ជាតិ
មុន​ចាប់ផ្តើម​ការងារ​នៅ​កម្ពុជា ទូត​តែងតាំង​ថ្មី​អូស្ត្រាលី​ទៅ​ដើរលេង​នៅ​តំបន់​អង្គរ​
31, Dec 2019 , 10:51 am        
រូបភាព
ដោយ: ថ្មីៗ
​លោក Pablo Kang ឯកអគ្គរាជទូត​តែងតាំង​ថ្មី​របស់​អូស្ត្រាលី បានធ្វើ​ដំណើរ​ទេសចរ​ណ៍​ទៅកាន់​ខេត្តសៀមរាប ដើម្បី​ទស្សនា​តំបន់​អង្គរ​។ ក្នុង​សម្លៀកបំពាក់​ជា​អ្នកទេសចរ​ដ៏​សាមញ្ញ​មួយរូប លោក Kang បាន​បង្ហោះ​រូបថត​ពីរ​សន្លឹក​នៅលើ​គណនី Twitter របស់ខ្លួន ជាមួយនឹង​ស្នាមញញឹម​។​

 
«​មុនពេល​ខ្ញុំ​ចាប់ផ្តើម​ការងារ វា​ជា​ឱកាស​ដ៏​អស្ចារ្យ​មួយ​ដែល​ខ្ញុំ​ទៅ​ទស្សនា​តំបន់​អង្គរ​ដ៏​ពិសិដ្ឋ និង​គួរ​ឲ្យ​ស្ងប់​ស្ងែ​ង ដូចជា​ពលរដ្ឋ​អូស្ត្រាលី​រាប់ពាន់នាក់​ទៀត​ដែល​បាន​ធ្វើជា​រៀងរាល់ឆ្នាំ​»​។ លោក​បាន​សរសេរ​យ៉ាង​ដូច្នេះ​នៅលើ Twitter របស់ខ្លួន​។​
 
​យោងតាម​ការផ្សាយ​រប​ស់កា​សែត The National ប្រចាំ​ក្រុង​អា​ប៊ូ​ដា​ប៊ី ឪពុកម្តាយ​របស់លោក Pablo Kang មាន​ដើមកំណើត​កូរ៉េខាងត្បូង ដោយបាន​ចាកចេញ​ពី​សេ​អ៊ូ​ល​ទៅ​នៅក្នុង​ក្រុង​ស៊ីដនី នា​អំឡុង​ឆ្នាំ​១៩៦០​។ ឈ្មោះ​របស់លោក​ត្រូវបាន​យកតាម​វិចិត្រករ​អ៊ីតាលី Pablo Picasso ដែល​បានទទួល​មរណភាព​នៅ​ឆ្នាំ​១៩៧៣ ចំពេល​ដែល​លោក​បានកើត​។​
 
​កាលពី​ថ្ងៃទី​១៦ ខែធ្នូ សមាជិក​ព្រឹទ្ធសភា​នៃ​ប្រទេស​អូស្ត្រាលី លោកស្រី Marise Payne និង​ជា​រដ្ឋមន្ត្រីការបរទេស និង​រដ្ឋមន្ត្រី​កិច្ចការនារី​ផង​នោះ បានប្រកាស​តែងតាំង​លោក Pablo Kang ជា​ឯកអគ្គរាជទូត​ថ្មី​ប្រចាំ​កម្ពុជា បន្ត​ពី​លោកស្រី Angela Corcoran ដែល​កាន់​តួនាទី​នេះ​តាំងពី​ឆ្នាំ​២០១៦​មក​។​
 
​លោក Kang ជា​មន្ត្រីជាន់ខ្ពស់​ដែល​បម្រើការ​នៅ​នាយកដ្ឋាន​ការបរទេស និង​ពាណិជ្ជកម្ម​អូស្ត្រាលី ហើយ​ធ្លាប់​កាន់តំណែង​ជា​ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​ប្រទេស​អេ​មី​រ៉ា​ត​អារ៉ាប់​រួម ជា​ឧ​ត្ត​ម​ស្នងការ​ប្រចាំ​ប្រទេស​វ៉ា​នូ​អា​ទូ និង​ជា​កុងស៊ុល​ប្រចាំ​ក្រុង​ម៉ានីល ផងដែរ​។​
 
​លោក​មាន​សញ្ញាបត្រ​សិល្បៈ និង​ច្បាប់​ពី​សាកលវិទ្យាល័យ​ស៊ីដនី និង​សញ្ញាបត្រ​ជំនាញ​កិច្ចការបរទេស និង​ពាណិជ្ជកម្ម​ពី​សាកលវិទ្យាល័យ Monash​។​
​លោក Kang ក៏​ធ្លាប់បាន​សរសេរ​នៅលើ Twitter របស់ខ្លួន​ផងដែរ​ពី​អារម្មណ៍​រំភើប និង​កិត្តិយស​ដែល​លោក​ទទួលបាន​ឯកសិទ្ធិ​ធ្វើជា​តំណាង​រដ្ឋាភិបាល​អូស្ត្រាលី​ប្រចាំ​កម្ពុជា​។ លោក​នឹងត្រូវ​ថ្វាយ​សារតាំង​ចំពោះ​ព្រះករុណា​ព្រះមហាក្សត្រ ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី នាពេលខាងមុខ​៕

Tag:
 ​ទូត​អូស្ត្រាលី​
  Pablo Kang
© រក្សាសិទ្ធិដោយ thmeythmey.com