ជាតិ
សង្គមជាតិ
សៀមរាប ក្រចេះ ត្បូងឃ្មុំ រតនគិរី និង​ភ្នំពេញ កំពុង​ត្រៀម​ទទួលភ្ញៀវ​ឆ្លង​ឆ្នាំ​២០២០
31, Dec 2019 , 8:59 am        
រូបភាព
រូបភាពពីមន្ទីរទេសចរណ៍ខេត្តសៀមរាប​និង​ ខេត្តរតនគិរី
រូបភាពពីមន្ទីរទេសចរណ៍ខេត្តសៀមរាប​និង​ ខេត្តរតនគិរី
ដោយ:
​ភ្នំពេញ​៖ បណ្តា​ខេត្ត​មួយចំនួន​បានរៀបចំ​កម្មវិធី​កម្សាន្ត និង​តុបតែង​លម្អ​ដោយ​ភ្លើង​ចម្រុះ​ពណ៌ និង​បាញ់​កាំជ្រួច ដើម្បី​អបអរសាទរ និង​ត្រៀម​ទទួល​ស្វាគមន៍​ឆ្នាំ​ថ្មី​ឆ្នាំ​២០២០​។ បណ្តា​ខេត្ត​ដែល​រៀបចំ​សម្រាប់​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល​នេះ រួមមាន​ខេត្តសៀមរាប ក្រចេះ ត្បូងឃ្មុំ រតនគិរី និង​រាជធានី​ភ្នំពេញ​។ រដ្ឋបាលខេត្ត​នីមួយៗ សង្ឃឹមថា​នឹងមាន​ពល​រដ្ឋ​ជាច្រើន​កុះករ​ចូលរួម​សប្បាយរីករាយ​។​


 
​នៅតាម​ដងផ្លូវ​សំខាន់ៗ​ក្នុង​ក្រុង​សៀមរាប ជាពិសេស​តំបន់​ផាប់​ស្ទ្រី​ត និង​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦ ត្រូវបាន​រៀបចំ​ដំឡើង​ភ្លើង​ចម្រុះ​ពណ៌ និង​ផ្ទាំង​បដា ត្រៀម​ស្វាគមន៍​ឆ្នាំ​សកល ឆ្នាំ​២០២០​។ រដ្ឋបាល​ខេត្តសៀមរាប នឹង​រៀបចំ​កម្មវិធី​ស្វាគមន៍​ឆ្នាំ​សកល​នៅ​បរិវេណ​សួនច្បារ​ព្រះរាជដំណាក់ ដែល​គ្រោង​មាន​កម្មវិធី​កម្សាន្ត ការតាំងពិព័រណ៍ ការសម្ដែង​សិល្បៈ រួម​និង​ការបាញ់​កាំជ្រួច​នៅ​ទីនោះ​ផង​។ អភិបាលខេត្ត លោក ទៀ សីហា ក៏​គ្រោង​ចូលរួម​កម្មវិធី​ដ៏​ពិសេស​នេះដែរ​។​
 
​សម្រាប់​ខេត្តក្រចេះ​ឯណោះ​វិញ រដ្ឋបាល​ខេត្តក្រចេះ​បានរៀបចំ​រមណីយដ្ឋាន​ចំនួន​១៨​កន្លែង​សម្រាប់​ត្រៀម​ទទួលភ្ញៀវ​ទេសចរ​នា​ពិធីបុណ្យ​ចូលឆ្នាំ​សកល​នេះ​។ រមណីយដ្ឋាន​ដែល​ទាក់ទាញ​ភ្ញៀវទេសចរ​ច្រើនជាងគេ​គឺ សហគមន៍​អេកូ​ទេសចរណ៍​កោះ​ទ្រង់​។ នៅក្នុង​រមណីយដ្ឋាន​នេះ​ពលរដ្ឋ​អាច​កម្សាន្ត​លេង​ដោយ​ជិះសេះ និង​ដើរ​ទស្សនា​ដើម​ក្រូចថ្លុង​។ រមណីយដ្ឋាន​អន្លង់​ផ្សោត​កាំ​ពី ពលរដ្ឋ​អាច​ទស្សនា​សត្វ​ផ្សោត​។ សហគមន៍​ទេសចរណ៍​កោះ​ផ្តៅ និង​សហគមន៍​ទេសចរណ៍​កោះ​សោម​សិប ភ្ញៀវទេសចរ​អាច​ជិះទូក​មើល​ថ្ងៃ​រះ និង​ថ្ងៃ​រៀប​លិច គយគន់​ព្រៃ​លិច​ទឹក សត្វ​ស្លាប និង​ប្រភេទ​ត្រី​កម្រ ជាពិសេស​អាច​បោះតង់​ស្នាក់​នៅលើ​កោះ ស្រប​យក​ខ្យល់​ត្រជាក់​ផងដែរ​។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក ជួប រតនា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តក្រចេះ​។  


រូបភាពពីក្រសួងទេសចរណ៍
 
​ខេត្ត​ត្បូងឃ្មុំ ក៏​មិន​ខុសពី​ខេត្ត​ដទៃ​ដែរ​។ រដ្ឋបាលខេត្ត​ត្បូងឃ្មុំ នឹង​រៀបចំ​ពិធី Count Down ដែលមាន​ការប្រគំ​តន្ត្រី និង​រាំ​កម្សាន្ត​ទល់​ភ្លឺ និង​មាន​ការបាញ់​កាំជ្រួច​អបអរសាទរ​ឆ្នាំ​ថ្មី​។ បើតាម​ការផ្សាយ​របស់​មន្ទីរ​ទេសចរណ៍​ខេត្ត​ត្បូងឃ្មុំ រដ្ឋបាលខេត្ត អំពាវនាវ​ឲ្យ​ពលរដ្ឋ និង​ភ្ញៀវទេសចរ​ចូលរួម​ឲ្យ​បាន​ច្រើន​សន្លឹក​សន្ធាប់​។  
 
​ចំពោះ​ខេត្តរតនគិរី​វិញ ក៏​មិន​ចាញ់​បណ្តា​ខេត្ត​ផ្សេងៗ​ប៉ុន្មាន​ដែរ​។ រដ្ឋបាលខេត្ត​រតនគិរី បានរៀបចំ​ដំឡើង​ភ្លើងពណ៌​ចម្រុះ​សម្រាប់​ត្រៀម​ទទួលភ្ញៀវ​ទេសចរ​រួចហើយ​។ 
​នៅក្នុង​រាជធានី​ភ្នំពេញ​វិញ ក៏មាន​រៀបចំ​ពិធី​បាញ់​កាំជ្រួច ដំឡើង​ភ្លើង​ព័ណ៌ និង​មានការ​ប្រគុំ​តន្ត្រី​ផងដែរ នៅមុខ​ណាហ្គា​វើ​ល សួនច្បារ​វត្ត​បទុម នៅ​កោះ​ពេជ្រ និង​នៅ​តំបន់​បឹងកក់​ជាដើម​។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​។ 
 
​ដើម្បី​ឲ្យ​ឱកាស​ឆ្លង​ឆ្នាំ​ថ្មី ឆ្នាំ​២០២០​នេះ ប្រកបដោយ​ភាព​មហោឡារិក លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​ណែនាំ​ឲ្យ​ម្ចាស់​រមណីយដ្ឋាន ម្ចាស់ផ្ទះ​សំណាក់ និង​អាជ្ញាធរ ត្រូវ​រៀបចំ​ធានា​ឲ្យ​បាន​នូវ សុខ​សុវត្ថិភាព អនាម័យ និង​តម្លៃ​សមរម្យ​។ ជាពិសេស រួមគ្នា​សំអាត​សំរាម និង​វេច​ខ្ចប់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ​៕ 


រូបភាពពីមន្ទីរទេសចរណ៍ខេត្តរតនគិរី


រូបភាពពីមន្ទីរទេសចរណ៍ខេត្តរតនគិរី



រូបភាពពីរដ្ឋបាលខេត្តត្បូងឃ្មុំ​


Tag:
 ​ឆ្លង​ឆ្នាំ​
 ​ខេត្ត​
 ​ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com