ONE Championship
កីឡាជាតិ
ជាតិ
សំ ថា​រ័ត្ន ប្រាប់​អំពី​បទពិសោធន៍​ឆ្នាំ​២០១៩ និង បង្ហាញផ្លូវ​ឆ្នាំ ២០២០
31, Dec 2019 , 9:37 am        
រូបភាព
អត្ថបទ​៖ ស៊ី​ធី​

​សំ ថា​រ័ត្ន កីឡាការិនី​ល្បុក្កតោ​វ័យ​២៩ ឆ្នាំ​បាន​ប្រាប់​អំពី​បទពិសោធន៍​នៅ​ឆ្នាំ ២០១៩ ថា​ជា​ឆ្នាំ​ដ៏​អស្ចារ្យ និង​គួរ​ចងចាំ​បំផុត ព្រមទាំង​បង្ហាញ​គម្រោង​របស់ខ្លួន​ដែល​ត្រូវធ្វើ​នៅ​ឆ្នាំ​២០២០​ខាងមុខនេះ​។

 

 
​ឆ្នាំ ២០១៩ ៖ 

​សំ ថា​រ័ត្ន ថ្លែងថា​៖«២០១៩ ជា​ឆ្នាំ​ដ៏​ល្អ​ពេល​ត្រូវបាន​ការអញ្ជើញ​ទៅ​ផ្សព្វផ្សាយ​ម្ដងទៀត​ស្ដីពី​ខ្សែភាពយន្ត​ឯកសារ​នៃ​ការ​រស់​ឡើងវិញ​របស់​ក្បាច់គុន​ល្បុក្កតោ​។ ក្នុងឱកាស​នោះ បងប្អូន​ខ្មែរ​នៅ​អាមេរិក​សរសើរ , ចង់​ឲ្យ​កូន​ខ្មែរ​ហាត់​ល្បុក្កតោ​, និង ចង់​ឲ្យ​កូន​ខ្មែរ​រៀន​ភាសា​ខ្មែរ​ក្រោយ​ឃើញ​វប្បធម៌​ដ៏​ផូរផង់​នេះ​បន្ទាប់ពី​ពួកគេ​កើតមក​រៀន​តែ​វប្បធម៌​បរទេស​ក្រៅពី​នៅក្នុង​ផ្ទះ​»​។ រឿង​សប្បាយចិត្ត​មួយទៀត គឺ ជា​ជោគជ័យ​នៅក្នុង​ការថត​កុន​រប​ស់ ថា​រ័ត្ន ហើយ វា​ពិតជា​ល្អ​ដែល​រឿង​ភាគ​នោះ​ថត​ចប់​មុន​ប្រកួត​ស៊ី​ហ្គេម​រយៈពេល​ជាង​មួយខែ ពោល​ថត​ចប់​កិច្ចសន្យា​។​
 
​រឿង​ដែល​គួរ​ឲ្យ​ចងចាំ​មួយទៀត គឺ ការចូលរួម​ប្រកួត​នៅ​ស៊ី​ហ្គេម​ឆ្នាំ ២០១៩ កាល​ដើមខែ ធ្នូ ព្រោះ​ជាការ​ចូលរួម​ប្រកួត​លើកដំបូង​ដោយ​មិនមាន​ការរំពឹងទុក​។ កីឡាការិនី​វ័យ ២៩ ឆ្នាំ រំលឹក​បែបនេះ​៖«​វា​លើសពី​ការរំពឹងទុក ពេល​ខ្ញុំ​បាន​ចូលរួម​ប្រកួត​ស៊ី​ហ្គេម​តំណាង​ឲ្យ​ជាតិ​។ ខ្ញុំ​សប្បាយចិត្ត​ពេល​ត្រូវបាន​ជ្រើសរើស​ពី​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​។ ទោះ​ខ្ញុំ​អត់​បាន​មេដាយ អត់​ជោគជ័យ តែ​វា​ជា​បរាជ័យ​ដោយ​កិត្តិយស​។ ដោយសារ​ខ្ញុំ​ប៉ះ​ម្ចាស់​មេដាយមាស ៧ ជំនាន់​របស់​វៀតណាម ហើយ​គេ​ក៏​ឈ្នះ​មេដាយមាស​លើក​ទី​៨​ដែរ មិនមែន​កីឡាការិនី​អន់​នោះទេ​។ បើ​និយាយ​ទៅ ខ្ញុំ​មិនអាច​ដំឡើង​គីឡូ​ឲ្យ​ដល់ ៥៤ គីឡូក្រាម​ទេ ព្រោះ​ខ្ញុំ​បាន​ត្រឹម ៥១ គីឡូ​ប៉ុណ្ណោះ​។ យ៉ាងណា​ខ្ញុំ​ចាញ់​ដោយ​កិត្តិយស និង អស់ចិត្ត​ហើយ​មើលទៅ​ល្អមើល​ដែរ​»​។ 
 
​សិស្ស​គុន​ល្បុក្កតោ​បាន​គូសបញ្ជាក់ថា រឿង​ល្អ​ក៏មាន​ច្រើន និង រឿង​អត់​ល្អ​ក៏មាន​ច្រើន​ដែរ ប៉ុន្តែ​រឿង​ខាងលើ​សុទ្ធតែជា​ជម្រើស​ល្អៗ​គួរ​ឲ្យ​កត់សម្គាល់​និង ជា​បទពិសោធន៍​ជីវិត​នៅ​ឆ្នាំ ២០១៩​។ 


 
​ការតាំង​ចិត្ត​ឆ្នាំ ២០២០៖ 

​សំ ថា​រ័ត្ន បាន​បង្ហើប​អំពី​ការតាំង​ចិត្ត​ថា ឆ្នាំ​២០២០​យ៉ាង​ដូច្នេះ​៖«​គេ​ទាក់ទង​ឲ្យ​ឡើង​ប្រកួត​នៅ​ថៃ​ជារឿយៗ​ដែរ​ពេល​ចប់​ស៊ី​ហ្គេម​នាពេល​ថ្មីៗ​ប៉ុន្តែ ខ្ញុំ​ចង់​សម្រាក​មួយរយៈ​សិន​។ ខ្ញុំ​មិនទាន់មាន​គោលដៅ​ធំធេង​ទេ ប៉ុន្តែ បើសិន​មានឱកាស​ឡើង​សង្វៀន​ទៀត ក៏​ប្រកួត​ដែរ​ទៅ​ឆ្នាំ​ថ្មី​។ ម្យ៉ាងទៀត ក៏​មិន​ចោល​ដែរ បើ​មានឱកាស​ថតកុន​ក៏​នៅតែ​ថត​។ រឿង​ផ្សេងទៀត ខ្ញុំ​ចង់​ចូលធ្វើ​ការងារ​រដ្ឋ ហើយ​ខ្ញុំ​បានដាក់​ពាក្យ​ប្រឡង​ក្របខ័ណ្ឌ​មួយ​ដែរ​»​។ ដំណឹង​ល្អ​ផ្សេងទៀត នៅ​ឆ្នាំ ២០២០ គឺ ថា​រ័ត្ន អាច​នឹងធ្វើ​ដំណើរ​ទៅ​ប្រទេស​មួយចំនួនទៀត​ដែលមាន​ខ្មែរ​រស់នៅ​ដើម្បី​ផ្សព្វផ្សាយ​ភាពយន្ត​ឯកសារ «​ការ​រស់​ឡើងវិញ​របស់​ក្បាច់គុន​ល្បុក្កតោ​» ក៏ដូចជា​ផ្សព្វផ្សាយ​វប្បធម៌​ខ្មែរ​ទៀតផង​។ 
 
​គួរ​ដឹង​ដែរ​ថា សំ ថា​រ័ត្ន ធ្លាប់​វ៉ៃ​ក្នុង​ព្រឹត្តិការណ៍​គុន​ចម្រុះ​ចំនួន ៦ លើក​ដោយ​ក្នុងនោះ ឈ្នះ ៤ លើក និង ចាញ់ ចំនួន ២ លើក​។ ចំណែក​ការប្រកួត​ចំនួន​៣ លើក​នៅ​សង្វៀន ONE Championship កល​ឆ្នាំ ២០១៤ និង ២០១៥ សំ ថា​រ័ត្ន ឈ្នះ ១ លើក និង ចាញ់ ២​លើក​។ ថា​រ័ត្ន បាន​ផ្អាក​ឡើងទៅ​ប្រកួត​នៅ​សង្វៀន​អាជីព តាំងពី​ចុងឆ្នាំ ២០១៧ បន្ទាប់ពី​ឈ្នះ​កីឡាការិនី​ថៃ Kaewjai Prachumwong នៅ​សង្វៀន​មួយ​នៅ​ប្រទេស​ថៃ​។ 
 
​កុំ​ភ្លេច​ទស្សនា កម្មវិធី​បន្ទាប់​របស់​ស្ថាប័ន ONE Championship សូម​ទស្សនា ONE: A NEW TOMORROW នៅ​ថ្ងៃទី ១០ ខែ មករា ចាប់ពី​វេលា​ម៉ោង ៧ ល្ងាច​តទៅ​ដែលមាន​ផ្សាយ​ផ្ទាល់​តាមរយៈ Facebook, Twitter, YouTube,​និង  ONE Super App៕

© រក្សាសិទ្ធិដោយ thmeythmey.com