អន្តរជាតិ
អ៊ីរ៉ាក់ ព្រមាន​អាមេរិក ក្រោយ​ការវាយប្រហារ​លើ​កងជីវពល​គាំទ្រ​ដោយ​អ៊ីរ៉ង់​លើទឹក​ដី​ខ្លួន​
31, Dec 2019 , 9:39 pm        
រូបភាព
បាតុករអ៊ីរ៉ាក់ដុតទង់ជាតិអាមេរិក។ រូបភាព AFP
បាតុករអ៊ីរ៉ាក់ដុតទង់ជាតិអាមេរិក។ រូបភាព AFP
​រដ្ឋាភិបាល​អ៊ីរ៉ាក់ នៅ​ថ្ងៃទី​៣០ ខែធ្នូ បាន​រិះគន់​អាមេរិក​ខ្លាំងៗ​ក្រោយ​កងទ័ព​អាមេរិក​វាយប្រហារ​តាម​ដែនអាកាស​លើ​កងជីវពល​ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់​។ អាមេរិក​អះអាងថា ខ្លួន​បើក​ប្រតិបត្តិការ​យោធា​នេះ​ដើម្បី​សងសឹក​នឹង​ការបាញ់​រុ​ក្កែ​តរបស់​ក្រុម​សកម្មជន​ដែល​សម្លាប់​ជនជាតិ​អាមេរិក​ម្នាក់​កាលពី​ចុង​សប្ដាហ៍​មុន​។ រដ្ឋាភិបាល​បា​ក់ដាដ​ចាត់ទុក​សកម្មភាព​រប​ស់​កងទ័ព​អាមេរិក ជាការ​បំពាន​អធិបតេយ្យ​របស់​អ៊ីរ៉ាក់ និង​ព្រមាន​ពី​ការធ្លាក់ចុះ​ទំនាក់ទំនង​ទ្វេភាគី​។​

 
​កម្លាំង​ទ័ព​អាមេរិក ចេញ​ប្រតិបត្តិការ​ដោយ​ផ្អែកលើ​នយោបាយ​អាទិភាព​របស់ខ្លួន និង​មិនបាន​គិតគូរ​ពី​ប្រយោជន៍​អ៊ីរ៉ាក់​ឡើយ​។ នេះ​ជា​សំណេរ​ក្នុង​សេចក្ដីថ្លែងការណ៍​របស់​រដ្ឋាភិបាល​អ៊ីរ៉ាក់​នៅ​ថ្ងៃទី​៣០ ខែធ្នូ ដើម្បី​ជាការ​រិះគន់​អាមេរិក​ដែល​បាន​បើក​ប្រតិបត្តិការ​ផ្លូវអាកាស​ក្នុង​ទឹកដី​អ៊ីរ៉ាក់​នៅ​ថ្ងៃទី​២៩ ខែធ្នូ​។ ការវាយប្រហារ​របស់​សហរដ្ឋអាមេរិក​លើ​ក្រុម​ជីវពល​គាំទ្រ​ដោយ​អ៊ីរ៉ង់ បានធ្វើ​ឲ្យ​មនុស្ស​យ៉ាងតិច ២៥ នាក់​ស្លាប់បាត់​បង់ជីវិត​។​
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP យន្តហោះ​ចម្បាំង​អាមេរិក​បាន​វាយប្រហារ​ចំ​គោលដៅ ៣ កន្លែង​របស់​ក្រុម Hezbollah Brigade នៅ​ភាគ​ខាងលិច​អ៊ីរ៉ាក់ និង​គោលដៅ​២​កន្លែង​ទៀត​នៅ​ភាគ​ខាងកើត​ស៊ី​រី​។ រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក ម៉ាក អេ​ស្ពើ បាន​បញ្ជាក់ថា គោលដៅ​ទាំងនេះ​គឺជា​កន្លែង​ស្ដុក​អាវុធ និង​ជា​កន្លែង​បញ្ជា និង​គ្រប់គ្រង​របស់​ក្រុម Hezbollah Brigade ដែលជា​បណ្ដាញ​របស់​ក្រុម Hashed al-Shaabi ដែលមាន​អ៊ីរ៉ង់​នៅ​ពីក្រោយ​។ 
 
​តាមពិតទៅ ការវាយប្រហារ​តាម​អាកាសរ​បស់ទ័ព​អាមេរិក ជាការ​ឆ្លើយតប​ចំពោះ​ការវាយប្រហារ​ដោយ​គ្រាប់​រ៉ុក្កែត​កាលពី​ថ្ងៃទី​២៧ ខែធ្នូ​កន្លង​ទៅលើ​មូលដ្ឋាន​យោធា​អ៊ីរ៉ាក់​នៅ​ភាគ​ខាងជើង​អ៊ីរ៉ាក់ ដែល​បានសម្លាប់​បុគ្គលិក​ម្នាក់​មកពី​ក្រុមហ៊ុន​ដែលមាន​កុងត្រា​ជាមួយនឹង​ក្រសួងការពារជាតិ​អាមេរិក​។ យ៉ាងណាមិញ រដ្ឋាភិបាល​អ៊ីរ៉ាក់ មិន​សប្បាយចិត្ត​ឡើយ​នឹង​យុទ្ធនាការ​របស់​អាមេរិក​លើ​ទឹកដី​ខ្លួន​បែបនេះ ដោយ​ចាត់ទុកជា​ការរំលោភបំពាន​បូរណភាព​ទឹកដី​។​
 
​ក្នុង​សេចក្ដីថ្លែងការណ៍​ខាងលើ រដ្ឋាភិបាល​បាក់​ដា​ដដែល​កំពុង​ប្រឈមមុខ​បាតុកម្មហិង្សា​ខ្លាំងក្លា បាន​ព្រមាន​ពី​ការធ្លាក់ចុះ​ទំនាក់ទំនង​ទៀតផង ខណៈ​បាតុកម្ម​ប្រឆាំង​អាមេរិក​ក៏​ផ្ទុះឡើង​ព្រមៗ​គ្នា​ផងដែរ​។ ជាមួយគ្នានេះ ក្រុង​បា​ក់ដាដ ក៏​បញ្ជាក់ដែរថា ការវាយប្រហារ​នេះ បាន​បង្ខំ​ឲ្យ​ខ្លួន​ត្រួតពិនិត្យ​សារ​ឡើងវិញ​ទំនាក់ទំនង​ជាមួយ​អាមេរិក​លើ​វិស័យ​សន្តិសុខ នយោបាយ និង​កិច្ចការ​ច្បាប់ សំដៅ​ការពារ​អធិបតេយ្យ​របស់ខ្លួន​។ 
 
​យ៉ាងណាមិញ ក្រុង​វ៉ាស៊ីនតោន បាន​និយាយ​ការពារ​ការវាយប្រហារ​នេះ​ថា ជាការ​ការពារ​ផលប្រយោជន៍​អាមេរិក ព្រោះ​អ៊ីរ៉ាក់​មិន​អាចជួយ​អាមេរិក​បានឡើយ​។ ក្នុងការ​សន្ទនា​តាម​ទូរ​សព្ទ ប្រមុខ​ការទូត​អាមេរិក ម៉ៃ ប៉ុ​ម​ប៉េ​អូ និង​រជ្ជ​ទាយ​ទ​អា​រ៉ា​ប៊ី​សា​អូឌីត យល់ស្រប​គ្នា​ថា អ៊ីរ៉ង់ និង​កូនជឹង​របស់ខ្លួន ពិតជា​កំពុង​បង្ក​អស្ថិរភាព​ក្នុង​តំបន់​មជ្ឈិមបូព៌ា ហើយ​ប្រទេស​ទាំងអស់​មាន​សិទ្ធិ​ការពារ​ខ្លួន​ពី​ការគំរាមកំហែង​នានា​៕

Tag:
 អ៊ីរ៉ាក់​
  អ៊ីរ៉ង់​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com