ជាតិ
សុខភាព
អត្រា​នៃ​ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​ធ្លាក់ចុះ​
31, Dec 2019 , 7:59 pm        
រូបភាព
អ្នកស្រី​ ស៊ឹម​ អាក់ វ័យ​២៩ និង​កូន​ប្រុសពីរនាក់​ ដែលមានអាយុ ៥ខែ និង​៥ឆ្នាំ នៅភូមិ​ស្នៀង​ ឃុំ​​ស្វាយ​តាយាន​ ខេត្ត​ស្វាយរៀង នៅថ្ងៃ​ទី​១១ ខែ​តុលា ឆ្នាំ២០១៩។ (ខាន់​ សុគុំមនោ​/VOA)
អ្នកស្រី​ ស៊ឹម​ អាក់ វ័យ​២៩ និង​កូន​ប្រុសពីរនាក់​ ដែលមានអាយុ ៥ខែ និង​៥ឆ្នាំ នៅភូមិ​ស្នៀង​ ឃុំ​​ស្វាយ​តាយាន​ ខេត្ត​ស្វាយរៀង នៅថ្ងៃ​ទី​១១ ខែ​តុលា ឆ្នាំ២០១៩។ (ខាន់​ សុគុំមនោ​/VOA)
ដោយ: VOA
​ខេត្តស្វាយរៀង ៖ កាលពី​អ្នកស្រី ស៊ឹម អាក់ មានកូន​លើកដំបូង អ្នកស្រី​ពុំបាន​គិតថា កន្លែងធ្វើការ​គួរ​មាន​បន្ទប់​មើលថែ​ទារក​មួយ ដែល​អ្នកស្រី​អាចយ​កកូន​ទៅតាម​ខ្លួន ដើម្បី​មើលថែ និង​អាច​បំបៅ​ដោះ​កូន​ដោយ​ទឹកដោះ​ខ្លួន​ផ្ទាល់​នោះទេ​។​

 
​ប៉ុន្តែ​ឥឡូវនេះ អ្នកស្រី​គិតថា ប្រសិន​ជាមាន​ទារកដ្ឋាន​នៅតាម​កន្លែងធ្វើការ «​វា​ជា​រឿង​ល្អ​» សម្រាប់​អ្នកស្រី និង​ស្ត្រី​ជា​ម្តាយ​ជាច្រើន​នាក់​ទៀត​ដែល​កំពុងធ្វើការ​នៅតាម​រោងចក្រ និង​ក្រុមហ៊ុន​នានា​។​
 
​សម្រាប់​អ្នកស្រី វា​ជា​រឿង​ល្អ​ត្រង់​ថា កាលពីពេល​មានកូន​លើកដំបូង​នៅ​ប្រាំ​ឆ្នាំមុន អ្នកស្រី​បាន​ឈប់​ធ្វើការ​ពេញ​មួយឆ្នាំ​។​
 
​ពេលនេះ អ្នកស្រី ស៊ឹម អាក់ មាន​វ័យ​២៩​ឆ្នាំ ជា​ម្តាយ​ដែល​ទើប​សម្រាលកូន​បាន​ប្រាំ​ខែ​។ អ្នកស្រី​ត្រូវ​ជួយ​រក​ចំណូល​គ្រួសារ​។ អ្នកស្រី​ធ្វើការ​នៅក្នុង​រោងចក្រ You Li International Factory នៅ​ទីក្រុង​បាវិត ខេត្តស្វាយរៀង​។​
 
​អ្នកស្រី​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖ «​បើ​មាន​មែន ស្នើសុំ​មែន​ហ្នឹង​។ ឲ្យ​មាន​កន្លែង​ដែល មានកូន​ថែទាំ​នៅក្បែរ​ខ្លួន​យើង​ធ្វើការ​ទៅ​រឹត​ល្អ​ហើយ​»​។​
 
​ក្រោយពេល​អ្នកស្រី ស៊ឹម អាក់ សម្រាលកូន​ប្រុស​ទី​ពីរ​ទើបតែ​បាន​ជិត​បី​ខែ អ្នកស្រី​តែងតែ​ទទួល​ទូរស័ព្ទ​ជា​ញឹកញយ​ពី​អ្នក​លើ​បង្គាប់​។ អ្នកស្រី​ថា ទូរស័ព្ទ​ទាំងនេះ​ជា​សញ្ញា​ដែល​គេ​តម្រូវ​ឲ្យ​អ្នកស្រី​ប្រ​ញ៉ាប់​ចូលធ្វើការ​វិញ បើ​មិន​ដូច្នោះ​ទេ​អ្នកស្រី​អាច​ប្រឈមមុខ​នឹង​ការបាត់បង់​ការងារ​។​


អ្នកស្រី​ ស៊ឹម ឡាត់ វ័យ​ ៤០ឆ្នាំ និង​ក្មួយ​ប្រុស​ អាយុ​៥ខែ​ ដែល​អ្នកស្រីត្រូវ​ជួយមើល​ថែ​ជំនួសម្តាយ របស់​គេ​ ដែល​ត្រូវ​ទៅធ្វើការ។ នៅភូមិ​ស្នៀង​ ឃុំស្វាយតាយាន​ ខេត្ត​ស្វាយរៀង នៅថ្ងៃ​ទី​១១ ខែ​តុលា ឆ្នាំ២០១៩។ (ខាន់​ សុគុំមនោ​/VOA)
 
​ការងារ​ពេញ​ម៉ោង​អ្នកស្រី​មានន័យថា កូនប្រុស​អ្នកស្រី ឈ្មោះ ហាំ យ៉ា​ឧ​ត្ត​ម ដែលជា​ទារក​អាយុ​ជាង​៥​ខែ ត្រូវ​ប្តូរ​របប​អាហារ​ពី​ទឹកដោះ​ម្តាយ ទៅ​បៅ​ម្សៅ​ទឹកដោះគោ ចាប់តាំងពី​ពេល​ឧ​ត្ត​ម មាន​អាយុ​បី​ខែ​នៅឡើយ​។ ពេលយប់ ឧ​ត្ត​ម​បៅ​ទឹកដោះ​ម្តាយ​វិញ​។ ថ្ងៃ​ណា​ដែល​ម្តាយ​របស់គេ​ត្រូវធ្វើ​ការ​លើស​ម៉ោង​នោះ ទឹកដោះ​ម្តាយ​នឹងមិន​សូវ​ចេញ​ឬ​អាច​មិន​ចេញ​តែម្តង​។  ឥឡូវនេះ សមាជិកគ្រួសារ​គ្រប់គ្នា​នៅក្នុង​ផ្ទះ​របស់ ស៊ឹម អាក់ ត្រូវ​ដឹង​ពី​របៀប​លាយ​ម្សៅ​ទឹកដោះគោ​សម្រាប់​ទារក​ជាមួយនឹង​ទឹក​ដាំ​ពុះ ឬ​ទឹកបរិសុទ្ធ ហើយ​ត្រូវ​បន្ស៊ាំ​ទម្លាប់​របស់​ឧ​ត្ត​ម ពី​ការ​បៅដោះ​ម្តាយ​មកជា​ការ​បៅ​ដោយ​ក្បាល​ដប​ទឹកដោះគោ​។ ឧ​ត្ត​ម ជា​ទារក​ដែល មាន​ទឹកមុខ​រីករាយ លើកលែងតែ​ពេលដែល​គាត់​ភ្ញាក់ឡើង ហើយ​មិនឃើញ​មនុស្សពេញវ័យ​នៅក្បែរ ដើម្បី​ពរ​គាត់​ដើរលេង​ជុំវិញ​ផ្ទះ​ឬ​តាម​ភូមិ​។​
 
​បើទោះបីជា​អ្នកស្រី ស៊ឹម អាក់ និង​ម្តាយ​ដទៃទៀត​ដែល​កំពុងធ្វើការ​នៅក្នុង​រោងចក្រ​ចង់​បំបៅកូន​ដោយ​ទឹកដោះ​ឲ្យ​បាន​ពេញលេញ​និង​តែមួយ​មុខ​គត់​ក្នុង​រយៈពេល​៦​ខែ​ដំបូង ដូច​អ្វីដែល​ក្រុមគ្រូពេទ្យ​បាន​ឲ្យ​ដំបូន្មាន ពួកគេ​មិនដឹងថា តើ​ពួកគេ​ត្រូវ​លើកយក​បញ្ហា​នេះ​ទៅ​ជជែក​យ៉ាងណា​ជាមួយ​ប្រធាន​ក្រុមហ៊ុន​របស់​ពួកគេ​នោះទេ​។​
 
​ការផ្លាស់ប្តូរ​ដែល​គួរ​ឲ្យ​បារម្ភ​
 
​ករណី​ឧ​ត្ត​ម​នៅពេល​ម្តាយ​របស់គេ​ត្រឡប់​ទៅធ្វើ​ការ​វិញ ជា​ឧទាហរណ៍​មួយ​ពន្យល់​ពី​មូលហេតុ​ដែល​អត្រា​បំបៅ​ដោះ​កូន​ដោយ​ទឹកដោះ​ម្តាយ កំពុង​ធ្លាក់ចុះ​នៅ​កម្ពុជា​ដែលជា​ការផ្លាស់ប្តូរ​មួយ​ធ្វើឱ្យ​អ្នកជំនាញ​លើ​ការរីក​ធំធាត់​របស់​កុមារ​មានការ​ព្រួយបារម្ភ​។​
 
​កាលពី​ឆ្នាំ​២០១០ កម្ពុជា​ធ្លាប់ជា​ប្រទេស​ដែលមាន​អត្រា​នៃ​ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​ខ្ពស់​។ ៧៤% នៃ​ទារក​ក្រោម​អាយុ​៦​ខែ​បាន​បៅ​ទឹកដោះ​ម្តាយ​។ ប៉ុន្តែ​៤​ឆ្នាំ​ក្រោយមក នៅ​ឆ្នាំ​២០១៤ អត្រា​នេះ​ធ្លាក់ចុះ មក​ត្រឹម ៦៥%​។ ការធ្លាក់ចុះ​នៃ​ការ​បំបៅ​ទារក​ក្រោម​អាយុ​៦​ខែ​ដោយ​ទឹកដោះ​ម្តាយ នេះ​ត្រូវបាន​គេ​ប៉ាន់ប្រមាណ​ថា​នៅតែ​បន្ត​មកទល់​សព្វថ្ងៃ នេះ​បើ​ទោះ​ទិន្នន័យ​ចុងក្រោយ​មិនទាន់​បង្ហាញ​ជា​សាធារណៈ​ក៏ដោយ​។ នេះ​បើ​យោងតាម លោកស្រី Cristian Munduate ប្រធាន​អង្គការ UNICEF ប្រចាំ​នៅ​កម្ពុជា​ដែល​តាមដាន​ការ​ធំធាត់​របស់​កុមារ​។ លោកស្រី​ថា «​វា​គឺជា​ការធ្លាក់ចុះ​យ៉ាងខ្លាំង​»​។​


អ្នកស្រី ​Cristian Munduate នាយិកាអង្គការយូនីសេហ្វ​ប្រចាំ​ប្រទេសកម្ពុជា​ នៅ​ការិយាល័យ​ របស់​អ្នកស្រី​ នៅ​រាជធានី​ភ្នំពេញ​ នៅថ្ងៃ​ទី​១៧ ខែ​តុលា ឆ្នាំ២០១៩។ (ខាន់​ សុគុំមនោ​/VOA)
 
​លោកស្រី Cristian Munduate មានប្រសាសន៍ថា​៖ «​គ្រួសារ​ទាំងអស់ គួរតែ​ដឹង​អំពី​សារៈសំខាន់​នៃ​ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​ក្នុងអំឡុងពេល ៦​ខែ​ដំបូង​នៃ​ជីវិត​របស់​ពួកគេ​»​។​
 
​អ្នកស្រី​បន្ថែមទៀតថា​៖  «​នៅក្នុង​បរិបទ​ប្រទេស​កម្ពុជា ដែល​និយម​ចូលចិត្ត​ឱសថ​បែប​ធម្មជាតិ និង​មិន​ងាយ​ចង់​ប្រើប្រាស់​ផលិតផល​គីមី និង​ផលិតផល​បែប​កែច្នៃ​នោះទេ ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​នេះ​គឺជា​ដំណើរ​ការដែល​ផ្តល់ឱ្យ​ទារក​នូវ​ផលិតផល​មិនមែន​គីមី​។ ដូច្នេះ ការ ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​គឺ​ល្អ ព្រោះ​វា​ជា​វ៉ាក់សាំង​ធម្មជាតិ​ដំបូង​ដែល​កូន​ទទួលបាន​»​។​
 
​របាយការណ៍​របស់​អង្គការ UNICEF បង្ហាញថា ការអនុវត្ត​ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​ឲ្យ​បាន​ត្រឹមត្រូវ អាច​ការពារ​កុមារ​ប្រមាណ ៨២៣.០០០ នាក់​ឲ្យ​ជៀស​ផុតពី​ការស្លាប់​ជា​រៀងរាល់ឆ្នាំ​នៅ​ទូទាំង​ពិភពលោក​។​
 
​បន្ថែម​លើ​នោះ​ទៀត ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​រួមចំណែក​ដល់​ការអភិវឌ្ឍ​សមត្ថភាព​នៃ​ការគិត​របស់​កុមារ ភាពជោគជ័យ​ក្នុងការ​សិក្សា និង​សក្តានុពល​នៃ​សមត្ថភាព​ការងារ បង្កើន​ប្រាក់ចំណូល​នាពេល​អនាគត​របស់​ពួកគេ​។ នេះ​បើ​យោងតាម​ការស្រាវជ្រាវ​ដែល​ត្រូវបាន​ចុះផ្សាយ​នៅក្នុង​ទស្សនា​វ​ដ្តី​វេជ្ជសាស្ត្រ​នៅ​សហរដ្ឋអាមេរិក The Lancet  ដែលជា​ស្ថាប័ន​ស្រាវជ្រាវ​ដែល​ទទួលបាន​ការគោរព​ជា​សាកល​។​
 
​សម្រាប់​កម្ពុជា កាលណា​អត្រា​នៃ​ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​ធ្លាក់ចុះ នោះ​កម្ពុជា​នឹងត្រូវ​ចាយ​អស់ប្រាក់​បន្ថែម ១​លាន​ដុល្លារ​ប្រចាំឆ្នាំ ទៅលើ​ការព្យាបាល​កុមារ​ដែលមាន​ជំងឺ​រាគរូស និង​ជំងឺ​រលាក​ទងសួត និង​ម្តាយ​ដែល​ប្រឈម​នឹង​ជំងឺ​ទឹកនោមផ្អែម ប្រភេទ​ទី​២​។ នេះ​ជាការ​ប៉ាន់ប្រមាណ​របស់​របាយការណ៍ Alive & Thrive ដែល​ស្រាវជ្រាវ​អំពី​ការខាតបង់​នានា ក្រោម​ការឧបត្ថម្ភ​រប​ស់​មូលនិធិ និង​អង្គការ​អន្តរជាតិ​មួយចំនួន ដែល​ក្នុងនោះ​មាន Bill & Melinda Gates និង UNICEF​។ កម្ពុជា​នឹង​ប្រឈម​នឹង​បញ្ហា​ទាំងនេះ បើ​កុមារ​ពុំបាន​បៅ​ទឹកដោះ​ម្តាយ​ត្រឹមត្រូវ​។ ទស្សនា​វ​ដ្តី​វេជ្ជសាស្ត្រ The Lancet បញ្ជាក់ទៀតថា ការទទួលបាន​ទឹក​ម្តាយ​ត្រឹមត្រូវ វា​នឹង​អាច​លុបបំបាត់​បញ្ហា​ជំងឺ​ទាំងបី​ខាងលើ​ចំពោះ​កុមារ និង​ម្តាយ​។​
 
​របាយការណ៍​នេះ​បន្ថែមទៀតថា កម្ពុជា​នឹង​ខាតបង់​ទឹកប្រាក់​ចំនួន ៨៣​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​ដោយសារ​ការបាត់បង់​សមត្ថភាព​ខាង​បញ្ញា នាពេល​អនាគត ដែល​ពាក់ព័ន្ធ​នឹង​ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​មិនបាន​គ្រប់គ្រាន់​។​
 
​ច្បាប់​គោលនយោបាយ និង​ការពិត​ជាក់ស្តែង​
 
​មាន​កត្តា​ខ្លះ រួមចំណែក​ឱ្យមាន​ការធ្លាក់ចុះ​នៃ​ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​នៅ​កម្ពុជា​។ ការខ្វះ​ការគាំទ្រ​ពី​មនុស្ស​ជុំវិញខ្លួន និង​គោលនយោបាយ​ធានា​ការ​បំបៅកូន​ដោយ​ទឹកដោះ និង​ការលំបាក​ក្នុងការ​បំបៅកូន​ដោយផ្ទាល់​ស្របពេល​ដែល​ត្រូវបំពេញ​ការងារ​រក​ចំណូល​ផង ព្រមទាំង​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​យ៉ាងខ្លាំង​ក្លា​ទាក់ទាញ​ឲ្យ​ប្រើប្រាស់​ទឹកដោះគោ​ម្សៅ​ផ្សំ​តាម​រូបមន្ត​សម្រាប់​ចិញ្ចឹម​ទារក និង​ផលិតផល​ជំនួស​ទឹកដោះ​ម្តាយ​ផ្សេងៗ​នេះ​។ បើ​យោងតាម​អង្គការ UNICEF​។​
 
​ស្ត្រី​កម្ពុជា​ចំនួន​ប្រមាណ ២,៤ លាន​នាក់ ដែលមាន​អាយុ​ចន្លោះ​ពី​១៥ ទៅ​៣៤​ឆ្នាំ ចូលរួម​ជា​កម្លាំង​ពលកម្ម​នៅក្នុង​ទីផ្សារការងារ ហើយ​មួយ​ភាគបី​នៃ​ពួកគេ​ធ្វើការ​នៅក្នុង​រោងចក្រ​កាត់ដេរ​។ លោកស្រី Cristian Munduate លើកឡើង​ដែរ​ថា វា​ទាមទារ​ឲ្យ​មានច្បាប់​និង​យន្តការ​នានា​ដែល​អាច​ធានា​ដល់​ស្ត្រី​នូវ​ឱកាស​បំបៅកូន​ដោយ​ទឹកដោះ​។​
 
​ប៉ុន្តែ​ច្បាប់ និង​ស្ថានភាព​សេដ្ឋកិច្ច​ជាក់ស្តែង ដែល​តម្រូវ​ឲ្យ​ស្ត្រី​ជាច្រើន​ចេញទៅ​ធ្វើ​ការរកចំណូល នៅ​មិនទាន់​ដើរ​ស្របគ្នា​នៅឡើយ​។​
 
​អ្នកស្រី ស៊ឹម អាក់ និង​ស្វាមី ភឹង ទិ​ត្យា ដែលជា​អាជីវករ​ដុត​នំប៉័ង នៅ​ភូមិ​ព្រៃ​ស្នៀង ឃុំ​ស្វាយ​តា​យាន មានកូន​ប្រុស​ពីរ​នាក់​។  ប្តី​ប្រពន្ធ​អ្នក​ទាំងពីរ ពឹង​ទៅលើ​បងស្រី​អ្នកស្រី ស៊ឹម អាក់ គឺ​អ្នកស្រី ស៊ឹម ឡា​ត់ អាយុ ៤០​ឆ្នាំ ដើម្បី​មើលថែ​កូន​របស់​ពួកគេ​ដែលមាន​អាយុ​៥​ឆ្នាំ​និង​៥​ខែ​។​
 
​រោងចក្រ​ដែល​អ្នកស្រី ស៊ឹម អាក់ កំពុងធ្វើការ​អនុញ្ញាត​ឲ្យ​ស្ត្រី​កូនខ្ចី​ដែល​ចូលធ្វើការ​ក្រោយ​សម្រាលកូន អាច​សម្រាក​មួយ​ម៉ោង​ក្នុង មួយថ្ងៃ ឬ​កន្លះ​ម៉ោង​ពេលព្រឹក និង​កន្លះ​ម៉ោង​ពេល​រសៀល ដើម្បី​ចេញមក​សម្រាក និង​បំបៅកូន​បាន ក្នុង​រយៈពេល​មួយឆ្នាំ​។ ទោះជា​យ៉ាងណា អ្នកស្រី​ថា​គោលនយោបាយ​នេះ មិនអាច​អនុវត្តបាន​ទេ​ចំពោះ​ការ​បំបៅ​ដោះ​កូន​ដោយសារ គ្រាន់តែ​ការធ្វើដំណើរ អ្នកស្រី​ត្រូវ​ចំណាយពេល​លើស​កន្លះ​ម៉ោង​ទៅហើយ ដោយ​ត្រូវ​ជិះ​ម៉ូតូ​លើ​ចំងាយ​២០​គីឡូម៉ែត្រ ពី​រោងចក្រ​ទៅផ្ទះ​។ 
 
​ស្ត្រី​ដែល​ធ្វើការ​នៅ​រោងចក្រ ដូច​អ្នកស្រី ស៊ឹម អាក់ ដែល​មិនមាន​លទ្ធភាព​ពន្យារ​ការ​សម្រាក​លើសរ​បប​មាតុភាព គឺ​មិនអាច​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​ពេញ​ដល់​៦​ខែ​ឡើយ​។​
 
​អ្នកស្រី ស៊ឹម អាក់ និយាយថា​៖ «​សម័យ​ឥឡូវ​គេ​ធ្វើ​រោងចក្រ​ទាំងអស់​។ ម្តាយ​គឺ​ទៅ​ចោល​កូន​ទាំងអស់​ភាគច្រើន​»​។​
 
​នៅផ្ទះ​មួយ ចម្ងាយ​ប្រហែល​មួយ​គីឡូម៉ែត្រ ពីគ្នា​នៅលើ​បណ្តោយ​ផ្លូវ​ក្នុងភូមិ​ព្រៃ​ស្នៀង​នេះ អ្នកស្រី អ៊ុក សុខា វ័យ​៥៨ ឆ្នាំ កំពុង​ច្រៀង​បំពេ​ចៅប្រុស​អាយុ​២​ខែ​កន្លះ ដែល​គេង​នៅក្នុង​អង្រឹង​ឬ​ស្សី​។ ពេល​ចៅប្រុស​យំ អ្នកស្រី ទាញ​ដប​ទឹកដោះគោ ដែល មានទឹក​គោ​ម្សៅ​លាយ​ស្រាប់​ជាមួយ​ទឹក​សុទ្ធ យកមក​បញ្ចុក​ចៅ​ឲ្យ​គេង​។ 


អ្នកស្រី​ អ៊ុក សុខា​ វ័យ​ ៥៨ឆ្នាំ​ កំពុង​យោល​អង្រឹង​បំពេរ​ចៅ​ប្រុស​អាយុពីរ​ខែ​កន្លះ​ឲ្យគេង។ អ្នកស្រី​បាន​ឲ្យដឹងថា​ អ្នកស្រីចិញ្ចឹម​ចៅ​របស់អ្នកស្រី​ដោយបំបៅទឹកដោះគោ​ម្សៅ​ ដែល​ជាធម្មតា​ម្តាយ​របស់គេ​ចំណាយ​ប្រាក់អស់​ជាង​ ៨០ដុល្លារ​សហរដ្ឋអាមេរិក​នៅ​ក្នុង​មួយខែ​។ ថត​នៅភូមិ​ស្នៀង​ ឃុំស្វាយ​តាយាន​ ខេត្ត​ស្វាយរៀង នៅថ្ងៃ​ទី​១១ ខែ​តុលា ឆ្នាំ២០១៩។ (ខាន់​ សុគុំមនោ​/VOA)
 
​រយៈពេល​៨​ឆ្នាំ​កន្លងទៅ អ្នកស្រី​បាន​មើលថែ​ចៅ​ចំនួន ១១​នាក់ ជា​បន្តបន្ទាប់​។ ចៅ​ទាំងអស់​ជា​កូនៗ​របស់​កូនស្រី ៥​នាក់ និង​កូនប្រុស​ម្នាក់​របស់​អ្នកស្រី​។ ពួកគេ​បាន​ទិញ​ឧបករណ៍​កូនង៉ា​ជា​ឈុតៗ​និង​ផលិតផល​ម្សៅ​ទឹកដោះគោ​សម្រាប់​ទារក​ជា​កំប៉ុងៗ​មាន​ដប​ទឹកដោះគោ​ច្រើន​ដប និង​ទឹក​សុទ្ធ​ទាំង​កេសៗ​ផងដែរ​។​
 
​អ្នកស្រី សុខា បាន​ឲ្យ​ដឹងថា​៖ «​ឲ្យ​គ្នា​បានចេញ​រក​ទៅ​វា​ធូរ​។ បើ​ថា យើង​មិន​មើល​ឲ្យ​វា វា​ធ្វើ​អី​បាន រក​អី​បាន​? ហើយ​បើ​ឲ្យ​អឹម (​បៅ​) ទឹកដោះ​ម្តាយ ម៉ែ​វា​ទៅធ្វើ​ការ​ម៉េច​រួច​អូន​? ទាល់តែ​អឹម​ទឹកដោះគោ​បាន បាន​ទៅរួច បាន​បាន​លុយ​ចំណូល​ខ្លះ​»​។​
 
​អ្នកស្រី​បន្តទៀតថា ចៅប្រុស​អាយុ ២​ខែ​កន្លះ​របស់ អ្នកស្រី​បៅ​ទឹកដោះគោ​អស់ ៥​ដប​តូចៗ ក្នុង​មួយថ្ងៃ​។​
 
​ជាទូទៅ គ្រួសារ​ដែល​ចិញ្ចឹម​ទារក​អាយុ​ក្រោម ៦​ខែ ចំណាយ​ទឹកដោះគោ​ម្សៅ​កំប៉ុង​តូច អស់​ប្រមាណ​៧​កំប៉ុង​ក្នុង​មួយខែ​។ ទឹកដោះ​គោមួយ​កំប៉ុង​មានតម្លៃ​ប្រហែល​១២ ដុល្លារ​សហរដ្ឋអាមេរិក​មានន័យថា ឪពុកម្តាយ​ត្រូវ​ចំណាយ​ជាង ៨៤​ដុល្លា​ក្នុង​មួយខែ ប្រសិនបើ​របប​អាហារ​គេ​គឺ​ម្សៅ​ទឹកដោះគោ​សុទ្ធ នេះ​មិន​រាប់បញ្ចូល​តម្លៃ​ទឹក​សុទ្ធ​។​
 
​អ្នកស្រី សុខា កាលពី​អ្នកស្រី​ជា​ម្តាយ​វ័យក្មេង អ្នកស្រី​បំបៅកូន​ទាំងអស់​ដោយ​ទឹកដោះ​ខ្លួន​ផ្ទាល់​នៅឯ​តាម​វាលស្រែ​។​
 
​ការលក់​ផលិតផល​ជំនួស​ទឹកដោះ​ម្តាយ​កើនឡើង​
 
​ផលិតផល​បង្កើត​ដើម្បី​ជំនួស​ទឹកដោះ​ម្តាយ មាន​លក្ខណៈ​ជាស​កល និង​កំពុង​កើនឡើង​។ ការរីកលូតលាស់​នៃ​ផលិតផល​ប្រើ​ជំនួស​ទឹកដោះ​ម្តាយ​នៅក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ បានធ្វើ​ឲ្យ​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ ដើរ​ថយក្រោយ​វិញ នេះ​បើតាម​យោងតាម​អង្គការ UNICEF​។​


ម្សៅ​ទឹក​ដោះ​គោ​ជំនួស​ទឹក​ដោះ​ម្តាយ​ជា​ច្រើនម៉ាក​ តាំងលក់នៅ​ក្នុង​ហាង​លក់ទំនិញ​នៅ​ទីរួម​ខេត្ត​ស្វាយ​រៀង​។ ម៉ោង​ជាង ៩យប់ នៅ​មាន​អ្នករក​ទិញ​ម្សៅទឹកដោះគោ​ជំនួស​ទឹក​ដោះម្តាយ​ សម្រាប់ទារក។​ ថត​នៅ​ខេត្ត​ស្វាយ​រៀង​ នៅថ្ងៃ​ទី​១១ ខែ​តុលា ឆ្នាំ២០១៩។ (ខាន់ សុគុំមនោ/VOA)
 
​អង្គការ​សុខភាព​ពិភពលោក ឲ្យ​ដឹងថា​នៅក្នុង ឆ្នាំ​២០១៤ ទឹកប្រាក់​ដែល​បាន​ពី​ការលក់​ផលិតផល​ជំនួស​ទឹកដោះ​ម្តាយ បាន​កើន​ឡើងដល់​ប្រហែល ៤៤,៨ ពាន់​លាន​ដុល្លារ​។ នៅ​ចុងឆ្នាំ​២០១៩ ការលក់​ផលិតផល​នេះ​ត្រូវបាន​គេ​រំពឹងថា នឹង​កើន​ឡើងដល់ ៧០,៦​ពាន់​លាន​ដុល្លារ នៅ​ទូទាំង​ពិភពលោក​។​
 
​នៅ​កម្ពុជា របាយការណ៍​មួយ​ដែល​ចេញ​ដោយ​អង្គការ​Hellen Keller Institute (HKI) និង World Vision International (WVI) ដែល​បោះពុម្ពផ្សាយ​ក្នុង​ខែកក្កដា ឆ្នាំ ២០១៩ រកឃើញថា ៩២%​នៃ​ស្លាក​សញ្ញា​លើ​ផលិតផល​ជំនួស​ទឹកដោះ​ម្តាយ​ដែល​រួមទាំង​ម្សៅ​ទឹកដោះគោ​សម្រាប់​ទារក មាន​សរសេរ​ជា​លាយលក្ខណ៍អក្សរ​ដែល​បង្ហាញ​ពី​គុណប្រយោជន៍​នៃ​ការប្រើប្រាស់​ផលិតផល​ជំនួស​ទឹកដោះ​ម្តាយ ដែល​លើកទឹកចិត្ត​និង រារាំង​ដល់​ការ​បំបៅកូន​ដោយ​ទឹកដោះ​។ នេះ​ជាការ​រំលោភ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល ក្នុងការ​លើកកម្ពស់​កា​រ​បំបៅ​ដោះ​កូន​ដោយ​ទឹកដោះ​ម្តាយ​តែមួយ​មុខ​ដល់​ទារក​ក្រោម​អាយុ​៦​ខែ​។​
 
​ដើម្បី​ធ្វើ​របាយការណ៍​នេះ គេ​បាន​ស៊ើបអង្កេត​នៅក្នុង​ហាង​ចំនួន ៦៦ នៅ​ទូទាំង​ខេត្ត​ចំនួន​៥​ក្នុងប្រទេស​កម្ពុជា​។ អ្នកស្រី Mary Champeny អ្នកជំនាញ​ស្រាវជ្រាវ​ផ្នែក​អាហារូបត្ថម្ភ នៃ​អង្គការ Hellen Keller International បាន​ប្រាប់​វី​អូ​អេ​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​ថា​៖
 
«​ផលិតផល​ទាំងនេះ ជារឿយៗ​ត្រូវបាន​គេ​ផ្សព្វផ្សាយ​លក់​តាម​ទីផ្សារ​ជាមួយនឹង​ការអះអាង​ខុសឆ្គង​អំពី​ការដែល​វា​ធ្វើឱ្យ​ប្រសើរឡើង​នូវ​គុណភាព​បញ្ញា (IQ) និង​ប្រព័ន្ធ​ភាពស៊ាំ​របស់​កុមារ ឬ​ត្រូវ​មានការ​អះអាងថា វា​ជា​ផលិតផល​ចាំបាច់​សម្រាប់​ការលូតលាស់​ប្រកបដោយ​សុខភាព​ល្អ​»​។​
 
​សន្និបាត​សុខភាព​ពិភពលោក​បានអនុម័ត​ក្រម​អន្តរជាតិ​នៃ​ការផ្សព្វផ្សាយ​លក់​ផលិតផល​ជំនួស​ទឹកដោះ​ម្តាយ​ក្នុង​ឆ្នាំ ១៩៨១ «​ដើម្បី​ការពារ និង លើកកម្ពស់​ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​តាមរយៈ​ការផ្តល់​ព័ត៌មាន​គ្រប់គ្រាន់​ស្តីពី​ការចិញ្ចឹម​ទារក​ឱ្យ​សមស្រប និង​បទបញ្ញត្តិ​ស្តីពី​ទីផ្សារ​នៃ​ការលក់​ផលិតផល​ជំនួស​ទឹកដោះ​ម្តាយ ដប និង​ក្បាលដោះ​ជ័រ​»​។​
 
​ក៏ប៉ុន្តែ យោងតាម​ការសិក្សា​ស្រាវជ្រាវ​ផ្សេងទៀត ដែល​អ្នកស្រី Mary Champeny ជា​អ្នកស្រាវជ្រាវ​រកឃើញ​បង្ហាញថា ទារក​នៅ​កម្ពុជា ៣៦,១%  (​ឬ​២​នាក់​ក្នុងចំណោម​៥​នាក់​) ចាប់តាំងពី​ពេល​កើត​រហូតដល់​៥​ខែ ត្រូវបាន​បំបៅ​ដោយ​ទឹកដោះ​ម្តាយ​សុទ្ធ​។ ការប្រើប្រាស់​ផលិតផល​ជំនួស​ទឹកដោះ​ម្តាយ គឺ​ខ្ពស់​ក្នុងចំណោម​ទារក​ពី​កើត​ដល់​អាយុ​៥​ខែ មាន​៤៣,១% និង​ពី​អាយុ​ពី ៦​ទៅ ២៣​ខែ មាន​២៩,៣% ។​
 
​សព្វថ្ងៃនេះ​មន្ទីរពេទ្យ​រដ្ឋ ឬ​សម្ភព​ឯកជន ឬ​តាម​កន្លែង​ផ្តល់​សេវាកម្ម​មណ្ឌល​សុខភាព​នានា​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ផ្តល់ព័ត៌មាន​ពី​សារៈសំខាន់​អំពី​ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​។​
 
​វេជ្ជបណ្ឌិត សុ​ត សំ​អូន វ័យ ៣០​ឆ្នាំ បម្រើការ​នៅ​មន្ទីរពេទ្យបង្អែក​សាមគ្គី​រំដួល​នៅ​ខេត្តស្វាយរៀង​ដែលជា​រៀងរាល់ខែ​មាន​ស្ត្រី​ប្រហែល ២០​នាក់ ទៅ​សម្រាលកូន បាន​និយាយថា ហេតុផល​ចំបង​ពីរ​ដែល​ស្ត្រី​ទាំងនោះ​ងាក​ទៅ​ស្វែងរក​ទឹកដោះគោ​ជំនួស​វិញ គឺ​ពេលដែល​ទឹកដោះ​របស់​ពួកគេ​មិន​ចេញ​ដោយសារ​បញ្ហា​សុខភាព ឬ​ភាព «​មមាញឹក​» ។​


លោក​ សុត សំអូន​ វ័យ​៣០ឆ្នាំ ជា​វេជ្ជបណ្ឌិត​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុកសាមគ្គីរំដួល​ នៅ​ខេត្ត​ស្វាយ​រៀង​ នៅថ្ងៃ​ទី​១២ ខែ​តុលា ឆ្នាំ២០១៩។ (ខាន់​ សុគុំមនោ​/VOA)
 
​ទោះយ៉ាងណា​ក៏ដោយ លោក​ថា ក្រុមហ៊ុន​ផលិត​ម្សៅ​ទឹកដោះគោ​ជំនួស​ទឹក​ម្តាយ​នានា​បានធ្វើ​បទ​បង្ហាញ​ម្តង​ឬ​ពីរដង​ក្នុង​មួយឆ្នាំ​ដល់​ឆ្មប​ដែល​ធ្វើការ​នៅ​មន្ទីរពេទ្យ​។ 
 
«​បាទ ពីព្រោះថា​អាហ្នឹង​អត់​អាចធ្វើ​នៅ​មន្ទីរពេទ្យ​បានទេ ព្រោះ​ខុសច្បាប់​។ បទ​បង្ហាញ​គាត់ មួយ​ម៉ោង​តិច​តូច​ហ្នឹង បន្ទាប់មក​អាហារសម្រន់ ហើយ​ចែក​កាដូ​ឲ្យ​អ្នកចូលរួម​»​។​
 
​បើទោះជា​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ផលិតផល​ម្សៅ​ជំនួស​ទឹកដោះ​ម្តាយ​នៅក្នុង​មន្ទីរពេទ្យ​រដ្ឋ និង​ឯកជន​ប្រាសចាក​ពី​អនុក្រឹត្យ​របស់​រដ្ឋាភិបាល​ក៏ដោយ គេ​នៅ​ឃើញ​ក្រុមហ៊ុន​មួយចំនួន​ធ្វើការ​បង្ហោះ​តាម​ប្រព័ន្ធ​សង្គម​ហ្វេ​ស​ប៊ុ​ក នូវ​រូបភាព​ដែល​បង្ហាញ​ការជូន​អំណោយ​ជា​ផលិតផល​ម្សៅ​ជំនួស​ទឹកដោះ​ម្តាយ​នៅតាម​គ្លីនិក​ឯកជន​ទំនើបៗ​។ 
 
​លោក ទឹម សុវណ្ណារ៉ា ម្ចាស់​ក្រុមហ៊ុន​ម្សៅ​ទឹកដោះគោ Nutrilatt Cambodia បាន​ប្រាប់ VOA ថា​៖ «​បាទ​វា​គ្រាន់តែ​ជា​វត្ថុ​អនុស្សាវរីយ៍​សម្រាប់​ត្រៀម​សម្រាល យើង​មិនមែន​បង្ខំ​ឲ្យ​គាត់​ប្រើប្រាស់​ទេ ព្រោះ​យើង​ដឹង​ច្បាស់​ហើយ​រឿង​បញ្ហា​ក្រសួងសុខាភិបាល មិន​តម្រូវ​ឲ្យ​អ្នក​ម្តាយ​ទាំងអស់​ហ្នឹង​ប្រើ​ម្សៅ​ទឹកដោះគោ​»​។​


អ្នកស្រី​ ស៊ឹម​ អាក់ វ័យ​២៩ និង​កូន​ប្រុសពីរនាក់​ ដែលមានអាយុ ៥ខែ និង​៥ឆ្នាំ នៅភូមិ​ស្នៀង​ ឃុំ​ស្វាយ​តាយាន​ ខេត្ត​ស្វាយរៀង នៅថ្ងៃ​ទី​១១ ខែ​តុលា ឆ្នាំ២០១៩។ (ខាន់​ សុគុំមនោ​/VOA)
 
​មុនពេល​និង​ក្រោយពេល​សម្រាលកូន អ្នកស្រី ស៊ឹម អាក់ បានឃើញ​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ផលិតផល​ម្សៅ​ទឹកដោះគោ ដែល​បង្ហាញ​ពី​រូបភាព​ទារក​រីករាយ ស្រស់ថ្លា សំ​បុរសរ និង​ថ្លោស​។​
 
​អ្នកស្រី​បាន​និយាយ​យ៉ាង​ដូច្នេះ​ថា​៖ «​ទឹកដោះគោ​ម្សៅ​ភាគច្រើន​វា​សំបូរ​វីតាមីន​ដែរ​បង​។ វីតាមីន វា​មាន​គ្រប់គ្រាន់​សម្រាប់​កូន​។ ពេលខ្លះ​ទឹកដោះ​ម្តាយ​ក៏​វា​មិនល្អ​អស់​ដែរ​បង​។ ឮ​គេ​និយាយ​អញ្ចឹង​បង​»​។​
 
​អ្នកស្រី​និង​ស្ត្រី​ដទៃទៀត​នៅក្នុង​ភូមិ​ដែល​វី​អូ​អេ​បាន​សម្ភាស​ជឿថា ម្សៅ​ទឹកដោះគោ​ដែល​ផ្សំ​ឡើង​តាម​រូបមន្ត​ផ្តល់នូវ​អាហារូបត្ថម្ភ​បំប៉នបន្ថែម និង​មាន​ជីវជាតិ​ល្អ​ជាង​ទឹកដោះ​ម្តាយ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com