កីឡាជាតិ
ជាតិ
វីរកីឡាការិនី កែ ឡេង ត្រូវបានដំឡើងឋានន្តរស័ក្តិផ្កាយពីរ វីរកីឡាការិនី កែ ឡេង និងសម្តេច ទៀ បាញ់ (រាប់ពីស្តាំ)ថតរូបជាមួយគ្នាក្រោយបំពាក់ឋានន្តរស័ក្តិ
× វីរកីឡាការិនី កែ ឡេង ម្ចាស់មេដាយមាសពិភពលោក៤ជំនាន់ ត្រូវបានដំឡើងឋានន្តរស័ក្តិពីឧត្តមសេនីយ៍ត្រី(ផ្កាយមួយ)ទៅជាឧត្តមសេនីយ៍ទោ(ផ្កាយពីរ)។ ពិធីបំពាក់ឋានន្តរស័ក្តិនេះ ធ្វើឡើងក្រោមវត្តមានសម្តេចឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងសន្និតបាតបូកសរុបលទ្ធផលការងារកីឡាកងយោធពលខេមរភូមិន្ទឆ្នាំ២០១៩ និងដាក់ទិសដៅអនុវត្តសម្រាប់ឆ្នាំ២០២០ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ នាវិមានសន្តិភាព។
ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ បានចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិវីរកីឡាការិនី កែ ឡេង ពីឧត្តមសេនីយ៍ត្រីទៅជាឧត្តមសេនីយ៍ទោ។ ការដំឡើងឋានន្តរស័ក្តិនេះ ធ្វើឡើងក្រោយវីរកីឡាការិនីវ័យ៥៧ឆ្នាំរូបនេះ ឈ្នះមេដាយមាសក្នុងការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកពិភពលោកស្ត្រីនិងយុវជន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅ។
គួររំលឹកថា វីរកីឡាការិនី កែ ឡេង ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាដំឡើងឋានន្តរស័ក្តិជាបន្តបន្ទាប់ ក្រោយសាងភាពល្បីល្បាញជូនជាតិនៅលើឆាកអន្តរជាតិ។ ជាក់ស្តែងក្រោយឈ្នះមេដាយមាសពិភពលោកនៅបារាំង កាលពីឆ្នាំ២០១៣ កីឡាការិនីរូបនេះ ត្រូវបានដំឡើងឋានន្តរស័ក្តិពីអនុសេនីយ៍ទោទៅជាអនុសេនីយ៍ឯកនៅក្នុងក្របខណ្ឌក្រសួងការពារជាតិ។ នៅឆ្នាំ២០១៥ លោកស្រី កែ ឡេង ត្រូវបានដំឡើងឋានន្តរស័ក្តិពីអនុសេនីយ៍ឯកទៅវរសេនីយ៍ត្រី ក្រោយដណ្តើមបានមេដាយមាសពិភពលោកនៅថៃ។
បន្ទាប់មកកីឡាការិនីវ័យ៥៧ឆ្នាំរូបនេះ ត្រូវបានដំឡើងឋានន្តរស័ក្តិជាវរសេនីយ៍ឯក ក្រោយឈ្នះមេដាយមាសពិភពលោកលើកទី៣នៅប្រទេសចិន និងមេដាយមាសក្នុងការប្រកួតកីឡាស៊ីហ្គេមនៅម៉ាឡេស៊ី កាលពីឆ្នាំ២០១៧។ អ្វីដែលគួរឲ្យកត់សម្គាល់ កាលពីអំឡុងខែតុលា ឆ្នាំ២០១៨ ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិវីរកីឡាការិនី កែ ឡេង ពីវរសេនីយ៍ឯកទៅជាឧត្តមសេនីយ៍ត្រី៕
សម្តេច ទៀ បាញ់ បំពាក់ឋានន្តរស័ក្តិផ្កាយពីរដល់វីរកីឡាការិនី កែ ឡេង, រូបភាពពីមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ
Tag:
ប៉េតង់
កែ ឡេង
ទៀ បាញ់
© រក្សាសិទ្ធិដោយ thmeythmey.com