អ្វីៗ ក៏​ស្ត្រី​អាចធ្វើ​បានដែរ​! កញ្ញា ហង់ ណាវី ជា​ជាងជួស​ជុស​យានយន្ត​ដ៏​ជំនាញ​មួយរូប​
ជាតិ
រថយន្ត
អ្វីៗ ក៏​ស្ត្រី​អាចធ្វើ​បានដែរ​! កញ្ញា ហង់ ណាវី ជា​ជាងជួស​ជុស​យានយន្ត​ដ៏​ជំនាញ​មួយរូប​
30, Dec 2019 , 8:39 pm        
រូបភាព
​ភ្នំពេញ​៖ ស្ត្រី​រៀន​ជំនាញ​ជួសជុល​រថយន្ត​? ធ្វើការ​ក្រោម​រថយន្ត​? ដៃ ជើង ខោអាវ ប្រឡាក់​ប្រេងម៉ាស៊ីន​? ការលើកឡើង​នេះ មិនមែនជា​ឧបសគ្គ​សម្រាប់​កញ្ញា ហង់ ណាវី ដែល​ខំ​ប្រឹងរៀន​រហូតដល់​ប​ញ្ច​ប់​ជំនាញ​យាន​សាស្ត្រ​រថយន្ត​ឡើយ​។ មាន​វ័យ​២៤​ឆ្នាំ កញ្ញា ហង់ ណាវី បច្ចុប្បន្ន​ជា​អ្នកគ្រប់គ្រង​យានដ្ឋាន នា​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេ​ជោ​សែន​តាកែវ​។ បើតាម​កញ្ញា ហង់ ណាវី ដោយសារ​ក្ដី​ស្រឡាញ់ ជំរុញ​ឲ្យ​រៀន​ជំនាញ​បច្ចេកទេស​បែបនេះ​។​

 
​កញ្ញា ហង់ ណាវី ជា​អតីត​និស្សិត​សិក្សា​ជំនាញ​យាន​សាស្ត្រ​រថយន្ត នៃ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេ​ជោ​សែន​តាកែវ​។ យុវតី​វ័យ​២៤​ឆ្នាំ​រូបនេះ បានបញ្ចប់​ការសិក្សា​ជំនាញ​យាន​សាស្ត្រ​រថយន្ត​នៅ​ឆ្នាំ​២០១៧ ដោយ​បច្ចុប្បន្ន​នាង​ជា​អ្នកគ្រប់គ្រង​យានដ្ឋាន នា​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេ​ជោ​សែន​តាកែវ​។ 


​រូបភាពពីហ្វេសប៊ុក​កញ្ញា ហង់ ណាវី 

ជំនាញ​បច្ចេកទេស​ជួសជុល​រថយន្ត​នេះ មិនសូវមាន​និស្សិត​ស្រី​សិក្សា​ឡើយ ជាពិសេស គេ​គិត​ជំនាញ​នេះ សម្រាប់តែ​និស្សិត​ប្រុស​ប៉ុណ្ណោះ​។ កញ្ញា ហង់ ណាវី រៀបរាប់​យ៉ាង​ដូច្នេះ​ថា​៖ «​ពេល​ចូលរៀន​ដំបូង គ្រូៗ គាត់​ឆ្ងល់​ថា​ហេតុអ្វី​ខ្ញុំ មក​រៀន​ជំនាញ​នេះ ព្រោះ​មិនដែល​មាន​សិស្សស្រី​មក​រៀន​ទេ​។ ខ្ញុំ​ឆ្លើយ​ប្រាប់ថា ស្រី​ប្រុស​បើ​យើង​នៅតែ​ប្រកាន់​អញ្ចឹង មិន​ទៅមុខ​ទេ​។ ម្យ៉ាងទៀត ខ្ញុំ​ប្រាប់​គាត់​ថា​ខ្ញុំ​ស្រឡាញ់​ជំនាញ​នេះ គាត់​ថា បើ​ស្រឡាញ់​ហ៊ាន​អត់ ខ្ញុំ​ថា ធ្វើ​អ្វី​ក៏​ខ្ញុំ​ធ្វើ​ដែរ​ឲ្យ​តែ​ចេះ​»​។​
 

​​រូបភាពពីហ្វេសប៊ុក​កញ្ញា ហង់ ណាវី 

កត្តា​ដែល​ជំរុញ​ឲ្យ ហង់ ណាវី ចាប់​ចិត្តនឹង​ជំនាញ​បច្ចេកទេស​នេះ គឺ​ក្ដី​ស្រឡាញ់​។ ក្ដី​ស្រឡាញ់​លើ​ជំនាញ​បច្ចេកទេស បានធ្វើ​ឲ្យ​ណាវី ហ៊ាន​ប្រឆាំង​ជាមួយ​ឪពុកម្ដាយ ដែល​ចង់​ឲ្យ​រៀន​ជំនាញ​គណនេយ្យ​។ កញ្ញា ហង់ ណាវី ប្រាប់​យ៉ាង​ដូច្នេះ​៖ «​មុនដំបូង​គាត់​មិន​ឲ្យ​រៀន​ជំនាញ​នេះ​ទេ គាត់​ថា​រូបរាង​ស្អាត​ហើយ​ទៅ​រៀន​អី​ជំនាញ​អញ្ចឹង ខុសគេខុសឯង គាត់​ឲ្យ​ខ្ញុំ​រៀន​គណនេយ្យ​វិញ​។ ខ្ញុំ​ថា​ខ្ញុំ​អត់​រៀន​ទេ ខ្ញុំ​អត់​ចូលចិត្ត​ជំនាញ​គណនេយ្យ​»​។ 
 

​រូបភាពពីហ្វេសប៊ុក​កញ្ញា ហង់ ណាវី

​ការខិតខំ​ប្រឹងប្រែង តស៊ូ ផ្ដល់​ជា​លទ្ធផល​ល្អ​ដល់​និស្សិត​ស្រី ហង់ ណាវី ដែល​ធ្វើ​ឲ្យ​ឪពុកម្ដាយ​ជឿជាក់​លើ​ជំនាញ​ដែល​នាង​ជ្រើសរើស​។ ជា​កូនច្បង ក្នុងចំណោម​បងប្អូន​៣​នាក់ ហង់ ណាវី និយាយថា នៅ​ឆ្នាំ​ដំបូង​ឪពុកម្ដាយ​នាង​មិន​គាំទ្រ​ឡើយ ប៉ុន្តែ​ក្រោយមក​ពួកគាត់​យល់​ពី​ជំនាញ​នេះ ក៏​ស​ម្រ​ច​ចិត្ត​ឲ្យ​នាង​រៀន​ជំនាញ​តាម​ក្ដី​ស្រឡាញ់​របស់​នាង​។​
 
​មាន​ស្រុកកំណើត​នៅ​ខេត្តតាកែវ ហង់ ណាវី យល់ថា​ជំនាញ​បច្ចេកទេស​មិនសូវមាន​អ្នករៀន ម្យ៉ាង​បច្ចុប្បន្ន​រោងចក្រ ឧស្សាហកម្ម និង​យានយន្ត​នៅ​កម្ពុជា​មានការ​កើនឡើង ដែល​ជួយ​ឲ្យ​រកចំណូលបាន​កាន់តែច្រើន​។ តាមរយៈ​ជំនាញ​ដែល​កើត​ពី​ក្ដី​ស្រឡាញ់​នេះ កញ្ញា ហង់ ណាវី មាន​គោលបំណង​យ៉ាង​ដូច្នេះ​៖ « ខ្ញុំ​ស្រឡាញ់​ជំនាញ​នេះ និង​ចង់​បង្កើត​អាជីវកម្ម​ខ្នាតតូច​មួយ ដោយ​ខ្លួនឯង មិន​ចង់​ពឹងពាក់​គ្រួសារ​។ បើ​ខ្ញុំ​អាច​បើក​យានដ្ឋាន គឺ​អាចជួយ​ការងារ​ក្មេងៗ​ជំនាន់​ក្រោយ​បាន​មួយផ្នែក​ដែរ បើ​ខ្ញុំ​ទៅធ្វើ​ការ​ឲ្យ​គេ ខ្ញុំ​មិនអាច​ជួយ​អ្នកដទៃ​បានទេ​។ តែបើ​យើង​ព្យាយាម ខំប្រឹង តស៊ូ​ទៅ​ថ្ងៃមុខ យើង​អាច​បើក​អាជីវកម្ម​ខ្នាតតូច​មួយ ពេល​អាជីវកម្ម​យើង​ដើរ យើង​អាច​ផ្ដល់​ការងារ​ដល់​ប្រជាជន​ក្នុងភូមិ​បាន​»​។​
 

​រូបភាពពីហ្វេសប៊ុក​កញ្ញា ហង់ ណាវី

​ជំនាញ​ជួសជុល​រថយន្ត​នេះ ពេលខ្លះ​ត្រូវ​ធ្វើការ​ក្រោម​កម្ដៅថ្ងៃ និង​នៅក្រោម​រថយន្ត ពិសេស​ត្រូវ​ប្រើ​កម្លាំង​ខ្លាំង​។ កញ្ញា ណាវី និយាយថា ជួសជុល​រថយន្ត​ត្រូវ​ប្រឡូកប្រឡាក់ នឹង​ប្រេងម៉ាស៊ីន ដោយ​ប្រែ​ពី​មនុស្ស​ស្រី​មក​មនុស្ស​ប្រុស ហើយ​នាង​មិនអាច​ទុក​ក្រចក​ស្អាត​ដូច​មុន​ឡើយ​។ «​នៅពេលដែល​យើង​ស្រឡាញ់​អ្វីមួយ ទោះបី​មាន​ឧបសគ្គ គឺ​ទ្រាំ​»​។ នេះ​ជាការ​លើកឡើង​របស់​ក​ញ្ញា ហង់ ណាវី​។​
 
​បើតាម​កញ្ញា ហង់ ណាវី ជំនាញ​យាន​សាស្ត្រ​រថយន្ត​នេះ មាន​និស្សិត​ស្រី តែ​២​នាក់​ប៉ុណ្ណោះ ដែល​សិក្សា ប៉ុន្តែ​ដោយសារ​ជំនាញ​នេះ មាន​ផល​លំបាក ធ្វើ​ឲ្យ​និស្សិត​ស្រី​ម្នាក់ សម្រេចចិត្ត​ឈប់រៀន ខណៈ​នាង​បន្ត​រៀន​រហូតដល់​បញ្ចប់​។ ក្រោយ​បញ្ចប់​ការសិក្សា​ជំនាញ​បច្ចេកទេស​រយៈពេល ២​ឆ្នាំ ណាវី ចេះ​ទាំង​ជំនាញ​ជួសជុល​ម៉ូតូ និង​រថយន្ត​។ 
 

​​រូបភាពពីហ្វេសប៊ុក​កញ្ញា ហង់ ណាវី 

ទោះបី​រៀន​ចប់​ក្ដី ណាវី ក៏​នៅតែ​សិក្សា​ស្រាវជ្រាវ​នៅតាម​សៀវភៅ ប្រព័ន្ធ​អ៊ីនធឺណិត និង​ចុះទៅ​កន្លែង​ជាង​ផ្ទាល់​។ យុវតី​រូបនេះ ក៏​អំពាវនាវ​ដល់​និស្សិត​ស្រី ឲ្យ​ងាក​មក​រៀន​ជំនាញ​បច្ចេកទេស ដែល​អាចជួយ​ដល់​សេដ្ឋកិច្ច​ប្រទេស និង​មិនបាច់​ចំណាយ​ស្រុក ជាពិសេស​ងាយ​រក​ការងារ​ធ្វើ​។ ប្រសិនបើ​មានឱកាស កញ្ញា ហង់ ណាវី នឹង​រៀន​ជំនាញ​នេះ​បន្តទៀត​៕



Tag:
 តាកែវ​
  ជំនាញ​បច្ចេកទេស​
  រថយន្ត​
  ស្ត្រី​
© រក្សាសិទ្ធិដោយ thmeythmey.com