ជាតិ
​ចម្ការ​ដំណាក់ រមណីយដ្ឋាន​បែប​ធម្មជាតិ​ដ៏​មនោរម​នៅក្បែរ​ជើងភ្នំ​វ​ល្លិ៍
30, Dec 2019 , 3:05 pm        
រូបភាព
ដោយ: ថ្មីៗ
​ស្ថិតនៅ​ចម្ងាយ​ប្រមាណ​១០​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​កែប កសិដ្ឋាន​សរីរាង្គ​ចម្ការ​ដំណាក់ (Chamkar Damnak Organic Farm) ជាទី​តាំង​បង្អួត​សម្រស់​ធម្មជាតិ​ដ៏​អស្ចារ្យ​នៅក្បែរ​ជើងភ្នំ​វ​ល្លិ៍ ក្នុងភូមិ​សាស្ត្រ​ស្រុក​ដំណាក់​ចង្អើរ​។ ក្រៅពី​ដំណាំ​ម្រេច ក្រូច​វ​ល្លិ៍ (Passion Fruit) និង​ដំណាំ​ហូប​ផ្លែ​ផ្សេងៗ ចម្ការ​ដំណាក់​ជា​ផ្ទះ​ស្នាក់នៅ​បែប​ធម្មជាតិ​ដែលមាន​៦​បន្ទប់​។

 
«​ក្រុមការងារ​​របស់យើង​ចូលចិត្ត​ទីតាំង​បែប​ធម្មជាតិ ហើយ​អាច​កម្សាន្ត​សប្បាយ​ដោយ​មិនមាន​ការរំខាន​ដល់​អ្នកដទៃ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក អ៊ឹង ចំរើន និពន្ធ​នាយក​សារព័ត៌មាន ThmeyThmey ដែល​សម្រេច​ជ្រើស​រើសយក​ចម្ការ​ដំណាក់​ជាទី​តាំង​នៃ​ដំណើរ​កម្សាន្ត​ចុងឆ្នាំ​ជា​លើក​ទី​២ កាលពី​ថ្ងៃទី​២៨ និង​ទី​២៩ ខែធ្នូ កន្លងមក​។​
 
​កសិដ្ឋាន​សរីរាង្គ​ចម្ការ​ដំណាក់ ស្ថិត​ក្បែរ​ជើងភ្នំ​វ​ល្លិ៍​ដាច់​តែឯង ដោយមាន​ចម្ងាយ​ប្រមាណ​ពី​២​គីឡូម៉ែត្រ​ពី​ទីប្រជុំជន​នៃ​ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប​។ ដូច​កាលពី​ឆ្នាំមុន​ផងដែរ បុគ្គលិក​កសិដ្ឋាន បាន​បើក​ត្រាក់ទ័រ​មក​ដឹក​ឥ​វ៉ាន់ ហើយ​សហការី​មួយចំនួន​សាកល្បង​រសជាតិ​ជិះ​ត្រាក់ទ័រ​ឡើង​ចុះ​ភ្នំ ទៅតាម​គន្លង​ដែលមាន​ស្រាប់ តែ​សហការី​ភាគច្រើន​ធ្វើដំណើរ​ទៅកាន់​ទីតាំង​ធម្មជាតិ​នេះ ដោយ​ថ្មើរជើង​ប្រមាណ​១​គីឡូម៉ែត្រ ដោយសារតែ​រថយន្ត​ប៊ឺ​ស​៣៥​កៅអី មិនអាច​ចូលទៅ​ដល់​។​
 
​ទោះបីជា​យ៉ាងណាក៏ដោយ ស្ថានភាព​ផ្លូវ​ខ្វាត់ខ្វែង​ក្នុងព្រៃ មិន​ចោទ​ជា​បញ្ហា​សម្រាប់​រថយន្ត V-Class នៃ​ត្រកូល Mercedes-Benz ឡើយ​។ រថយន្ត​ដែល​បញ្ជា​ដោយ​លោក គី សុខ​លីម ស្ថាបនិក​សារព័ត៌មាន ThmeyThmey បាន​ចូល​ទៅដល់​កសិដ្ឋាន​ចម្ការ​ដំណាក់​ដោយ​រលូន​។​
 
​ទៅដល់​ទីតាំង​នា​វេលា​ម៉ោងជាង​៣​រសៀល សហការី​សារព័ត៌មាន​ថ្មីៗ​ដែលមាន​ជាង​៣០​នាក់ ចាត់ចែង​ការងារ​គ្នា​ទៅតាម​ជំនាញ​រៀងៗ​ខ្លួន ដោយមាន​ក្រុម​រៀបចំ​ចាត់ចែង​ធ្វើ​ម្ហូបអាហារ រៀបចំ​ចាក់​បទ​ចម្រៀង​រាំ​កម្សាន្ត និង​អ្នកខ្លះ​ឆ្លៀត​ផ្តិត​យក​ទិដ្ឋភាព​ដ៏​ស្រស់ស្អាត មុន​ព្រះអាទិត្យ​រៀប​អស្តង្គត​។ រីឯ​ក្រុមការងារ​មួយចំនួន​នាំគ្នា​បោះតង់​ដែល​ផ្តល់​ដោយ លោក អាង គីម​អៀង ប្រធាន​ទីភ្នាក់ងារ​ទេសចរណ៍ Great Angkor Tours​។ 
 
​ការ​ស្នាក់​កម្សាន្ត​នៅផ្ទះ​ស្នាក់​ចម្ការ​ដំណាក់ ប្រកបដោយ​សុខដុមរមនា ជាពិសេស​ដោយសារ​មាន​ឆ្មាំ​យាម​នៅ​មាត់​ជណ្តើរ និង​មុខ​បន្ទប់ ដោយ​ឆ្មាំ​ដែល​ច្នៃ​ពី​ឈើ​ប្រណីត​ទាំងនោះ ប្រៀបដូចជា​វីរបុរស​នា​សម័យ​អេ​ហ្ស៊ី​ប​បុរាណ​។​
 
​អំពូល​ដែល​ប្រើ​ថាមពលព្រះអាទិត្យ អមដោយ​ពន្លឺ​ផ្កាយ​ព្រោងព្រាត​នៅលើ​មេឃ បាន​បំភ្លឺ​ដល់ទី​តាំង​នៃ​ការរៀបចំ​ពិធី​របស់​សារព័ត៌មាន​ថ្មីៗ ដែល​កំពុង​រាំ​កម្សាន្ត ស្រស់ស្រូប​ភោជនាហារ​ដ៏​សម្បូរបែប ខណៈ​សហការី​មួយចំនួនទៀត​នាំគ្នា​អង្គុយ​មើល​ផ្កាយ​ប្រកបដោយ​អារម្មណ៍​ស្រស់ថ្លា​៕



































































































© រក្សាសិទ្ធិដោយ thmeythmey.com