អត្ថបទពាណិជ្ជកម្ម
លោកស្រី​មិថុនា ភូ​ថង​៖​ខេត្តកោះកុង​ត្រៀមខ្លួន​ជាស្រេច ទទួលភ្ញៀវ​ទេស​ចរម​ក​កម្សាន្ត​តាម​រមណីយដ្ឋាន​នានា និង​ទទួលយក​ភាព​រីករាយ​ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​ឆ្លង​ឆ្នាំ​
30, Dec 2019 , 2:25 pm        
រូបភាព
ដោយ: ថ្មីៗ
​កោះកុង​៖ លោកស្រី មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង បានប្រកាស​ទទួល​ស្វាគមន៍​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ ដែលមាន​គម្រោង​ទៅ​ទស្សនកិច្ច​តំបន់​ទេសចរណ៍​នានា ក្នុងអំឡុងពេល​ឆ្លង​ឆ្នាំ​ខាងមុខ​។ លោកស្រី អះអាងថា ខេត្តកោះកុង បាន​ត្រៀមខ្លួន​រួចរាល់​ក្នុងការ​ស្វាគមណ៍​ទេសចរ ឲ្យ​មក​ទស្សនា​កម្សាន្ត​តំបន់​ទេសចរណ៍ធម្មជាតិ​ល្បីៗ ជាច្រើន​កន្លែង ក្នុង​ខេត្តកោះកុង​។ រមណីយដ្ឋាន​ទាំងនោះ រួមមាន​រមណីយដ្ឋាន​ព្រៃកោងកាង បាង​កា​យ៉ាក ឃុំ​ពាម​ក្រសោប ទឹកជ្រោះ​តា​តៃ ទឹកជ្រោះ​តា​ប៉ន តារា​សាគរ   ស្រុក​គី​រី​សាគរ និង​តំបន់​ច្រកទ្វារ​អន្តរជាតិ​កម្ពុជា​ថៃ ចាំ​យាម​ជាដើម​។
 
​បើតាម​លោកស្រី អភិបាលខេត្ត ចំនួន​បន្ទប់​ស្នាក់នៅ​សម្រាប់​ភ្ញៀវទេសចរ ក្នុង​ខេត្តកោះកុង មាន​រហូតដល់ ១,៥១៣ បន្ទប់​ឯណោះ ដូច្នេះ​ការ​ស្នាក់នៅ​មិនមាន​អ្វី​ជា​កង្វល់​សោះឡើយ​។ ចំណែក​តម្លៃ​វិញ លោកស្រី ក៏បាន​ស្នើ​ដល់​ម្ចាស់​សណ្ឋាគារ និង​រមណីយដ្ឋាន​នីមួយៗ ឲ្យ​រក្សា​តម្លៃ​នៅ​ដដែល ដោយ​មិន​ឲ្យ​ដំឡើងថ្លៃ​សេវា ឬ​ម្ហូបអាហារ​នោះឡើយ​។​
 
​ទាក់ទង​នឹង​ការថែរក្សា​សុវត្ថិភាព​នៅតាម​រមណី​យ​ដ្ឋា​ន​នានា​ក្នុង​ខេត្តកោះកុង​វិញ លោកស្រី មិថុនា បានជា​មួយ​ស្នងការ​នគរបាល​ខេត្ត បានរៀបចំ​ឲ្យ​មានការ​យាមកាម ប្រចាំការ​នៅតាម​តំបន់​នីមួយៗ យ៉ាង​ម៉ត់ចត់​ជាទីបំផុត​។ 


 
​ក្រៅពី​មាន​រមណីយដ្ឋាន​ធម្មជាតិ​ស្អាតៗ​ទាំងនេះ ក្រុមការងារ​សាលាខេត្ត ក៏បាន​សហការ​ជាមួយ​ក្រុមហ៊ុនផលិតស្រាបៀ​កម្ពុជា ដើម្បី​រៀបចំ​កម្មវិធី​ប្រគំ​តន្ត្រី​ឆ្លង​ឆ្នាំ ដោយមាន​ការចូលរួម​សម្តែង​ដោយ​តារាចម្រៀង​ល្បីៗ ដូចជា លោក ហ្សូ​ណូ​, កញ្ញា យូ​រី និង ឌី​ជេ​ល្បី​មកពី​ប្រទេស​ថៃ គឺ​កញ្ញា JINNICHA​។ ការប្រគំ​តន្ត្រី​ឆ្លង​ឆ្នាំ មាន​រយៈពេល ២​ថ្ងៃ ៣០-៣១ ធ្នូ ឆ្នាំ ២០១៩ ចាប់ពី​ម៉ោង ៦​ល្ងាច​តទៅ នៅ​មាត់សមុទ្រ ទល់មុខ​សាលាខេត្ត​កោះកុង សម្រាប់​ជាការ​កម្សាន្ត​សប្បាយរីករាយ ជូន​ដល់​ប្រជាពលរដ្ឋ ក្នុង​ទី​រួម​ខេត្ត និង​ជាការ​អបអរសាទ​ឆ្នាំ​ចាស់ ឆ្លង​ចូលឆ្នាំថ្មី សម្រាប់​ពលរដ្ឋ​ខេត្តកោះកុង​ទាំងមូល និង​សមិទ្ធផល ដែល​ក្រុមការងារ​ខេត្ត​សម្រេចបាន​ពេញ​មួយឆ្នាំ​កន្លងទៅ​។  
 
​ជា​ចុងក្រោយ លោកស្រី​អភិបាលខេត្ត ក៏​សូម​គោរព​ជូនពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា សូម​ទទួលបាន​សិរី​សួស្តី ក្នុង​ឆ្នាំ​ថ្មី ឆ្នាំ​សកល ទទួលបាន​សេចក្តីសុខ​គ្រប់ៗ​គ្រួសារ និង​ចូលរួម​ទទួល​អំណរ​ឆ្នាំ​ថ្មី​២០២០ ទាំងអស់គ្នា ៕










 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com