ជាតិ
សិល្បះ
សិល្បករល្បីៗនិងមានស្នាដៃ ដែលបានលាចាកលោកក្នុងឆ្នាំ២០១៩
× ភ្នំពេញ៖ សម្ដេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ព្រឹទ្ធាចារ្យ អ៊ុំ សាមិត្ត ព្រឹទ្ធាចារ្យ រស់ គង់ អ្នកស្រី គង់ ណារី លោក ផ្លុង មឿក និងលោក សាន ម៉ៅ ជាដើម ស្ថិតក្នុងចំណោមសិល្បករដែលមានស្នាដៃ ក្នុងសិល្បៈវប្បធម៌ខ្មែរ ដែលបានទទួលមរណភាពនៅឆ្នាំ២០១៩។
សារព័ត៌មាន ThmeyThmey សូមលើកយកតែនាដការបាំ និងសិល្បករ ដែលល្បីនិងមានស្នាដៃក្នុងសិល្បៈវប្បធម៌ជាតិ មកជម្រាបជូនលោកអ្នកតែប៉ុណ្ណោះ។ ខាងក្រោមនេះ ជាសម្រង់ឈ្មោះបុគ្គលល្បីៗ និងមានស្នាដៃក្នុងវិស័យសិល្បៈ ដែលបានសុគត និងទទួលមរណភាពក្នុងឆ្នាំ២០១៩៖
២០មករា៖
អ្នកស្រី គង់ ណារី ជាអ្នកនិពន្ធដ៏ល្បីឈ្មោះមួយរូប តាំងពីទសវត្សរ៍ទី៨០ បានទទួលមរណភាពក្នុងជន្មាយុ៦៥ឆ្នាំ ដោយរោគាពាធ។
២៥មករា៖
កញ្ញា ខេមរៈ ស្រីពៅ តារាចម្រៀងសម័យថ្មី ទទួលមរណភាពដោយសារជំងឹរ៉ាំរ៉ៃ ក្នុងអាយុ២៦ឆ្នាំ។
៤កុម្ភៈ៖
ព្រឹទ្ធាចារ្យ រស់ គង់ ជានាដការបាំបុរាណ ឯកទេសរបាំព្រះរាជទ្រព្យ តួនាយរោង។ ព្រឹទ្ធាចារ្យដែលមានស្រុកកំណើតនៅខេត្តកណ្ដាលរូបនេះ បានទទួលមរណភាពក្នុងជន្មាយុ៨៥ឆ្នាំ។
១៥កុម្ភៈ៖
លោក ផ្លុង មឿក អ្នកចម្រៀងអាយ៉ៃជើងចាស់ បានទទួលមរណភាពក្នុងជន្មាយុ៨៦ឆ្នាំ ក្រោយពីធ្លាក់ខ្លួនឈឺអស់ជាច្រើនឆ្នាំ។
២តុលា៖
លោក សាន ម៉ៅ តារាកំប្លែងដែលមានប្រជាប្រិយខ្ពស់។
១៥វិច្ឆិកា៖ ព្រឹទ្ធាចារ្យ អ៊ុំ សាមិត្ត ជាសិល្បករល្ខោនបាសាក់ដ៏ឆ្នើម។ មានស្រុកកំណើតនៅខេត្តតាកែវ ព្រឹទ្ធាចារ្យ អ៊ុំ សាមិត្ត ដែលទទួលបានគោរមងារជានាដភក្ដីនិម្មិត បានទទួលមរណភាពក្នុងជន្មាយុ៨៣ឆ្នាំ។
១៨វិច្ឆិកា៖ សម្ដេចរាជបុត្រីព្រះរៀម
នរោត្តម បុប្ផាទេវី។ ព្រះអង្គជានាដកាឯករបាំព្រះរាជទ្រព្យ ហើយទ្រង់ក៏ជាអ្នកធ្វើឱ្យរបាំព្រះរាជទ្រព្យ ឬរបាំក្បាច់ខ្មែរបុរាណ រស់ឡើងវិញក្រោយរបបខ្មែរក្រហមដែរ។ ព្រះអង្គបានសុគតក្នុងព្រះជន្ម៧៧ព្រះវស្សា។
២៨ធ្នូ៖ តារាកំប្លែង
លោក សួន សុខហ៊ីម ហៅនាយស្មាញ បានទទួលមរណភាពក្នុងអាយុ៦៨ឆ្នាំ ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅលើផ្លូវ៦០ម៉ែត្រកែង៣០ម៉ែត្រ ភូមិទួលរការ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕
Tag:
សិល្បៈ
សិល្បករ
លាចាកលោក
មរណៈភាព
© រក្សាសិទ្ធិដោយ thmeythmey.com