ជាតិ
សង្គមជាតិ
សមត្ថកិច្ច ចាប់​បុរស​ម្នាក់ ដែល​រត់ការ​យកលុយ​ពី​ពលរដ្ឋ ជា​ថ្នូរ​នឹង​ការធ្វើ​ផ្ទះ​នៅ​តំបន់​អង្គរ​
31, Dec 2019 , 6:19 pm        
រូបភាព
លោក ជា​ ហាក់ស្រ៊ុន ដែលជា​ជន​ឆបោក​លុយ​ពលរដ្ឋ​ជាថ្នូរ​នឹងបំពេញឯក​សារសុំសិទ្ធិ សម្រាប់ការសាង​សង់​ផ្ទះ​នៅ​តំបន់អង្គរ ត្រូវបានអាជ្ញាធរចាប់ខ្លួន​ហើយ
លោក ជា​ ហាក់ស្រ៊ុន ដែលជា​ជន​ឆបោក​លុយ​ពលរដ្ឋ​ជាថ្នូរ​នឹងបំពេញឯក​សារសុំសិទ្ធិ សម្រាប់ការសាង​សង់​ផ្ទះ​នៅ​តំបន់អង្គរ ត្រូវបានអាជ្ញាធរចាប់ខ្លួន​ហើយ
ដោយ:
​ភ្នំពេញ​៖ បុរស​ម្នាក់​ឈ្មោះ ជា ហាក់​ស្រ៊ុន ត្រូវបាន​សមត្ថកិច្ច​ខេត្តសៀមរាប ចាប់ខ្លួន ក្រោយ​សង្ស័យថា​រូបគេ ឆបោក​លុយ​ប្រមាណ​២​ពាន់​ដុល្លារ​ពី​ពលរដ្ឋ ជា​ថ្នូរ​នឹង​ការ​រត់ការ​ច្បាប់​សម្រាប់​សាងសង់​លំនៅដ្ឋាន​នៅក្នុង​រមណីយដ្ឋាន​អង្គរ​។ បុរស​នោះ ត្រូវ​បញ្ជូនទៅ​ឃុំខ្លួន​ជា​បណ្តោះអាសន្ន ក្នុង​ពន្ធនាគារ​ខេត្តសៀមរាប នៅ​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៩​។


 
​អ្នកប្រើប្រាស់​បណ្តាញ​សង្គម បាន​បង្ហោះ​វីដេអូ​ស្តីពី​សកម្មភាព​រប​ស់បុ​រស​នោះ ដែល​យកលុយ​ពី​ប្រជាពលរដ្ឋ ដោយ​រូបគេ អះអាងថា ធានា​ផ្តល់​ច្បាប់​អនុញ្ញាត​ឲ្យ​សាងសង់​លំនៅដ្ឋាន​ក្នុង​រមណីយដ្ឋាន​អង្គរ​។ ចំណែក​ប្រជាពលរដ្ឋ ជា​ជនរងគ្រោះ ក៏បាន​ដាក់​បណ្តឹង​ទៅ​អាជ្ញាធរ​ផងដែរ ដើម្បី​ឲ្យ​ចាត់វិធានការ​លើ​បុរស​នោះ​។ 
 
​អាជ្ញាធរ​ជាតិ​អប្សរា បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​កថា នៅមាន​ជនសង្ស័យ​ម្នាក់ទៀត​ឈ្មោះ វឿ​ង ព្រឿង  ក៏​ពាក់ព័ន្ធ​នឹង​អំពើ​ឆបោក​នេះដែរ តែ​រូបគេ បាន​រត់គេចខ្លួន​។ អាជ្ញាធរ​ជាតិ​អប្សរា អះអាងថា សមត្ថកិច្ច កំពុងតែ​តាម​ចាប់ខ្លួន ដើម្បី​យកទៅ​ផ្តន្ទាទោស​តាមច្បាប់​។ 
 
​អាជ្ញាធរ​ជាតិ​អប្សរា បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​រស់នៅក្នុង​រមណី​យ​ដ្ឋា​ន​អង្គរ​ចូលរួម​គោរព​ច្បាប់​ក្នុងការ​សាង់សង់ ហើយក៏​ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​ជនខិលខូច ដែល​ឆបោក​យកប្រាក់​ជា​ថ្នូរ​នឹង​ការសាងសង់​ដូច​ករណី​ខាងលើ​។ លើសពីនេះ អាជ្ញាធរ​ជាតិ​អប្សរា ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ បង្ហាញ​អត្តសញ្ញាណ​របស់​ជន​ឆបោក ទៅ​សមត្ថកិច្ច​។ 
​អាជ្ញាធរ​ជាតិ​អប្សរា បញ្ជាក់​ជាថ្មី​ថា រាល់​ការដាក់​ពាក្យស្នើសុំ​ឬ​អនុញ្ញាត​ឲ្យ​មានការ​ជួសជុល​ឬ​សាងសង់​សំណង់​ទាំងអស់​ក្នុង​រមណីយដ្ឋាន​អង្គរ គឺ​មិន​តម្រូវ​ឲ្យ​បង់ប្រាក់​ឡើយ​៕

Tag:
 អាជ្ញាធរ​
 ​តំបន់​អង្គរ​
© រក្សាសិទ្ធិដោយ thmeythmey.com