ជាតិ
សិល្បះ
មរតក​មនុស្សរ​ស់កា​ន់​តែ​ហោច ជា​ហានិភ័យ​សម្រាប់​វប្បធម៌​ជាតិ​?
31, Dec 2019 , 9:59 pm        
រូបភាព
​ភ្នំពេញ​៖ មរតក​មនុ​ស្សរស់​ចំនួន​១៧​អង្គ​និង​រូប ដែល​ទទួលបាន​គោរមងារ​ពី​ព្រះមហាក្សត្រ កាលពី​ឆ្នាំ​២០១២ ដោយ​មួយចំនួន​នៅមាន​ជន្មាយុ​នៅឡើយ  ប៉ុន្តែ​សុខភាព​របស់លោក​ចេះតែ​ខ្សោយ​ជា​លំដាប់​ព្រោះ​វ័យ​កាន់តែ​ចាស់​។ ចំណែក​មរតក​មនុស្ស​រស់​មួយចំនួនទៀត បាន​លាចាក​លោក​ខ្លះ​ទៅហើយ​។ មរតក​មនុស្សរ​ស់ទាំង​អស់​សុទ្ធ​តែមាន​ទេពកោសល្យ​ខ្ពស់​កម្រ​រកបាន ដែល​ប្រៀបបាន​នឹង​ត្បូង​ដ៏​មានតម្លៃ​របស់​ប្រទេស​។ អ្នកចេះដឹង​ជ្រៅជ្រះ​លើ​វិស័យ​សិល្បៈ​វប្បធម៌​ជាតិ​កាន់តែ​ហោចទៅ ដែល​ធ្វើឱ្យមាន​ក្តី​ព្រួយបារម្ភ​លើ​វប្បធម៌​ជាតិ ។​

 
​កាលពី​ខែតុលា ឆ្នាំ​២០១២ ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ​នរោត្តម សីហមុនី ព្រះមហាក្សត្រ បាន​ត្រាស់បង្គាប់​ផ្ដល់​គោរមងារ​ថ្នាក់ជាតិ ថ្វាយ​និង​ជូន​ដល់​ព្រឹទ្ធាចារ្យ​ចំនួន​១៧​អង្គ​និង​រូប ជា​មរតក​មនុ​ស្សរស់​។ សារព័ត៌មាន​ថ្មីៗ សូម​លើកយក​មរតក​មនុស្ស​រស់ ដែល​បាន​ស្រាវជ្រាវ​រកឃើញ​ខ្លះមក​ផ្សព្វផ្សាយ​ជូន ហើយ​ទំនងជា​នៅមាន​ខ្លះ​ថែមទៀត​។ 

​ខាងក្រោម​នេះ​គឺជា​ឈ្មោះ​របស់​មរតក​មនុស្ស​រស់ ដែល​នៅមាន​ជន្មាយុ​៖
 
១ ព្រឹទ្ធាចារ្យ ចាន់ ស៊ីម គោរមងារ​ជា​វឌ្ឍកី​ទេពនិម្មិត​។ លោក​គឺជា​សាស្ត្រាចារ្យ​ក្បាច់ និង​ចម្លាក់​ដ៏​ចំណាន តាំងពី​សម័យ​សង្គមរាស្ត្រនិយម​។ មាន​ស្រុកកំណើត​នៅ​រាជធានី​ភ្នំពេញ ព្រឹទ្ធាចារ្យ ចាន់ ស៊ីម បច្ចុប្បន្ន​មាន​ជន្មាយុ​៨១​ឆ្នាំ​។ ព្រឹទ្ធាចារ្យ​ជា​សាស្ត្រាចារ្យ​សិល្បៈ នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ រហូតដល់​ចូលនិវត្តន៍​។ ព្រឹទ្ធាចារ្យ អាច​រក្សាបាន​នូវ​ក្បួនខ្នាត​ចម្លាក់​ពុម្ព ឈើ ស៊ីម៉ង់ និង​គំនូរ​បុរាណ​។​
​ព្រឹទ្ធាចារ្យ​បាន​បង្រៀន​សិស្ស​នៅ​មហាវិទ្យាល័យ​សិល្បៈ​សូន​រូប​-​ស្ថាបត្យកម្ម​-​ន័​រ​តុ​ន និង​នៅផ្ទះ តាំងពី​ឆ្នាំ ១៩៥៩ រហូតដល់​សព្វថ្ងៃ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ លោក​បាន​ចងក្រង​សៀវភៅ​ខ្នាត​ក្បាច់​សម្រាប់​ជំនាញ ចម្លាក់​ស្មិត សិល្បៈ​សូន​រូប ភាគ​ទី​១​និង​ភាគ​ទី​២​។ 
 
​លោក​បានធ្វើ​រូបសំណាក​ផ្សេងៗ​សរុប​ជិត​២០០​រូប​។ លោក​បាន​បណ្ដុះបណ្ដាល​សិស្ស​បរទេស​លាវ​ជាង​១០​នាក់​។ ព្រឹទ្ធាចារ្យ​សិល្បៈ​រូបនេះ បានទទួល​គ្រឿង​ឥស្សរិយយស ការងារ​ប្រាក់ សម័យ​សង្គមរាស្ត្រនិយម​។ បានទទួល​ជា​វីរៈ​សិល្បករ​ឆ្នាំ​២០០០ និង​បានទទួល​ជា​ព្រឹទ្ធាចារ្យ​វប្បធម៌​សិល្បៈ​ខ្មែរ ពី​រាជបណ្ឌិត្យសភាកម្ពុជា​ឆ្នាំ​២០០៤​។


ព្រឹទ្ធាចារ្យ ចាន់ ស៊ីម គោរមងារ​ជា​វឌ្ឍកីទេពនិម្មិត (រូប​ពី​ក្រសួង​វប្បធម៌)
 
២ ព្រឹទ្ធាចារ្យ ជេ​ត ច​ន គោរមងារ​ជា​ទេពនិម្មិត​វិចិត្រ​។ លោក​មាន​ទេពកោសល្យ​ខ្ពស់​លើ​ស្នាដៃ​គំនូរ​បុរាណ​។ មាន​ជន្មាយុ​៧៦​ឆ្នាំ ព្រឹទ្ធាចារ្យ ជេ​ត ច​ន មានកំណើត​នៅ​ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​។ ព្រឹទ្ធាចារ្យ​បង្រៀន​នៅ​សាលា​មធ្យម និង​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ តាំងពី​ឆ្នាំ​១៩៦៦​រហូតដល់​ចូលនិវត្តន៍​។ លោក បង្រៀន​នៅ​មហាវិទ្យាល័យ​សិល្បៈ​សូន​រូប​(​ផ្នែក​គំនូរ​បុរាណ​)​។ និង​បង្រៀន​ក្បាច់​ខ្មែរ​នៅ​សមាគម មិត្ត​វិចិត្រករ​ខ្មែរ​។ ព្រឹទ្ធាចារ្យ ជេ​ត ច​ន បាន​សិក្សា​ស្រាវជ្រាវ​រឿង​រាមកេរ្ដិ៍ លើ​ថែវ​ព្រះ​កែវ​មរកត រួមទាំង​ការងារ​ជួសជុល​គំនូរ​ជាមួយ​អ្នកបច្ចេកទេស​ប៉ូឡូញ​ផងដែរ​។  ព្រឹទ្ធាចារ្យ​ទទួលបាន លិខិត និង​ប័ណ្ណសរសើរ​មួយចំនួន ព្រមទាំង​សញ្ញាប័ត្រ​កិត្តិយស ជា​វីរ​សិល្បករ​ពី​ឆ្នាំ​២០០៤-២០០៥​។ 


ព្រឹទ្ធាចារ្យ ជេត ចន គោរមងារ​ជា​ ទេពនិម្មិត​វិចិត្រ (រូប​ពី​ក្រសួង​វប្បធម៌) 
 
៣ ព្រឹទ្ធាចារ្យ ឯម ធា​យ គោរមងារ​ជា​ទេព​វនាដ​និម្មិត​។ ព្រឹទ្ធាចារ្យ​ជា​នាដកា​របាំ​ព្រះរាជ​ទ្រព្យ​ឬ​របាំ​ក្បាច់​ខ្មែរ​បុរាណ​។ ព្រឹទ្ធាចារ្យ បាន​ខិតខំ​ប្រឹងប្រែង​ចែករំលែក​ចំណេះដឹង ក៏ដូចជា​ខំ​បង្រៀន​របាំ​បុរាណ​ទៅដល់​ក្មេងជំនាន់ក្រោយ​។ នៅពេល​បច្ចុប្បន្ន​ព្រឹទ្ធាចារ្យ ឯម ធា​យ មាន​ជន្មាយុ​៨៧​ឆ្នាំ ហើយ​សុខភាព​របស់​អ្នកស្រី កាន់តែ​ចុះខ្សោយ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។ ព្រឹទ្ធាចារ្យ អាច​រាំ​របាំ​តួ​នាង តួ​នាយ​រោង  ក្បាច់​ប្លែង និង​តួ​ស្វា តួ​យក្ខ ច្រៀង និង​ដឹកនាំ​បង្ហាត់​ក្នុង​រឿង​។ ព្រឹទ្ធាចារ្យ​បាន​បង្រៀន​សិស្ស​របាំ​បុរាណ​ក្នុង​ព្រះបរមរាជវាំង តាំងពី​អាយុ​១៩​ឆ្នាំ និង​បង្ហាត់​ក្នុង​នាយកដ្ឋាន​សិល្បៈ រហូតដល់​ថ្ងៃ​ចូលនិវត្តន៍​។ ព្រឹទ្ធាចារ្យ​ធ្លាប់​ចូលរួម​សម្ដែង​របាំ​ក្បាច់បុរាណ​ខ្មែរ ក្នុង​រាជ​ព្រះករុណា​ព្រះបាទ​សម្ដេច នរោត្តម សុរាម្រិត​។


ព្រឹទ្ធាចារ្យ ឯម ធាយ គោរម​ងារ​ជា​ ទេពវនាដនិម្មិត (រូប​ពី​ក្រសួង​វប្បធម៌) 
 
៤ ព្រឹទ្ធាចារ្យ គង់ ណៃ គោរមងារ​ជា​កោសល្យ​វោហារ​។ លោក​គឺជា​សិល្បករ​ចាប៉ីដងវែង មកពី​ខេត្តកំពត​។ ព្រឹទ្ធាចារ្យ​ជា​បុគ្គល​ទី​៣​នៃ​កម្ពុជា ដែល​ទទួលបាន​ពាន​ហ្វ៊ុ​កុ​អូ​កា​លើក​ទី​២៨ ពី​ប្រទេស​ជប៉ុន​។ សព្វថ្ងៃ​លោក​ព្រឹទ្ធាចារ្យ​កំពុង​ចុះខ្សោយ​សុខភាព​ដោយ​រោគាពាធ​។


ព្រឹទ្ធាចារ្យ គង់ ណៃ គោរមងារជា កោសល្យវោហារ (រូប​ពី​ហ្វេសប៊ុក​សម្ដេច ហ៊ុន) សែន
 
៥ ព្រឹទ្ធាចារ្យ ព្រីង សាឃ​ន គោរមងារ​ជានា​ដ​កោសល្យ​វ​ដ្ដី​។ ព្រឹទ្ធាចារ្យ​មាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ចាម ហើយ​បច្ចុប្បន្ន​លោក​មាន​ជន្មាយុ ៨២​ឆ្នាំ​។ លោក​មាន​ជំនាញ​សម្ដែង​គ្រប់​ទម្រង់​ល្ខោន​ខ្មែរ​។ ចំណែកឯ​សុខភាព​របស់លោក​វិញ បច្ចុប្បន្ន​ក៏​មិនសូវ​រឹងមាំ​ដែរ​។


ព្រឹទ្ធាចារ្យ ព្រីង សាឃន គោរម​ងារ​ជា​ នាដ​កោសល្យ​វដ្ដី (រូប​ពី​ក្រសួង​វប្បធម៌) 
 
៦ ព្រឹទ្ធាចារ្យ ពៀក ចា​ប៉ិច គោរមងារ​ជា​វោហា​កោសល្យ​វ​ដ្ដី​។  មាន​ស្រុកកំណើត​នៅ​ខេត្តស្វាយរៀង លោក​មាន​ទេពកោសល្យ​សម្ដែង​ល្ខោន​ទោល ឬ​ហៅ​ម្យ៉ាង​ទៀតថា សិល្បៈ​និទានរឿង​ល្ខោនបាសាក់​ទោល​។ ព្រឹទ្ធាចារ្យ ពៀក ចា​ប៉ិច ដែល​បច្ចុប្បន្ន​មាន​ជន្មា​យ​៦៨​ឆ្នាំ មាន​សមត្ថភាព​ប្រើ​សំឡេង​មនុស្ស​បាន​ប្រមាណ​ជិត​១០​សំឡេង និង​អាចធ្វើ​សំឡេង​ឧបករណ៍​ភ្លេង​ទ្រ​បាន​ទៀតផង​។


ព្រឹទ្ធាចារ្យ ពៀក ចាប៉ិច គោរមងារជា វោហាកោសល្យវដ្ដី 

៧ ព្រឹទ្ធាចារ្យ​បណ្ឌិត ជិត ជន គោរមងារ​ជា​គរុ​ពហុស្សូត​។ ជា​សាស្ត្រាចារ្យ​ភាសាបាលី សំស្ក្រឹត និង​ទស្សនៈវិជ្ជា នៅ​សកល​វិទ្យាល័យ ព្រះសីហនុ​រាជ ព្រឹទ្ធាចារ្យ​មាន​ជន្មាយុ​៨៦​ឆ្នាំ និង​នៅតែ​បង្រៀន​សិស្ស​ដល់​សព្វថ្ងៃ​។


ព្រឹទ្ធាចារ្យ ជិត ជន គោរម​ងារ​ជា​ គរុពហុស្សូត (រូប​ពី​ក្រសួង​វប្បធម៌) 
 
៨ ព្រឹទ្ធាចារ្យ ម៉ែន ប្រាង្គ គោរមងារ​ជា​កោសល្យ​វិជ្ជាគរុ​។ ព្រឹទ្ធាចារ្យ​រូបនេះ បាន​ស្រាវជ្រាវ​ពី​ពិធី​បែប​ប្រពៃណី​បុរាណ នៅ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ហើយ​លោក​ក៏​ជា​អតីត​សាស្ត្រាចារ្យ​សាលា​បាលី​ជាន់ខ្ពស់​ផងដែរ​។ សព្វថ្ងៃ​លោក​មាន​ជន្មាយុ​៧៨​ឆ្នាំ​។


ព្រឹទ្ធាចារ្យ ម៉ែន ប្រាង្គ គោរម​ងារ​ជា​កោសល្យវិជ្ជាគរុ (រូប​ពីក្រសួង​វប្បធម៌) 
 
៩ ព្រឹទ្ធាចារ្យ ទា វ៉ាន គោរមងារ​ជា​បញ្ញា​កោសល្យ​វិជ្ជា​។ លោក​ជា​គ្រូបង្រៀន​ភាសា​ខ្មែរ និង​ជា​គ្រូបង្រៀន​ភាសាសំស្ក្រឹត​នៅ​ពុទ្ធិក​សកល​វិទ្យាល័យ​ព្រះ​សុរា​ម្រឹត​។ ព្រឹទ្ធាចារ្យ​ដែលមាន​ស្រុកកំណើត​នៅ​ខេត្តកណ្ដាល​រូបនេះ បច្ចុប្បន្ន​មាន​ជន្មាយុ​៨១​ឆ្នាំ​។


ព្រឹទ្ធាចារ្យ ទា វ៉ាន គោរម​ងារ​ជា​បញ្ញាកោសល្យ​វិជ្ជា (រូប​ពី​ក្រសួងវប្បធម៌) 
 
១០ ព្រឹទ្ធាចារ្យ ជា ហ៊ា គោរមងារ​ជានា​ដ​កោសល្យ​វិជ្ជា​។ ព្រឹទ្ធាចារ្យ​ដែលមាន​ឯកទេស​ខាង​ធ្វើ​ខ្មុក​ល្ខោនខោល បង្រៀន​សម្ដែង និង​បង្រៀន​ធ្វើ​មុខ​ខ្មុក​រូបនេះ មកពី​ខេត្តបាត់ដំបង ហើយ​សព្វថ្ងៃ​លោក​មាន​ជន្មាយុ​៩០​ឆ្នាំ​។ ព្រឹទ្ធាចារ្យ​ទទួល​ល​បាន​ប័ណ្ណសរសើរ​ឆ្នាំ ១៩៩០  និង​សញ្ញាប័ត្រ​កិត្តិយស​ជា​វីរៈ​សិល្បករ​-​ការិនី ឆ្នាំ​២០០០-២០០១ ព្រមទាំង​ប័ណ្ណ​ជ័យលាភី​ពានប្រាក់​សម្ដេច​តេ​ជោ ហ៊ុន សែន និង​លោកជំទាវ ឆ្នាំ​២០០១​។
 
១១ ព្រឹទ្ធាចារ្យ ទេព ផុន គោរមងារ​ជា​វិជ្ជា​ធម្ម​គរុ​។ ព្រឹទ្ធាចារ្យ​ជា​គ្រូបង្រៀន​ច្រើន​ជំនាន់ ព្រមទាំង​បាន​ចូល​បម្រើ​ការងារ​ក្នុង​សារមន្ទីរ​ជាតិ ក្នុងការ​ថែរក្សា​រូបសំណាក​ឈើ​អស់​ជាច្រើន​ឆ្នាំ​។ មាន​ស្រុកកំណើត​នៅ​ខេត្តក្រចេះ ព្រឹទ្ធាចារ្យ ទេព ផុន បច្ចុប្បន្ន​មាន​ជន្មាយុ​៧៨​ឆ្នាំ​។ ព្រឹទ្ធា​ចា​មានចំណេះដឹង​ខាង​ព្រះពុទ្ធសាសនា រួមមាន​ព្រះធម៌ ព្រះ​វិន័យ ព្រះ​អភិធម្ម និង​ទស្សនវិជ្ជា​ពុទ្ធសាសនា ដោយ​អាច​បំភ្លឺ ពន្យល់ វែកញែក​ខ្លឹមសារ និង​សារសំខាន់​របស់​ព្រះពុទ្ធ​ឱវាទ​ឱ្យដល់​សប្បុរសជន​ទូទៅ​។ ជា​ពិ​សេ​ចំពោះ​សមណ​សិស្ស​ដែល​រៀនសូត្រ​ក្នុង​ថ្នាក់ ព្រះ​ត្រៃបិដក​ទាំង​៣ គឺជា​ប្រភព​នៃ​ទ្រឹស្ដី ក្នុង​ព្រះពុទ្ធសាសនា​។ 


ព្រឹទ្ធាចារ្យ ទេព ផុន គោរម​ងារជា​វិជ្ជាធម្មគរុ (រូប​ពី​ក្រសួង​វប្បធម៌)
 
​ព្រឹទ្ធាចារ្យ​បាន​រៀបរៀង​ផ្ទាល់ដៃ​នូវ​សៀវភៅ ព្រះពុទ្ធ​ឱវាទ​សង្ខេប​៣​យ៉ាង សៀវភៅ​ប្រវត្តិ​ពុទ្ធសាសនា​សង្ខេប សៀវភៅ​ឯកសារ​ពុទ្ធសាសនា​សង្ខេប និង​សៀវភៅ​ពុទ្ធប្បវត្តិ​សង្ខេប (​សម្រាប់​គរុកោសល្យ​) ព្រមទាំង​មាន​សៀវភៅ​ជាច្រើន​ទៀត​។
 
 
​ខាងក្រោម​នេះ​គឺជា​ព្រះនាម​និង​ឈ្មោះ​មរតក​មនុ​សុ្ស​រស់ ដែល​បាន​សុគត​និង​ទទួលមរណភាព​៖
 
១២ សម្ដេចព្រះ​រាជបុត្រី​ព្រះរៀម នរោត្តម បុប្ផា​ទេវី គោរមងារ​ជា​ទេព​នាដ​វ​ដ្ដី​ឯក​។ សម្ដេច​រាជបុត្រី បុប្ផា​ទេវី ជា​ព្រះរាជ​បុត្រី នៃ​ព្រះ​បរម​រតន​កោដ្ឋ ហើយ​ព្រះ​នាង​ជា​នាដកា​ឯកនៃ​ប្រទេស​កម្ពុជា ដែល​ទ្រង់​សព្វព្រះទ័យ​ក្រសាល​របាំ​បុរាណ​តាំងពី​ព្រះជន្ម ៥​ព្រះវស្សា​។


ព្រឹទ្ធាចារ្យ សម្តេចរាជបុត្រីព្រះ​រៀម នរោត្តម បុប្ផាទេវី ព្រះ​គោរមងារ​ជា ​ទេពនាដវដ្ដីឯក 
 
​ព្រះអង្គ​មាន​ស្នា​ព្រះហស្ត​ធំៗ​ដូចជា ទ្រង់​បានធ្វើឱ្យ​រស់​ឡើងវិញ​នូវ​របាំ​ព្រះរាជ​ទ្រព្យ ឬ​របាំ​ក្បាច់​ខ្មែរ​បុរាណ ក្រោយ​សម័យ​សង្គ្រាម​ខ្មែរក្រហម​។ ព្រះអង្គ​តែង​បាន​ដឹកនាំ​ក្រុម​របាំ​បុរាណ ដង្ហែ​អតីតព្រះមហាក្សត្រ ព្រះ​បរម​រតន​កោដ្ឋ និង​ព្រះករុណា​ព្រះបាទ​នរោត្តម សីហមុនី ព្រះមហាក្សត្រ​ខ្មែរ ទៅ​សម្ដែង​ជូន​ថ្នាក់ដឹកនាំ​ប្រទេស​នានា ទាំង​ក្នុងប្រទេស​និង​នៅលើ​ឆាក​អន្តរជាតិ​។​
 
​សម្ដេច​រាជបុត្រី មាន​ព្រះ​ទេពកោសល្យ​ខ្ពស់​ក្នុងការ ថែរក្សា អភិរក្ស អភិវឌ្ឍន៍ និង​ច្នៃ​បង្កើត​ថ្មី​នូវ​ទម្រង់​សិល្បៈ​បុរាណ​ខ្មែរ​។ ស្នា​ព្រះហស្ត​ច្នៃ​បង្កើត​ថ្មី​របស់​ព្រះអង្គ​រួមមាន រឿង​នាង​វ​ឌ្ឍ​នា​ទេវី រឿង ព្រះ​សុធន នាង​កែវ​មនោ​រា ជាដើម​។ សម្ដេច​រាជបុត្រី​ព្រះរៀម នរោត្តម បុប្ផា​ទេវី សុគត​កាលពី​ថ្ងៃទី​១៨ ខែវិច្ឆិកា​ឆ្នាំ​២០១៩ ក្នុង​ព្រះជន្ម​៧៧​ព្រះវស្សា​។​
 
១៣ ព្រឹទ្ធាចារ្យ ឆេង ផុន គោរមងារ​ជា​ទេព​បញ្ញា​កោសល្យ​វិជ្ជា​។ ព្រឹទ្ធាចារ្យ ឆេង ផុន ជា​អតីត​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ដែល​កាន់តំណែង​ជិត​មួយ​ទសវត្សរ៍​។ លោក​ក៏​ជា​អតីត​ប្រធាន គ​.​ជ​.​ប ដំបូង​គេ​នៅ​កម្ពុជា​ក្នុងអំឡុង​ឆ្នាំ ១៩៩៧-២០០៣​។ ព្រឹទ្ធាចារ្យ​គឺជា​អ្នកស្រាវជ្រាវ​សិល្បៈ វប្បធម៌ និង​អរិយធម៌​ខ្មែរ​។  លោក​ក៏​ជាប់​ឈ្មោះថា​ជា​អ្នក​ធ្វើឱ្យ​សិល្បៈ​វប្បធម៌​ជាតិរស់​ឡើងវិញ ក្រោយ​សង្គ្រាម​ប្រល័យ​ពូជ​សាស្ត្រ​ដែរ​។ ព្រឹទ្ធាចារ្យ​ទទួលអនិច្ចកម្ម កាលពី​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៦ ក្នុង​ជន្មាយុ ៨៦​ឆ្នាំ​។


ព្រឹទ្ធាចារ្យ ឆេង ផុន គោរមងារជា ទេពបញ្ញាកោសល្យវិជ្ជា (រូបពីលោក ធៀង វណ្ណដារ៉ុង)
 
១៤ ព្រឹទ្ធាចារ្យ ប្រាជ្ញ ឈួន គោរមងារ​ជា​ភិរម្យ​វោហារ​។ ព្រឹទ្ធាចារ្យ​ចាប៉ីដងវែង​រូបនេះ មាន​ទេពកោសល្យ​ខ្ពស់​ក្នុងការ​លើកដាក់​សំឡេង​ច្រៀង​ចាប៉ី​បាន​យ៉ាង​ពីរោះ​រណ្ដំ​។ ព្រឹទ្ធាចារ្យ​ដែលមាន​កំណើត​នៅ​ឃុំ​ខ្វាវ ស្រុក​ទ្រាំង ខេត្តតាកែវ​រូបនេះ បានទទួល​មរណភាព​កាលពី​ថ្ងៃទី​១៧​ខែវិច្ឆិកា ឆ្នាំ​២០១៨ ដោយ​រោគាពាធ​។  


ព្រឹទ្ធាចារ្យ ប្រាជ្ញ ឈួន គោរម​ងារ​ជា​ភិរម្យវោហារ (រូប​ពី​ក្រសួង​វប្បធម៌)
 
១៥ ព្រឹទ្ធាចារ្យ រស់ គង់ គោរមងារ​ជា​វិសេស​នាដកា​វិជ្ជា​។ ព្រឹទ្ធាចារ្យ​ជា​នាដកា​របាំ ឯកទេស​របាំ​ព្រះរាជ​ទ្រព្យ តួ​នាយ​រោង​។ ព្រឹទ្ធាចារ្យ​ដែលមាន​ស្រុកកំណើត​នៅ​ខេត្តកណ្ដាល​រូបនេះ ទទួលមរណភាព​ក្នុង​ជន្មាយុ​៨៥​ឆ្នាំ​។ ព្រឹទ្ធាចារ្យ​ធ្វើជា​គ្រូបង្ហាត់​សិល្បៈ​ដល់​ថ្ងៃ​ចូលនិវត្តន៍​។ ព្រឹទ្ធាចារ្យ​បាន​សម្ដែង​របាំ​បុរាណ និង​បង្រៀន​សិស្ស​តាំងពី​អាយុ​១៨​ឆ្នាំ​។ ព្រឹទ្ធាចារ្យ​បានទទួល​ប័ណ្ណសរសើរ​នៅ​ឆ្នាំ​១៩៧៩​។ ព្រឹទ្ធាចារ្យ​បានក្លាយ​ជា​វីរ​សិល្បការិនី តាំងពី​ឆ្នាំ​១៩៩៥ ផ្ដល់​ដោយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ក្លាយជា​ព្រឹទ្ធាចារ្យ​វប្បធម៌​និង​សិល្បៈ តាំងពី​ឆ្នាំ​២០០១ ផ្ដល់​ដោយ​រាជបណ្ឌិតសភា​។


ព្រឹទ្ធាចារ្យ រស់ គង់ គោរមងារជា វិសេសនាដកាវិជ្ជា (រូបពីChhourn Outdom) 
 
១៦ ព្រឹទ្ធាចារ្យ អ៊ុំ សា​មិត្ត គោរមងារ​ជានា​ដ​ភក្ដី​និម្មិត​។ លោក​ជា​ព្រឹទ្ធាចារ្យ​ល្ខោនបាសាក់​ដ៏​ឆ្នើម​។ ព្រឹទ្ធាចារ្យ អ៊ុំ សា​មិត្ត ដែលមាន​ស្រុកកំណើត​នៅ​ខេត្តតាកែវ បានទទួល​មរណភាព​នៅ​ថ្ងៃទី​១៥ ខែវិច្ឆិកា​ឆ្នាំ​២០១៩ ក្នុង​ជន្មាយុ​៨៣​ឆ្នាំ​។ ព្រឹទ្ធាចារ្យ​ជា​គ្រូបង្ហាត់​បង្រៀន​សិល្បៈ​ល្ខោនបាសាក់ និង​និពន្ធ​រឿង​នៅ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​រាជធានី​។ ព្រឹទ្ធាចារ្យ​ទទួលបាន​សញ្ញាប័ត្រ​កិត្តិយស​ជា​វីរ​សិល្បករ ឯកទេស​ល្ខោនបាសាក់ ឆ្នាំ​១៩៩៩-២០០០ និង​គ្រឿង​ឥស្សរិយយស សិល្បករ​ដែលមាន​ស្នាដៃ​ឆ្នើម​ក្នុង​វិស័យ​សិល្បៈ​វប្បធម៌​ខ្មែរ ថ្នាក់​មេដាយមាស​។


ព្រឹទ្ធាចារ្យ អ៊ុំ សាមិត្ត គោរម​ងារ​ជា​ នាដភក្ដីនិម្មិត (រូប​ពី​ក្រសួង​វប្បធម៌)
 
១៧ ព្រឹទ្ធាចារ្យ សុខ ឌុ​ត គោរមងារ​ជា​កោសល្យ​តន្ត្រី​វិជ្ជាធរ​។ ព្រឹទ្ធាចារ្យ សុខ ឌុ​ច ជា​វីរៈ​សិល្បករ​ខ្មែរ ផ្នែក​ភ្លេង​ការ​និង​ភ្លេងអារក្ស ដែលមាន​ស្រុកកំណើត​នៅ​ខេត្តតាកែវ​។ លោក​ទទួលមរណភាព​កាលពី​ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០១៧ ក្នុង​ជន្មាយុ​៩១​ឆ្នាំ​។ ព្រឹទ្ធាចារ្យ​បាន​បង្ហាត់​ជំនាញ​ភ្លេងបុរាណ​ដល់​សិស្ស​៣​ក្រុម សរុប​៣៦​រូប ព្រមទាំង​បាន​បណ្ដុះបណ្ដាល​សិស្ស​ជាតិ និង​អន្តរជាតិ ជាច្រើនរូប​ទៀត​។ ព្រឹទ្ធាចារ្យ​ក៏បាន​ផលិត​ឧបករណ៍​ភ្លេងបុរាណ​សម្រាប់​លក់​ក្នុងស្រុក និង​ក្រៅប្រទេស​ផងដែរ​។ ព្រឹទ្ធាចារ្យ​បានទទួល​ប័ណ្ណសរសើរ​នៅ​ឆ្នាំ​១៩៧៩ បានទទួល​សញ្ញាប័ត្រ​កិត្តិ​យស វីរ​សិល្បករ តាំងពី​ឆ្នាំ​១៩៩៦ ផ្ដល់​ដោយ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​។ ទទួលបាន​វិ​ញ្ញាប​ន​ប័ត្រ ព្រឹទ្ធាចារ្យ​វប្បធម៌ និង​សិល្បៈ​ខ្មែរ​នៅ​ឆ្នាំ​២០០១ ព្រមទាំង​ប្រកាស​នី​យ​ប័ត្រ គ្រឿង​ឥស្សរិយយស មុនី​សារា​ភ័​ណ្ឌ នៅ​ឆ្នាំ​២០០៩៕
ព្រឹទ្ធាចារ្យ សុខ ឌុច គោរមងារជា កោសល្យតន្ត្រីវិជ្ជាធរ (រូបពីអង្គការសិល្បៈខ្មែរអមតៈ) 

Tag:
 សិល្បៈ​
  មនុស្ស​
  មរតក​មនុ​ស្សរស់​
  វប្បធម៌​ជាតិ​
  ហានិភ័យ
© រក្សាសិទ្ធិដោយ thmeythmey.com