ជាតិ
រថយន្ត
​​​ន​យោ​បាយ​ជាតិ​
២០១៩ ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់ ចាយ​ជាង​៨៦​ម៉ឺន​ដុល្លារ​, លុយ​សល់​ទុក​ទិញ​ឡាន Pickup
30, Dec 2019 , 7:39 pm        
រូបភាព
លោក ឈឹម ផលវរុណ ប្រធានលេខាធិការដ្ឋាននៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ (រូបពី CPP)
លោក ឈឹម ផលវរុណ ប្រធានលេខាធិការដ្ឋាននៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ (រូបពី CPP)
ដោយ: ថ្មីៗ
កញ្ចប់​ថវិកា​សម្រាប់​ចាយ​នៅ​ឆ្នាំ​២០១៩ ដែល​រដ្ឋាភិបាល ផ្តល់​ឲ្យ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់ មាន​ជាង​១,៣​លាន​ដុល្លារ​។ តែ​របាយការណ៍ ដែល​ធ្វើឡើង​នៅ​បំណាច់​ឆ្នាំ​២០១៩​នេះ បង្ហាញថា ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់ ចាយ​មិន​អស់​ឡើយ ដោយ​នៅសល់​ជាង​៤៥​ម៉ឺន​ដុល្លារ​។

 
​លោក ឈឹម ផល​វរុណ ប្រធាន​លេខាធិការដ្ឋាន​នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់ យល់ថា ក្នុង​១​ឆ្នាំ ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់ ប្រើប្រាស់​ថវិកា​អស់​ជាង​៨៦​ម៉ឺន​ដុល្លារ គឺ​មិន​ច្រើន​នោះទេ បើ​ធៀប​នឹង​ថវិកា ដែល​រដ្ឋសភា​ចំណាយ​សម្រាប់​អតីត​គណបក្សប្រឆាំង​។ ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ តាម​ទូរស័ព្ទ​នៅ​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៩ លោក ឈឹម ផល​វរុណ បញ្ជាក់​បែបនេះ​ថា​៖«​កាលពីដើម​នីតិកាល​ទី៥ គ្រាន់តែ​ចំណាយ​សម្រាប់​អតីត​គណបក្សប្រឆាំង​ទាំង​៥៥​អាសនៈ ក្នុង​១​ឆ្នាំ​ហ្នឹង គឺ​អស់​រាប់លាន​ដុល្លារ ហើយ​នេះ យើង​អស់​មិន​ដល់​១​លាន​ដុល្លារ​ផង​ហ្នឹង​»​។​
 
​ម្យ៉ាងទៀត លោក ឈឹម ផល​វរុណ លើកឡើងថា ស្ថាប័ន​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​យោបល់ មាន​ចំនួន​មនុស្ស​ច្រើនជាង​តំណាងរាស្ត្រ​នៃ​អតីត​គណបក្សប្រឆាំង​ទៅទៀត​។ គណបក្ស​ទាំង​១៦ មាន​ប្រតិភូ​របស់ខ្លួន​២​នាក់ ធ្វើជា​សមាជិក​នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់  ហើយ​គណបក្ស​ទាំងនោះ ក៏មាន​មនុស្ស​របស់ខ្លួន​ម្នាក់​ថែមទៀត ធ្វើជា​មន្ត្រី​លេខា ដូច្នេះ​មនុស្ស​សរុប​ពី​គណបក្ស​ទាំង​១៦ មាន​៤៨​នាក់​។ ចំណែក មន្ត្រី​នៅ​លេខាធិការដ្ឋាន​នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់ មាន​១៦​នាក់​ទៀត ដូច្នេះ​បូករួម​ទាំងអស់ ស្ថាប័ន​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់ មាន​មនុស្ស​ដល់​ទៅ​៦៤​នាក់​។

បើតាម​លោក ឈឹម ផល​វរុណ ប្រាក់ខែ​របស់​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់ គឺ​ប្រមាណ​៦​រយ​ដុល្លារ​ប៉ុណ្ណោះ ខណៈ​តំណាងរាស្ត្រ​ទទួលបាន​ប្រមាណ​ពី​២​ទៅ​៣​ពាន់​ដុល្លារ​។ ប្រធាន​លេខាធិការ​រូបនេះ សង្កត់ធ្ងន់​ដូច្នេះ​ថា​៖«...​បេសកកម្ម​យើង​ចុះ​មមាញឹក គ្មាន​សៅរ៍ គ្មាន​អាទិត្យ គ្មាន​ថ្ងៃ​បុណ្យទាន យើង​សរុប​ការងារ​ទាំងអស់ ទាំង​ប្រាក់ខែ​ទាំង​អី យើង​អស់​ជាង​៨​សែន​ដុល្លារ​ហ្នឹង​។​...​យើង​ចាយ​ប៉ុណ្ណឹង ធៀប​ទៅ​នឹង​តំណាងរាស្ត្រ​ទាំង​៥៥​នាក់​របស់​អតីត​គណបក្សប្រឆាំង អត់​បាន​១​ភាគ​៥​ផង​ហ្នឹង​»​។​

ចំណែក​ថវិកា​ដែល​នៅសល់​ជាង​៤៥​ម៉ឺន​ដុល្លារ ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់ គ្រោង​ដាក់សំណើ​ទៅ​សម្តេចនាយក​រដ្ឋមន្ត្រី នៅក្នុង​ខែមករា ឆ្នាំ​២០២០ ដើម្បី​សុំ​យកទៅ​ទិញ​រថយន្ត​។ នេះ​បើតាម​លោក ឈឹម ផល​វរុណ​ដដែល​។ 

លោក ឈឹម ផល​វរុណ មិនអាច​និយាយ​ឲ្យ​ច្បាស់​ឡើយ​ថា ថវិកា​ជាង​៤៥​ម៉ឺន​ដុល្លារ​នោះ នឹងត្រូវ​យកទៅ​ទិញ​រថយន្ត​ទាំងអស់​ឬក៏​ទុក​ខ្លះ​។ លោក ក៏​មិនទាន់​ដឹង​ដែរ​ថា នឹងត្រូវទិញ​ប៉ុន្មាន​គ្រឿង​។ លោក ថា បញ្ហា​នេះ ត្រូវ​រង់ចាំ​មើល​ការសម្រេច​របស់​សម្តេច​នាយករដ្ឋមន្ត្រី​សិន​។  
 
​យ៉ាងណា លោក អាច​បង្ហើប​បានថា រថយន្ត​ដែល​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់​គ្រោង​នឹង​ទិញ គឺ​រថយន្ត​ប្រភេទ Pickup តែ​លោក មិនទាន់​ដឹងថា ត្រូវ​ទិញ​ម៉ាក​ឬ​ស៊េរី​ឆ្នាំ​ណា​ឡើយ ហើយ​លោក ក៏​មិន​ហ៊ានសន្និដ្ឋាន​ដែរថា ១​គ្រឿង មានតម្លៃ​ប៉ុន្មាន​។ លោក ថ្លែង​បែបនេះ​ថា​៖«​យើង​ទិញ​យើង​មើល​តម្លៃ បើ​វា ខុសគ្នា​តិចតួច យើង​ទិញ​ស៊េរី​ចេញ​ក្រោយ​។ យើង​ទិញ យើង​ផ្អែកលើ​គុណភាព​។ គុណភាព វា រាប់ទាំង​ឆ្នាំ​នៃ​ការចេញ ទាំងថ្មី មិនអាច​យក​ចាស់​ទេ បើ​និយាយ​ពី​គុណភាព​នោះ​»​។   
 
​លោក ឈឹម ផល​វរុណ បញ្ជាក់​ជាថ្មី​ថា រថយន្ត​នោះ គឺជា​ទ្រព្យសម្បត្តិ​រដ្ឋ ដែល​ត្រូវ​គ្រប់គ្រង​ដោយ​លេខាធិការដ្ឋាន​នៃ​ឧ​ត្ត​ម​ប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់ ហើយ​ទុក​ប្រើ​រួមគ្នា មិនមែន​ទិញយក​ទៅ​ចែក​ឲ្យ​សមាជិក​នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់​ណា​ម្នាក់​ឡើយ​។ 
 
​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​រយៈពេល​១៦​ខែ របស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់ កាលពី​រសៀល​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៩ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​គាំទ្រ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការងារ​របស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់​កន្លងមក​។ សម្តេចនាយក​រដ្ឋមន្ត្រី បង្ហាញ​បំណង​ថា នៅ​អាណត្តិ​ក្រោយ (​ឆ្នាំ​២០២៣) រដ្ឋាភិបាល អាច​នឹង​បន្ត​ឲ្យ​មាន​ស្ថាប័ន​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់​បន្តទៀត​៕  

Tag:
 ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​
  ថវិកា​២០១៩
  ទិញ​រថយន្ត​
© រក្សាសិទ្ធិដោយ thmeythmey.com