កីឡាអន្តរជាតិ
អន្តរជាតិ
West Ham យក Moyes ទៅដឹកនាំសារជាថ្មី ក្រោយបញ្ចប់តំណែង Pellegrini
× West Ham United បានតែងតាំងលោក David Moyes ធ្វើជាអ្នកចាត់ការទូទៅរបស់ពួកគេសារជាថ្មីម្តងទៀត ក្រោយពីបញ្ចប់តំណែងលោក Manuel Pellegrini។ ក្រុមរហស្សនាមញញួរ ស្ថិតនៅលើក្រុមត្រូវកាត់ចោល១ពិន្ទុប៉ុណ្ណោះក្រោយការប្រកួត១៩លើកនៅ Premier League បើទោះក្លិបចំណាយប្រាក់ច្រើនដើម្បីទិញកីឡាករចូលក្តី។
ភ្លាមៗ ក្រោយចាញ់ Leicester City ២-១ លោក Pellegrini អ្នកចាត់ការសញ្ជាតិស៊ីលីត្រូវបាន West Ham បណ្តេញចេញពីតំណែង។ នេះជាបរាជ័យទី៩ របស់ West Ham ក្នុងការប្រកួត១២លើកចុងក្រោយក្នុងក្របខណ្ឌកំពូលអង់គ្លេសរដូវកាលនេះ។
លោក Pellegrini វ័យ៦៦ឆ្នាំ ដែលជាអតីតអ្នកចាត់ការ Manchester City និង Real Madrid មិនបានជួយអ្វីដល់ West Ham ឲ្យសមនឹងការចំណាយប្រាក់ក្នុងការទិញយកកីឡាករល្អៗទៅរួមក្រុមឡើយ។ ចំណោម១៩ប្រកួត ក្រុមញញួររកបានជ័យជម្នះតែ៥លើកប៉ុណ្ណោះ ក្នុងនោះចាញ់១០ និងស្មើ៤ មាន១៩ពិន្ទុ ឈរចំណាត់ថ្នាក់ទី១៧។
អតីតគ្រូ Everton និង Manchester United លោក Moyes នឹងឡើងទៅជំនួសលោក Pellegrini ដើម្បីស្តារស្ថានភាពអាក្រក់នេះវិញ។ អ្នកចាត់ការសញ្ជាតិស្កុតឡែន វ័យ៥៦ឆ្នាំរូបនេះធ្លាប់ដឹកនាំ West Ham បាន៦ខែដែរចន្លោះពីខែវិច្ឆិកាឆ្នាំ២០១៧ ដល់ខែឧសភា ឆ្នាំ២០១៨ ពោលគឺក្រោយប់រដូវកាល ២០១៧-១៨ ដោយជួយក្រុមនេះគេចពីតំបន់ត្រូវកាត់ចោល។ កាលនោះលោក Moyes ឡើងទៅជំនួសលោក Slaven Bilic ក្នុងនាមជាអ្នកចាត់ការបណ្តោះអាសន្នប៉ុណ្ណោះ។
Moyes នឹងត្រូវដឹកនាំ West Ham ក្នុងជំនួបដំបូងក្នុងលីគសប្តាហ៍ទី២០របស់ពួកគេ ដោយត្រូវជួបជាមួយ AFC Bournemouth នៅរាត្រីថ្ងៃទី២ ខែមករា ឆ្នាំ២០២០៕
© រក្សាសិទ្ធិដោយ thmeythmey.com