១៩ លោក គីម ទំនងជា​ឆ្លៀតពេល​ផ្ញើ​សា​រប​អបអរ​ឆ្នាំ​ថ្មី​ដើម្បី​បញ្ចេញ​គោលនយោបាយ​ថ្មី​នៅពេល​នោះដែរ​។ ២០២០ អាចជា​ឆ្នាំ​ក្ដៅ​ដូច​ស្ថានការណ៍​មុន​ឆ្នាំ​២០១៨ ។​
 
​ការបាញ់​មី​ស៊ី​ល​ចម្ងាយ​ឆ្ងាយ​ណាមួយ​នោះ នឹង​ក្លាយជា​រឿង​អវិជ្ជមាន​សម្រាប់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដែល​ចាត់ទុក​គោលនយោបាយ​ការបរទេស​លើ​កូរ៉េខាងជើង ជា​ជោគជ័យ​ដ៏​ធំ​បំផុត​មួយ​ក្នុងការ​ដឹកនាំ​របស់លោក​។ ការជួប​ទល់មុខ​មេដឹកនាំ​កូរ៉េខាងជើង​ដល់​ទៅ​បី​ដង ជា​រឿង​ដែល​គ្មាន​ប្រធានាធិបតី​អាមេរិក​ណាមួយ​អាចធ្វើ​បាន​ដូច​លោក ត្រាំ ឡើយ ប៉ុន្តែ​វា​ក៏​មិនអាច​បញ្ជាក់ថា បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង អាច​ដោះស្រាយ​បានដែរ​៕ 

Tag:
 កូរ៉េខាងជើង​
  គីម ជុង​អ៊ុន​
  អាមេរិក​
© រក្សាសិទ្ធិដោយ thmeythmey.com