ជាតិ
សង្គមជាតិ
សណ្ឋាគារ The Great Duke ប្រកាស​បិទទ្វារ និង​ដោះស្រាយ​អត្ថប្រយោជន៍​ដល់​បុគ្គលិក
31, Dec 2019 , 2:13 pm        
រូបភាព
សណ្ឋាគារ The Great Duke (រូបពីទំព័រហ្វេសប៊ុក The Great Duke Phnom Penh)
សណ្ឋាគារ The Great Duke (រូបពីទំព័រហ្វេសប៊ុក The Great Duke Phnom Penh)
​ភ្នំពេញ​៖ សណ្ឋាគារ The Great Duke ប្រកាស​បិទទ្វារ​នៅ​ថ្ងៃទី​៣១ ធ្នូ​នេះ អម​ជាមួយ​ការដោះស្រាយ​អត្ថប្រយោជន៍​ការងារ​ដល់​បុគ្គល​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​សណ្ឋាគារ The Great Duke ចេញ​ថ្ងៃទី​២០ ធ្នូ ឆ្នាំ​២០១៩​។



​សណ្ឋាគារ The Great Duke បាន​ចាត់តាំង​ការ​រិ​យា​ល័យ​មេធាវី អេ​ច​ប៊ី​អេស​(HBS) ទទួលដោះស្រាយ​នូវ​ដំណើរការ​នៃ​បិទ​សណ្ឋាគារ​នេះ រួមទាំង​ដោះស្រាយ​ពី​អត្ថប្រយោជន៍​របស់​បុគ្គ​លិ​ក​ទាំងអស់​តាមផ្លូវ​ច្បាប់​។ ក្នុង​លិខិត​របស់​សណ្ឋាគារ បាន​សរសេរ​ដូច្នេះ​ថា​៖«​យើងខ្ញុំ​នឹង​ជូនដំណឹង​អ្នក​(​បុគ្គលិក​)​ទាំងអស់គ្នា ពី​ការវិវត្តន៍ នៃ​ដំណើរការ​នេះ ជា​បន្តបន្ទាប់​ទៀត​»​។​
 
​ពាក់ព័ន្ធ​នឹង​ការបិទ​សណ្ឋាគារ​នេះ លោក កង ច័ន្ទ សាវ៉ា​ឌី ជា​បុគ្គលិក​ផ្នែក​ទទួល​កក់​បន្ទប់​នៅ​សណ្ឋាគារ ដឺ ហ្ក្រេ​ត ឌ្យូ​ក ភ្នំពេញ The Great Duke បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ​នៅ​ថ្ងៃទី​៣១ ខែធ្នូ​នេះ​ថា បុគ្គលិក​នៅ​សណ្ឋាគារ​ទាំងអស់​ជិត​២០០​នាក់ ទទួលបាន​ដំណឹង​ឲ្យ​ឈប់​មក​បំពេញការងារ​នៅ​អំឡុង​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៩​។ ជាមួយគ្នា​ដែរ លោក អះអាងថា ប្រាក់​សំណង ប្រាក់​អតីតភាព​ការងារ ប្រាក់ខែ​ទី​២​នៅ​ពាក់កណ្ដាល​ខែធ្នូ​នេះ រូបលោក​និង​បុគ្គល​ផ្សេងទៀត​មិនទាន់​ទទួលបាន រួមទាំង​ដំណឹង​ពី​ដោះស្រាយ​បែបណា​នោះទេ​។ 
 
«​ខ្ញុំ​និង​បុគ្គលិក​ទាំងអស់​មិនទាន់​ទទួលដំណឹង​និង​ដំណោះស្រាយ​អ្វី​នោះទេ ចំពោះ​ប្រាក់​សំណង​ព្រោះ​ពួក​ខ្ញុំ​មិនបាន​ធ្វើ​អ្វី​ខុស​សុខៗ​ឲ្យ​ឈប់​គឺ​ត្រូវតែមាន​ប្រាក់​សំណង ហើយ​ប្រាក់​អតីតភាព​ការងារ​និង​ប្រាក់​ពាក់កណ្ដាល​ខែធ្នូ​លើក​ទី​២​នៅ​ចុងក្រោយ​ខែ​នេះ ក៏​នៅ​ដែរ​។ ស្អែក​ខ្ញុំ​និង​ក្រុមការងារ មាន​គម្រោង​ជួបជុំគ្នា ដើម្បី​រក​ដំណោះស្រាយ​។​» នេះ​ជា​បញ្ជាក់​របស់លោក សាវ៉ា​ឌី ដោយ​បន្ថែមថា បុគ្គលិក​មួយចំនួន​មានការ​ងារ​ថ្មី​ធ្វើ​ហើយ ខណៈ​មួយចំនួនទៀត​មិនទាន់មាន​។ ចំណែក​រូបលោក ចង់​សម្រាក​សិន​មិនទាន់​រក​ការងារ​ថ្មី​នោះទេ​។ 
 
​សូមបញ្ជាក់ថា សណ្ឋាគារ The Great Duke នេះ មុន​ប្រកា​សបិទ​ដំណើរការ គឺ​បុគ្គលិក​ធ្លាប់​បានធ្វើ​ការតវ៉ា​ធំៗ​ចេញ​នៅមុខ​បរិវេណ​២​លើក និង​នៅ​ខាងក្នុង​សណ្ឋាគារ​១​លើក ពាក់ព័ន្ធ​នឹង​ការបើក​ប្រាក់ខែ​យឺតយ៉ាវ​។ នេះ​បើតាម​បញ្ជាក់​របស់លោក កង ច័ន្ទ សាវ៉ា​ឌី​។ 
 
​សណ្ឋាគារ ដឺ ហ្គ្រេ​ត​ឌ្យូ​ក ស្ថិត​តាម​បណ្ដោយ​ផ្លូវ​មុនី​រ៉េត​និង​ម្ខាង​ទៀត​តាម​បណ្ដោយ​ផ្លូវ​ម៉ៅ​សេទុង ក្បែរ​ភ្លើងស្តុប​ផ្សារ​ដើម​គ ជា​អតីត​សណ្ឋាគារ Intercontinental ។ សណ្ឋាគារ​នេះ បាន​ប្ដូរ​ឈ្មោះ នៅ​ថ្ងៃទី​១ មករា ឆ្នាំ​២០១៨ ក្រោយពេល​បាន​ផ្លាស់ប្ដូរ​ថៅកែ​។ ប៉ុន្តែ​បុគ្គលិក​សណ្ឋាគារ​នេះ​ភាគច្រើន មាន​អតីតភាព​ការងារ​យូរ​ឆ្នាំ តាំងពី​នៅ​ជា​សណ្ឋាគារ Intercontinental មកម្ល៉េះ​៕ 
 
 

Tag:
 The Great Duke
  ​សណ្ឋាគារ​
© រក្សាសិទ្ធិដោយ thmeythmey.com