កីឡាអន្តរជាតិ
អន្តរជាតិ
EPL៖ Arsenal បន្តប​រា​ជ័យ​ ខណៈ Liverpool និង​ក្រុម​ខ្លាំង​ផ្សេងទៀត​សុទ្ធតែ​ឈ្នះ​
30, Dec 2019 , 2:09 pm        
រូបភាព
Arsenal បន្ត​រង​បរាជ័យ​ក្នុង​ដី​ខ្លួនឯង តាមរយៈ​ការ​វាយបក​យកឈ្នះ​របស់​ក្រុម​ភ្ញៀវ Chelsea ក្នុង​លទ្ធផល ២-១ នា​ជំនួប​ក្របខណ្ឌ Premier League នៅ​យប់​ថ្ងៃទី​២៩ ខែធ្នូ​។ Manchester United, Manchester City, Leicester City និង Livepool សុទ្ធតែ​រកបាន​៣​ពិន្ទុ​រៀងខ្លួន​។​


 
​បន្ទាប់ពី​លោក Mikel Arteta ឡើងជា​អ្នកចាត់ការ​ទូទៅ ក្រុម​រហ្សនាម​កាំភ្លើង​ធំ នៅ​មិនទាន់​ស្គាល់​រស​ជាត់​ជ័យជម្នះ​នៅឡើយ​ទេ​ក្នុង​ការដឹកនាំ​ពីរ​ប្រកួត​។ ប្រកួត​ដំបូង​កាំភ្លើង​ធំ​បាន​ត្រឹម​ស្មើ ១-១ ជាមួយ AFC Bournemouth ហើយ​ជំនួប​ទី​ពីរ​ចាញ់ Chelsea ២-១​។ 
 
​ក្នុងជំនួប​សប្តាហ៍​ទី​២០ នៅ​កីឡដ្ឋាន Emirates ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang បានតែ​ត​មួយ​ក្បាល​ដើម្បី​សម្រេច​ទី​ឲ្យ Arsenal នាំមុខ​តោ​ខៀវ​មួយ​គ្រាប់​មុន​នៅ​នាទី​១៣ ហើយ​លទ្ធផល​នេះ​នៅ​រក្សា​ដល់​ចប់​វគ្គ​ទី​១​។ 
 
​ចូលដល់​វគ្គ​ទី​ពីរ ការប្រកួត​ដំណើរការ​រយៈពេល​៣៨​នាទី​ដោយ​គ្រាប់​បាល់ ពោលគឺ​រហូតដល់​នាទី​៨៣​ទើប ខ្សែបម្រើ Jorginho អាច​រកបាន​គ្រាប់​តាម​ស្មើ​ឲ្យ​ក្រុម​លោក Frank Lampard វិញ​មុនពេល​ខ្សែប្រយុទ្ធ Tammy Abraham បន្ថែម​គ្រាប់​ជ័យជម្នះ​នៅ​៤​នាទី​បន្ទាប់ ដែល​ធ្វើ​ឲ្យ Chelsea យកឈ្នះ Arsenal ក្នុង​លទ្ធ​ល ២-១​។​
 
​បរាជ័យ​នេះ បានធ្វើ​ឲ្យ Arsenal មាន​គម្លាត​ឆ្ងាយ​ដើម្បី​ប្រជែង​យក​តំបន់ Top4 សម្រាប់​កៅអី Champions Leageu រដូវ​កាល​ក្រោយ​។ ក្រុម​មាន​មូលដ្ឋាន​ក្នុង​ក្រុង​ឡុង​ដ៍​នេះ ឈរ​ចំណាត់ថ្នាក់​ទី​១២​ក្នុង​តារាង​លី​គ​កំពូល​អង់គ្លេស​បណ្តោះអាសន្ន មាន​២៤​ពិន្ទុ​ពី​ការប្រកួត​២០​លើក ខណៈ Chelsea នៅ​រក្សា​លេខ​រៀង​ទី​៤ ដោយមាន​៣៥​ពិន្ទុ​។​
 
​បិសាច​ក្រហម Man Utd នៅតែ​បន្ត​ឱកាស​ប្រជែង Top4 ក្រោយ​ពួកគេ​រកបាន​៣​ពិន្ទុ​បន្ថែម​ពី​ការយក​ឈ្នះ Burnley ២-០​។ ខ្សែប្រយុទ្ធ Anthony Martial និង Marcus Rashford រកបាន​ម្នាក់​មួយគ្រា​ប់ ដើម្បី​ជួយ​ក្រុម​លោក Ole Gunnar Solskjaer នៅ​រក្សា​ចំណាត់ថ្នាក់​ទី​៥ ដោយ​រកបាន​៣១​ពិន្ទុ ពោលគឺ​តាម​ពីក្រោយ Chelsea ចំនួន​៤​ពិន្ទុ​។ 
 
Leicester អាច​រកបាន​ជ័យជម្នះ​ត្រឡប់មកវិញ​ដោយ​យកឈ្នះ West Ham ២-១ បន្ទាប់ពី​ពួកគេ​ចាញ់ Liverpool ដល់​ទៅ ៤-០ កាលពី​ជំនួប​មុន​។ ៣​ពិន្ទុ​បន្ថែម​នេះ បាន​ជួយ​ក្រុម​ដែល​ដឹកនាំ​ដោយ​អ្នកចាត់ការ​លោក Brendan Rodgers នៅ​រក្សា​ចំណាត់ថ្នាក់​ទី​២ ដោយ​រកបាន​៤២​ពិន្ទុ នាំមុខ Man City ដែល​នៅ​លេខ​៣ ចំនួន​១​ពិន្ទុ​។ ក្រុម​លោក Pep Guardiola បានទទួល​ជ័យជម្នះ​លើ​ក្រុម Sheffield United ក្នុង​លទ្ធផល ២-០ ក្នុងនោះ Sergio Aguero និង Kevin De Bruyne រកបាន​ម្នាក់​មួយគ្រា​ប់​។​
 
​ដោយឡែក ក្រុម​មិនទាន់​ស្គាល់​ចាញ់ Liverpool នៅតែ​បង្ហាញ​ភាពខ្លាំង​ក្លា​របស់​ពួកគេ ដោយ​បន្ត​ជ័យជម្នះ​ថែមទៀត​នា​ជំនួប​លើក​ទី​២០​ក្នុង​លី​គ ក្រោយ​ឈ្នះ Wolves ១-០​។ ខ្សែបម្រើ​ឆ្នើម Sadio Mane ជា​អ្នកសម្រេច​ទី​ជូន​ក្រុម​លោក Jurken Klopp ដើម្បី​កើន​៣​ពិន្ទុ​បន្ថែម និង​មាន​ពិន្ទុ​នាំ​មុខដាច់​រហូតដល់​១៣​ពិន្ទុ ហើយ​មាន​១​ប្រកួត​ក្នុង​ដៃ​ថែមទៀត​។ ហង្ស​ក្រហម រកបាន​៥៥​ពិន្ទុ និង​មាន​ភាគរយ​ខ្ពស់​ក្នុងការ​គ្រង​ជើង​ឯ Premier League នៅ​រដូវ​កាល ២០១៩-២០​នេះ​៕



Tag:
 Premier League
© រក្សាសិទ្ធិដោយ thmeythmey.com