កីឡាអន្តរជាតិ
អន្តរជាតិ
Rooney នឹងលេងជាកីឡាករ-គ្រូបង្វឹកលើកដំបូងសម្រាប់ Derby ពេលប៉ះ Barnsley
× វីរបុរស Manchester United កីឡាករ Wayne Rooney នឹងបង្ហាញខ្លួនលើកដំបូងក្នុងនាមជាកីឡាករ-គ្រូបង្វឹក សម្រាប់ក្រុមនៃលីគកម្រិតទីពីរអង់គ្លេស Derby Coutry ក្នុងជំនួបទល់នឹង Barnsley នៅរាត្រីថ្ងៃទី២ ខែមករា ឆ្នាំ២០២០។ នេះជាការអះអាងរបស់លោក Phillip Cocu អ្នកចាត់ការទូទៅក្រុម Derby។
Rooney ដែលសព្វថ្ងៃមានវ័យ៣៤ឆ្នាំ បានសម្រេចទៅចូលរួមជាមួយក្រុមរហស្សនាមចៀមស ក្រោយចាកចេញពីក្រុម DC United នៃលីគកីឡាបាល់ទាត់កំពូលអាមេរិក (MLS) បើទោះរូបគេនៅសល់កិច្ចសន្យារយៈពេល២ឆ្នាំទៀតក្តី។
អតីតខ្សែបម្រើ និងជាប្រធានក្រុមជម្រើសជាតិអង់គ្លេសរូនេះ បានបង្ហាញភាពលេចធ្លោខ្លាំងជាមួយនឹងទម្រង់លេងដ៏អស្ចារ្យរបស់គេសម្រាប់ក្រុម DC United ដោយអាចស៊ុតបញ្ចូលទី២៣គ្រាប់ ក្នុងការប្រកួត៤១លើក។ Rooney បានចាកចេញពី Everton ទៅចូលរួមជាមួយក្រុមនៅ MLS កាលពីខែកក្កដា ឆ្នាំ២០១៨។
បន្ទាប់ពី Derby ទទួលបានជ័យជម្នះ ២-១ លើក្រុម Charlton ក្នុងការប្រកួត Championship នៅយប់ថ្ងៃទី៣០ ខែធ្នូ លោក Cocu បានប្រាប់ពីថ្ងៃដែល Rooney ត្រូវបង្ហាញខ្លួនសម្រាប់ក្រុមក្នុងសន្និសីតសារព័ត៌មានតែម្តង។
«ប្រសិនបើកីឡាករម្នាក់ដែលមានគុណសម្បត្តិ និងមានបទពិសោធន៍ដូចជា Rooney មករួមក្រុម អ្នកត្រូវតែរីករាយ។ គាត់សាកសមសម្រាប់ក្រុមរបស់យើង ប៉ុន្តែត្រូវការការប្រកួតពីរបីលើកសិនដើម្បីសាំជាមួយក្រុម»។
Derby បង្ហាញខ្លួនមិនបានល្អឡើងនៅរដូវកាលនេះ ដោយបច្ចុប្បន្នស្ថិតនៅចំណាត់ថ្នាក់ទី១៧ ក្នុងតារាងលីគលំដាប់ទី២អង់គ្លេស ក្នុងនោះរកបាន៣០ពិន្ទុ ពីការប្រកួត២៥លើក៕
Tag:
Wayne Rooney
Derby Coutry
© រក្សាសិទ្ធិដោយ thmeythmey.com