Lionel Messi ជាកីឡាករបាល់ទាត់ដែលគ្រងពានរង្វាន់កីឡាករឆ្នើម Ballon d’Or ច្រើនជាងគេក្នុងកំណត់ត្រាពិភពលោកគិតត្រឹមឆ្នាំ២០១៩ ពោលគឺចំនួន៦លើក លើសគូប្រជែង Cristiano Ronaldo ដែលឈ្នះ៥លើក។ Michel Platini, Johan Cruyff និង Marco van Basten ធ្លាប់លើកពានដែលរៀបចំដោយទស្សនាវដ្តីបារាំង France Football នេះចំនួន ៣ដងដូចគ្នា។
ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន និងក្រុម Barcelona បានក្លាយជាម្ចាស់ពាន Ballon d’Or ឆ្នាំ២០១៩ ដោយប្រជែងឈ្នះពិន្ទុ Virgil van Dijk និង Ronaldo តាមរយៈការរកគ្រាប់បាល់បានច្រើនដល់ទៅ៥៤គ្រាប់សម្រាប់ក្លិប និងជម្រើសជាតិនៅរដូវកាល ២០១៨-១៩ និងជួយក្រុមឈ្នះពាន La Liga ផង។
Ballon d’Or ជាពានប្រចាំឆ្នាំដែលផ្តួចផ្តើមឡើងដោយទស្សនាវដ្តី France Football តាំងពីឆ្នាំ១៩៥៦មក សម្រាប់ផ្តល់ជូចដល់កីឡាករបាល់ទាត់ឆ្នើមជាងគេប្រចាំក្លិបនៅតំបន់អឺរ៉ុបជារៀងរាល់មួយឆ្នាំម្តង។ ប៉ុន្តែចាប់ពីឆ្នាំ ២០០៩ ដល់ឆ្នាំ២០១៥ ពាននេះត្រូវប្តូរឈ្មោះទៅជា FIFA Ballon d'Or ក្រោមកិច្ចសហប្រតិបត្តិរវាងសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ជាមួយ France Football និងរួមបញ្ចូលគ្នាជាមួយ FIFA Player of the Year ផងដែរ។
ចាប់ពីឆ្នាំ២០១៦ ទស្សនាវដ្តី France Football បានប្រកាសបញ្ចប់ការសហការជាមួយ FIFA ដោយរៀបចំពាន Ballon d’Or តែឯងវិញ ខណៈ FIFA បន្តរៀបចំ FIFA Player of the Year ដូចគ្នា។
ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយ មានតែកីឡាករ៣រូបប៉ុណ្ណោះដែលបានឈ្នះ Ballon d’Or ដែលរួមមាន Messi, Ronaldo និង Lukas Mordric។ Messi ឈ្នះពីឆ្នាំ ២០០៩, ២០១០, ២០១១, ២០១២, ២០១៥ និង ២០១៩នេះ រីឯ Ronaldo ឈ្នះ៥ដង ក្នុងឆ្នាំ ២០០៨, ២០១៣, ២០១៤, ២០១៦ និង ២០១៧ ខណៈ Mordric ខ្សែបម្រើ Real Madrid និងជម្រើសជាតិក្រូអាស៊ីឈ្នះ១លើកនៅឆ្នាំ២០១៨។
ក្រៅពី Messi និង Ronaldo លោក Michel Platini អតីតសមាជិកក្រុមជម្រើសជាតិបារាំង និង Juventus រួមជាមួយវីរបុរសរបស់ហូឡង់លោក Johan Cruyff និង Marco van Basten ឈ្នះពាននេះ៣លើកដូចគ្នាក្នុងអាជីព។
ក្រោយបង្កើតពាននេះឡើងនៅឆ្នាំ១៩៥៦ រហូតបច្ចុប្បន្ន ពោលគឺ៦៣លើករួចមហើយ ឃើញថាមានកីឡាករសរុប៤៧រូបធ្លាប់បានឈ្នះពាន Ballon d'Or នេះ ខណៈដែលក្លិបនៅអេស្ប៉ាញ Real Madrid និង Barca មានកីឡាករឈ្នះច្រើនជាងគេសរុប២៣លើក។ ក្រុមរហស្សនាមស្តេចសធ្លាប់ឈ្នះ ១១លើក ហើយក្រុមអ្នកមានបុណ្យ១២លើក ចំណែកក្រុមពីអ៊ីតាលី Juvenutus និង AC Milan ធ្លាប់ឈ្នះ៨លើកដូចគ្នា Bayern Munich ៥លើក និង Manchester United ៤លើក។
កីឡាករឆ្នើម Stanley Matthews របស់ជម្រើសជាតិអង់គ្លេស និងក្រុម Blackpool ឈ្នះពាន Ballon d'Or នេះដំបូងគេបង្អស់ក្នុងឆ្នាំ១៩៥៦៕