ជាតិ
វីដេអូ
និស្សិតចិន និងវៀតណាម រៀនភាសាខ្មែរច្រើនជាងគេ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
× ភ្នំពេញ៖ និស្សិតបរទេសចំនួន ៣៥៦នាក់ មកពី៧ប្រទេស បានមកសិក្សាថ្នាក់បរិញ្ញាបត្រអក្សរសាស្ត្រខ្មែរ និងកម្មវិធីផ្លាស់ប្ដូរការសិក្សា នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅក្នុងឆ្នាំ២០១៩។ ក្នុងចំណោមនិស្សិតទាំង៧ប្រទេសនេះ និស្សិតដែលសិក្សាអក្សរសាស្ត្រខ្មែរនៅកម្ពុជាច្រើនជាងគេ គឺនិស្សិតចិន និងវៀតណាម។ នេះបើតាមលោកស្រីបណ្ឌិត អ៊ុំ រ៉ាវី សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
សូមអញ្ជើញទស្សនាបទសម្ភាសរវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន ThmeyThmey ជាមួយលោកស្រីបណ្ឌិត អ៊ុំ រ៉ាវី សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញដូចតទៅ៖
និស្សិតទាំង ៣៥៦នាក់ ដែលកំពុងសិក្សាថ្នាក់បរិញ្ញាបត្រអក្សរសាស្ត្រខ្មែរ និងផ្លាស់ប្ដូរការសិក្សា រួមមាន ចិន ១៥៩នាក់, វៀតណាម ១២៩នាក់, ឡាវ ២៧នាក់, ជប៉ុន ១៣នាក់, កូរ៉េ ១២នាក់, ម៉ាឡេស៊ី ១១នាក់ និងថៃ ៥នាក់ ។ ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោកស្រីបណ្ឌិត អ៊ុំ រ៉ាវី សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានបញ្ជាក់យ៉ាងដូច្នេះ៖ «ថ្នាក់ភាសាខ្មែរសម្រាប់និស្សិតបរទេសនេះ បានបង្កើតនៅឆ្នាំ១៩៩០។ ហើយប៉ុន្មានឆ្នាំចុងក្រោយនេះ និស្សិតបរទេសមានការកើនឡើង ដោយសារប្រទេសយើង ចូលសមាហរកម្មអាស៊ាន និងសេដ្ឋកិច្ចទីផ្សារ ធ្វើឲ្យជនបរទេសចាប់អារម្មណ៍ស្វែងយល់ពីកម្ពុជា និងមកសិក្សានៅទីនេះច្រើន»។
និស្សិតបរទេសដែលមករៀននៅទីនេះ ត្រូវរៀនជាមួយនិស្សិតកម្ពុជា លើកលែងតែនិស្សិតចិនប៉ុណ្ណោះ ដែលរៀនជាក្រុមរបស់ពួកគេ។ បើតាមលោកស្រីបណ្ឌិត អ៊ុំ រ៉ាវី និស្សិតបរទេសដែលមកសិក្សាភាសាខ្មែរនៅទីនេះ បានអនុវត្តការនិយាយជាមួយនិស្សិតខ្មែរ និងសាស្ត្រាចារ្យ ដែលធ្វើឲ្យមានភាពងាយស្រួល។
លោកស្រីបណ្ឌិត អ៊ុំ រ៉ាវី អះអាងថា៖ «សម្រាប់និស្សិតបរទេសដែលបញ្ចប់ការសិក្សានៅទីនេះ ខ្ញុំឃើញមានច្រើនទាំងនិស្សិតចិន, និស្សិតជប៉ុន, វៀតណាម និងឡាវ អ្នកខ្លះ មកធ្វើការនៅស្ថានទូត, អ្នកខ្លះ ជាអ្នកបកប្រែ ខ្លះជាលេខាទូត និងអ្នកខ្លះទៀត ជាប្រធានដេប៉ាតឺម៉ង់ផ្នែកភាសាខ្មែរប្រចាំនៅសាកលវិទ្យាល័យគាត់ផងដែរ»។
ក្រៅពីជំនាញអក្សរសាស្ត្រខ្មែរ និស្សិតបរទេសមួយចំនួន ក៏បានមកសិក្សាជំនាញសិក្សាអន្តរជាតិ, ពាណិជ្ជកម្មអន្តរជាតិនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញផងដែរ៕
Tag:
និស្សិត
បរទេស
អប់រំ
សាកលវិទ្យាល័យភូមិន្ទភ្នំពេញ
© រក្សាសិទ្ធិដោយ thmeythmey.com