ជាតិ
សមាគម​ធាងត្នោត រកឃើញថា បឹង​១៦​នៅ​ភ្នំពេញ ត្រូវ​លុប​ទាំងស្រុង ខណៈ​១០​ទៀត រង​ការ​លុប​ផ្នែក​ខ្លះ
30, Dec 2019 , 10:19 pm        
រូបភាព
រូបភាពពីរបាយការណ៍ របស់អង្គការសមាគមន៍ធាងត្នោត
រូបភាពពីរបាយការណ៍ របស់អង្គការសមាគមន៍ធាងត្នោត
​សមាគម​ធាងត្នោត រកឃើញថា បឹង​ទាំង​២៦​នៅ​រាជធានី​ភ្នំពេញ រង​ការចាក់ដី​លុប​ទាំងអស់ ដោយ​ក្នុងនោះ បឹង​១៦ ត្រូវបាន​លុប​ទាំងស្រុង និង​បឹង​១០​ទៀត ត្រូវបាន​លុប​នៅ​ផ្នែក​ខ្លះ​។ សមាគម​ធាងត្នោត មើលឃើញថា ការ​លុប​បឹង​នេះ ធ្វើ​ឲ្យ​ផលប៉ះពាល់​ជីវចម្រុះ និង​បរិស្ថាន ហើយ​បង្ក​ឲ្យ​មាន​ទឹកជំនន់​។  លើសពីនេះ ពលរដ្ឋ​រាប់ពាន់​គ្រួសារ ប្រឈម​នឹង​ការគំរាមកំហែង រួមទាំង​បាត់បង់​លំនៅដ្ឋាន​។ 


 
​សមាគម​ធាងត្នោត បានចេញ​របាយការណ៍​ស្ដីពី «​បឹង​ចុងក្រោយ​ក្នុង​រាជធានី​ភ្នំពេញ​»  កាលពី​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៩ ដោយ​បង្ហាញ​ស្ថានភាព​បច្ចុប្បន្ន​នៃ​បឹង​និង​តំបន់ដីសើម​ធំៗ ដែល​នៅសល់​ចុងក្រោយ​ក្នុង​រាជធានី​ភ្នំពេញ​។ របាយការណ៍ សរសេរថា ម្ចាស់​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​រណប និង​បុរី​ជាច្រើន បាន​ចាក់ដី​ខ្សាច់​លុប​បឹង​និង​តំបន់ដីសើម​ក្នុង​រាជធាន​ភ្នំពេញ​ចាប់តាំងពី​ឆ្នាំ​២០០៣​មក​។ បើតាម​របាយការណ៍ បឹង​៦០​ភាគរយ និង​តំបន់ដីសើម​៤០​ភាគរយ ត្រូវបាន​ចាក់​លុប​។ 
 
​លោក សឿង សារ៉ន នាយក​ប្រតិបត្តិ​នៃ​អង្គការ​ធាងត្នោត ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរស័ព្ទ​នៅ​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៩ យ៉ាង​ដូច្នេះ​ថា​៖«​ការ​លុប​បឹង​នេះ ពលរដ្ឋ ត្រូវ​ប្រឈម​នឹង​ការបណ្ដេញ​ចេញពី​លំនៅដ្ឋាន បាត់បង់​លំនៅដ្ឋាន បណ្ដាល​ឲ្យ​មាន​ជំនន់​ទឹកភ្លៀង ការបំពុល​បរិស្ថាន ការបាត់បង់​អាង​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​បែប​ធម្មជាតិ និង​ការបាត់បង់​ជីវៈចម្រុះ​ជាដើម​»​។ លោក បន្ថែមថា បញ្ហា​លុប​បឹង​នេះ នឹង​ប៉ះពាល់​ដល់​ពលរដ្ឋ​ដែល​អាស្រ័យ​ផល​ពី​ការដាំ​ដំណាំ​នៅលើ​ផ្ទៃ​បឹង​។ 
 
​លោក សឿង សារ៉ន សង្កត់ធ្ងន់​បែបនេះ​ថា​៖«​បើ​រដ្ឋាភិបាល​បញ្ឈប់​ការ​លុប​បឹង​ពេលនេះ ដោយ​មិន​បន្ត​ឬ​អនុញ្ញាត​ឲ្យ​លុប​បឹង នឹង​អាច​កាត់បន្ថយ​ផលប៉ះពាល់​ខាងលើ​បាន​»​។ ទន្ទឹមនឹងនេះ លោក បាន​លើកឡើងថា បើ​រដ្ឋាភិបាល​បង្កើត​ច្បាប់ ឬ​ចេញ​អនុក្រឹត្យ ដើម្បី​អភិរក្ស​បឹង​ទាំង​១០ ដែល​មិនទាន់​លុប​ទាំងស្រុង​នោះទេ គឺអាច​កាត់បន្ថយ​បញ្ហា​ប្រឈម​ខាងលើ​បាន​ច្រើន​។ 
 
​ជុំវិញ​ការ​លុប​បឹង​នេះ សារព័ត៌មាន​ថ្មីៗ មិនអាច​សុំ​ការបកស្រាយ​ពី​លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ និងលោក សេង ឡូត អ្នកនាំពាក្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បានទេ នៅ​ថ្ងៃទី​៣០ ខែធ្នូ​នេះ ដោយសារ​លោក​ទាំងពីរ មិន​លើក​ទូរស័ព្ទ​។ 
 
​ផ្អែកលើ​របាយការណ៍រ​បស់​សមាគម​ធាងត្នោត បឹង​ទាំង​១៦ ដែល​ត្រូវបាន​លុប​ទាំងស្រុង គឺ បឹងត្របែក​១ នៅ​ខណ្ឌចំការមន​, បឹង​តា​ម៉ា​ត នៅ​ខណ្ឌដង្កោ​, បឹង​ស្ទោ​រ នៅ​ខណ្ឌ​ច្បារអំពៅ​, បឹង​ឈូក នៅ​ខណ្ឌ​ច្បារអំពៅ​, បឹង​សាឡាង នៅ​ខណ្ឌ​ទួល​គោល​, ប្រឡាយ​លូ​៥ នៅ​ខណ្ឌមានជ័យ​, ត្រពាំង​ឈូក នៅ​ខណ្ឌ​សែន​សុខ​, បឹង​ទួល​ពពែ នៅ​ខណ្ឌដង្កោ​, បឹង​រាជសីហ៍ នៅ​ខណ្ឌ​សែន​សុខ​, បឹង​ចិញ្ចឹម​ក្រពើ នៅ​ខណ្ឌ​សែន​សុខ​, បឹង​ឈូក នៅ​ខណ្ឌឫស្សីកែវ​, បឹង​ពោងពាយ នៅ​ខណ្ឌ​សែន​សុខ​, បឹង​អូរ​អង្កាម នៅ​ខណ្ឌឫស្សីកែវ​, បឹងកក់ នៅ​ខណ្ឌ​ទួល​គោល​, បឹង​សាឡាង នៅ​ខណ្ឌឫស្សីកែវ និង បឹង​ទទឹងថ្ងៃ នៅ​ខណ្ឌ​ជ្រោយចង្វារ​។ 
 
​ចំណែក បឹង​ទាំង​១០​ទៀត ដែល​បាន​ចាក់ដី​លុប​ផ្នែក​ខ្លះ គឺ បឹងត្របែក​២ នៅ​ខណ្ឌចំការមន​, បឹងទំពុន​១ និង​បឹងទំពុន​២ នៅ​ខណ្ឌមានជ័យ​, បឹង​ជើងឯក នៅ​ខណ្ឌដង្កោ​និង​ខណ្ឌមានជ័យ​, បឹង​តា​មោក ឬ​បឹង​កប់​ស្រូវ នៅ​ខណ្ឌ​ព្រែក​ព្នៅ​, បឹង​ខាំ​ពង នៅ​ខណ្ឌ​ជ្រោយចង្វារ​, បឹង​ប៉ា​យ៉ាប នៅ​ខណ្ឌឫស្សីកែវ​និង​ខណ្ឌ​សែន​សុខ​, បឹង​ឈូក នៅ​ខណ្ឌឫស្សីកែវ​, បឹង​ក្បាលដំរី នៅ​ខណ្ឌ​សែន​សុខ និង​បឹង​សំរោង នៅ​ព្រែក​ព្នៅ​៕ 

Tag:
 លុប​បឹង
© រក្សាសិទ្ធិដោយ thmeythmey.com