ជាតិ
លោក កឹម សុខា៖ ឆ្នាំ២០២០ សូមនាំទំព័រប្រវត្តិសាស្ត្រថ្មី សម្រាប់កម្ពុជា ឆ្ពោះទៅរកសន្តិភាពពិតប្រាកដ
× ភ្នំពេញ៖ «សួស្តីឆ្នាំថ្មី ២០២០!» ។ នេះជាសំណេររបស់លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ ដែលសរសេរនៅហ្វេសប៊ុកខ្លួន ដោយបន់ស្រន់ឱ្យឆ្នាំថ្មី នាំមកសន្តិភាពពិតប្រាកដសម្រាប់កម្ពុជា។
លោក កឹម សុខា ដែលកំពុងរង់ចាំសវនាការជំនុំជម្រះក្តី ពីបទសន្ទិដ្ឋិភាពជាមួយបរទេស នៅថ្ងៃទី១៥ មករាឆ្នាំ២០២០នោះ បានសរសេរដូច្នេះថា៖«សូមឲ្យទសវត្សន៍ថ្មីនេះ នាំមកនូវទំព័រប្រវត្តិសាស្ត្រថ្មី ដែលនាំកម្ពុជាឆ្ពោះទៅរកសន្តិភាពពិតប្រាកដ និងប្រជាពលរដ្ឋខ្មែរឲ្យទទួលបានសេចក្តីសុខទាំងកាយនិងចិត្ត»។
ជាមួយគ្នាសម្ដេច ហ៊ុន សែន ក៏ជូនពរឱ្យពលរដ្ឋទូទាំងប្រទេសជួបសេចក្តីសុខ ក្នុងឆ្នាំថ្មីនេះផងដែរ។«ប្រទេសមានសុខសន្តិភាពគឺផ្តល់ឱកាសឱ្យបងប្អូនប្រជាពលរដ្ធ និងក្មួយៗធ្វើដំណើរកំសាន្តសប្បាយឆ្ងាយជិត ទាំងនៅក្នុង និងក្រៅប្រទេស ជាពិសេសនៅក្នុងថ្ងៃចូលឆ្នាំថ្មីដោយគ្មានការបារម្ភភ័យព្រួយអ្វីឡើយ»។ នេះជាការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី តាមរយៈហ្វេសប៊ុក។
គួរបញ្ជាក់ថា ប្រធានអតីតគណបក្សសង្គ្រោះជាតិលោក កឹម សុខា នឹងត្រូវចូលសវនាការជំនុំជម្រះក្តី តាមដីការបស់សាលាដំបូងរាជធានីភ្នំពេញ ។ សមាសភាពនៃក្រុមប្រឹក្សាជំនុំជម្រះលើសំណុំរឿងរបស់លោក កឹម សុខា មាន៣រូប គឺ លោក កូយ សៅ ជាប្រធានក្រុមប្រឹក្សា លោក សេង លាង និង លោក ធាម ច័ន្ទពិសិដ្ឋ ជាចៅក្រមប្រឹក្សា៕
Tag:
កឹម សុខា
នយោបាយ
ឆ្នាំសាកល
© រក្សាសិទ្ធិដោយ thmeythmey.com