កីឡាជាតិ
ជាតិ
កីឡាការិនី ណុប ដាលីន ហាត់ល្បុក្កតោ ព្រោះចង់អភិរក្ស និងធ្វើជាគ្រូបង្វឹក
× ដោយសារចង់ក្លាយជាចំណែកមួយក្នុងការចូលរួមថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍគុនល្បុក្កតោ ដែលជាកេរដំណែលរបស់បុព្វបុរសខ្មែរ កីឡាការិនី ណុប ដាលីន បានសម្រេចចូលហ្វឹកហាត់គុនល្បុក្កតោ។ កីឡាការិនីវ័យ១៨ឆ្នាំរូបនេះ ចង់ក្លាយជាគ្រូបង្វឹកកីឡាគុនល្បុក្កតោទៅថ្ងៃអនាគត។ ការហ្វឹកហាត់គុនល្បុក្កតោនេះទៀតសោត ដាលីន ចង់បង្ហាញផងដែរថា ស្ត្រីក៏អាចធ្វើបានដូចបុរសដែរ។
ស្រលាញ់ គឺជាហេតុផលតែមួយគត់ ដែលជំរុញឲ្យកីឡាការិនី ណុប ដាលីន សុំឪពុកម្តាយចូលហ្វឹកហាត់គុនល្បុក្កតោ។ ស្ថិតក្នុងវ័យ១៨ឆ្នាំ តែ ដាលីន មានទស្សនវិស័យវែងឆ្ងាយចំពោះក្បាច់គុនមួយនេះ ដោយ នាងចង់ក្លាយជាគ្រូបង្វឹកកីឡាគុនល្បុក្កតោទៅថ្ងៃអនាគត។ ការចង់ធ្វើជាគ្រូបង្វឹក ព្រោះយុវតីរូបនេះ ចង់ក្លាយជាចំណែកមួយក្នុងការរួមចំណែកថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍក្បាច់គុនកេរដំណែលរបស់បុព្វបុរសខ្មែរមួយនេះ ឲ្យស្ថិតស្ថេរគង់វង្ស និងកាន់តែរីកចម្រើន។
គោលបំណងសំខាន់មួយទៀត គឺយុវតីរូបនេះ ចង់បង្ហាញពិភពលោកឲ្យឃើញថា ស្ត្រីក៏អាចធ្វើបានដូចបុរសដែរ ជាពិសេសនាងចង់ឆ្លើយតបនឹងការលើកឡើងរបស់ចាស់ជំនាន់មុន ដែលថា ស្ត្រីមិនគួរហាត់ក្បាច់គុនទេ ព្រោះខ្លាចគ្មានបុរសស្រលាញ់។ តែសម្រាប់ ដាលីន គឺមិនបានខ្វល់ពីទស្សននេះឡើយ ហើយ នាង លើកឡើងថា បើគ្មានអ្នកស្រលាញ់ក៏ហីទៅចុះ អ្វីដែលសំខាន់ គឺស្ត្រីគ្រប់រូបត្រូវហ៊ានធ្វើតាមអ្វី ដែលខ្លួនស្រលាញ់។
កីឡាការិនីវ័យ១៨ឆ្នាំរូបនេះ អះអាងថា សម្រាប់ការចូលហ្វឹកហាត់គុនល្បុក្កតោនេះ នាង មិនធ្លាប់រងនូវការរិះគន់ ឬហាមឃាត់ពីសំណាក់ឪពុកម្តាយ អ្នកជិតខាង ឬមហាជនឡើយ។ ផ្ទុយទៅវិញ នាង តែងតែទទួលបានការគាំទ្រ លើកទឹកចិត្ត និងផ្តល់កម្លាំងចិត្តពីឪពុកម្តាយ បងប្អូន និងអ្នកជិតខាង។ កត្តានេះជួយឲ្យ នាង មានទឹកចិត្តកាន់តែខ្លាំងក្នុងការហ្វឹកហាត់ និងបន្តដើរលើវិថីនេះទៅមុខទៀត។
ក្រោយចូលហ្វឹកហាត់ក្នុងសាលាគុន DPIS បានប្រមាណ១ឆ្នាំ សិស្សរៀនថ្នាក់ទី១២នៅសាលាអាមេរិកកាំងប្រ៊ីដរូបនេះ ត្រូវបានថ្នាក់ដឹកនាំក្លិបបញ្ជូនឲ្យចូលរួមប្រកួតកីឡាគុនល្បុក្កតោជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០១៩។ ជាលទ្ធផលកីឡាការិនីរូបនេះដណ្តើមបានមេដាយប្រាក់១លើវិញ្ញាសាសម្តែងទ្វារមេគុនព្រលឹងល្បុក្កតោ។
កីឡាការិនី ណុប ដាលីន ចង់តំណាងឲ្យកម្ពុជាក្នុងការប្រកួតលើឆាកអន្តរជាតិ។ ជាមួយគ្នានេះ នាង ប្តេជ្ញានឹងបន្តខិតខំប្រឹងប្រែងហ្វឹកហាត់ពង្រឹងសមត្ថភាពឲ្យកាន់តែប្រសើរថែមទៀត ដើម្បីចាប់យកឱកាសក្លាយជាកីឡាការិនីជម្រើសជាតិកម្ពុជា។ ព្រោះវាជាឈ្នាន់មុនឈានទៅប្រកួតនៅលើឆាកអន្តរជាតិ៕
Tag:
ល្បុក្កតោ
ណុប ដាលីន
ជើងឯកថ្នាក់ជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com