ជាតិ
សេដ្ឋកិច្ច
បារាំង ឱ្យកម្ចីជាង១០០លានដុលា្លរដល់កម្ពុជា សម្រាប់គម្រោងប្រព្រឹត្តិកម្មទឹកស្អាត និងអប់រំជំនាញ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញាវត្ថុ ចាប់ដៃជាមួយនាយកទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) នៅទីស្តីការក្រសួង កាលពីថ្ងៃទី២៤ធ្នូ ឆ្នាំ២០១៩។ រូបថត៖ ក្រសួងសេដ្ឋកិច្ច៕
× ភ្នំពេញ៖ រដ្ឋាភិបាលបារាំង បានផ្តល់ឥណទានសម្បទានសរុប១១៨លានអឺរ៉ូ(ប្រមាណ១២១លានដុល្លារ) ដល់កម្ពុជា សម្រាប់អនុវត្តគម្រោងពីរ ទាក់ទងនឹងទឹកស្អាត និងការអប់រំជំនាញ។ ទំហំទឹកប្រាក់នេះ ត្រូវបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដោយលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញាវត្ថុ ជាមួយអ្នកស្រី Ophélie BOURHIS នាយកទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD)។
បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច កាលពីថ្ងៃទី២៤ធ្នូ ឆ្នាំ២០១៩ គម្រោងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតនៅបាក់ខែង ដំណាក់កាលទីពីរនេះ នឹងត្រូវអនុវត្តបន្តពីគម្រោងជំហានទីមួយ ក្នុងការសាងសង់ស្ថានីយ៍បូមទឹក ដែលមានសមត្ថភាពផលិតទឹកស្អាតបានជិត២០ម៉ឺនគូប ក្នុងមួយថ្ងៃ។ លើសពីនេះ ក៏មានបំពាក់បំពង់មេនាំទឹកស្អាត, បំពង់ចែកចាយ និងសម្ភារតភ្ជាប់បំពងផងដែរ។ ការងារសាងសង់នេះ ត្រូវត្រួតពិនិត្យ និងគាំទ្រដល់ការពង្រឹងសមត្ថភាពមន្ត្រីរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញលើការងារលទ្ធកម្ម និងបណ្តាញចែកចាយទឹកស្អាត។ គម្រោងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតនៅបាក់ខែង ដំណាក់កាលទីពីរ មានទឹកប្រាក់១០១,៤លានដុល្លារ។ នេះបើតាមក្រសួងសេដ្ឋកិច្ច។
ដោយឡែក ឥណទានជិត២០លានដុលា្លរទៀត បារាំងបានផ្តល់ទៅលើគម្រោងអភិវឌ្ឍន៍ជំនាញសម្រាប់ការប្រកួតប្រជែងនៅកម្ពុជា។ គម្រោងនេះ គឺផ្តោតសំខាន់ទៅលើការកែលម្អនិងលើកកម្ពស់គុណភាពនៃការអប់រំបណ្តុះបណ្តាបច្ចេកទេស និងវិជ្ជាជីវៈកម្រិតក្រោយមធ្យមសិក្សា។ ក្រៅពីនេះ ថែមទាំងលើកកម្ពស់ដល់ការសិក្សាផង ធ្វើការងារផង តាមបណ្តាឧស្សាហកម្មនានា ព្រមទាំងពង្រឹងយន្តការគ្រប់គ្រងហិរញ្ញវត្ថុរបស់គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(TVET)ឱ្យប្រកបដោយនវានុវត្តន៍ ផងដែរ។
ចាប់ពីឆ្នាំ១៩៩៣ ដល់ ឆ្នាំ២០១៩ រដ្ឋាភិបាលប្រទេសបារាំង តាមរយៈទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ បានផ្តល់កម្ចីដល់កម្ពុជា ចំនួន៨០២លានអឺរ៉ូ(ជិត៨៩៩លានដុល្លារ)។ ក្នុងនោះមាន កម្ចីឥតសំណងចំនួន២០១លានអឺរ៉ូ(ប្រមាណ២២៥លានដុលា្លរ) ឥណទានសម្បទាន(Sovereign Loan) ចំនួន៤៣៤លានអឺរ៉ូ (ប្រមាណ៤៨៦លានដុលា្លរ) និងកម្ចីគ្មានការប្រាក់(Non Sovereign Loan )ចំនួន១៦៧លានអឺរ៉ូ(ប្រមាណ១៨០លានដុល្លារ)។ ហិរញ្ញាប្បទានពីបារាំងទាំងនេះ បានផ្តោតទៅលើវិស័យសំខាន់ៗ ដូចជា ការអភិវឌ្ឍន៍វិស័យកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធជនបទ, បណ្តុះបណ្តាលជំនាញ និងគាំទ្រវិស័យផលិតកម្ម ព្រមទាំងធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ៕
Tag:
ឥណទានសម្បទាន
ទឹកស្អាត
បាក់ខែង
AFD
© រក្សាសិទ្ធិដោយ thmeythmey.com