អន្តរជាតិ
លោក គីម ជុងអ៊ុន ថា កូរ៉េខាងជើងលែងឈប់បាញ់មីស៊ីលទៀត និងត្រៀមបញ្ចេញអាវុធថ្មី មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ថ្លែងក្នុងកិច្ចប្រជុំគណៈមជ្ឈិមបក្សពលករកូរ៉េ។ រូបភាព KCNA
× ប្រមុខដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ប្រកាសថា កូរ៉េខាងជើងគ្មានហេតុផលអ្វីដែលត្រូវបន្តការផ្អាកការបាញ់មីស៊ីលទៀតឡើយ ព្រោះអាមេរិកមិនបានធ្វើអ្វីតបនឹងសកម្មភាពរបស់ខ្លួនឡើយ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២០ ។ ក្រៅពីប្រកាសលែងឈប់បាញ់មីស៊ីលហើយនោះ មេដឹកនាំកូរ៉េខាងជើង ក៏ព្រមានបញ្ចេញអាវុធយុទ្ធសាស្ត្រថ្មីឲ្យពិភពលោកឃើញផងដែរ។
ក្នុងជំនួបគណៈមជ្ឈិមបក្សពលករ ប្រធានគណៈកម្មការកិច្ចការរដ្ឋរបស់កូរ៉េខាងជើង គីម ជុងអ៊ុន បានបញ្ជាក់ពីមូលហេតុដែលកូរ៉េខាងជើងនឹងមិនបន្តអនុវត្តការប្ដេជ្ញាចិត្តរបស់ខ្លួនលើការមិនសាកល្បងនុយក្លេអ៊ែរ ឬមីស៊ីលបាលីស្ទិកចម្ងាយទៀត។ លោក គីម ផ្ទាល់ជាអ្នកប្រកាសដាក់កំហិតលើការសាកល្បង ឬបាញ់នេះដើម្បីរក្សាបរិយាកាសល្អសម្រាប់ការចរចាជាមួយអាមេរិក។ ប៉ុន្តែលោកក៏មើលឃើញថា វាហាក់មិនបានផលឡើយ។
ចំពោះមុខមន្ត្រីបក្សរាប់សិបនាក់ លោក គីម អះអាងថា លោកសម្រេចចិត្តមិនសាកល្បងនុយក្លេអ៊ែរ ឬបាញ់មីស៊ីលដោយចង់បង្កើតការទុកចិត្តជាមួយអាមេរិក ប៉ុន្តែអាមេរិកបែរជាតបវិញដោយការធ្វើសមយុទ្ធជាមួយកូរ៉េខាងត្បូង និងការដាក់ទណ្ឌកម្មបន្ថែមទៅវិញ។ ស្ថានភាពបែបនេះ កូរ៉េខាងជើង មិនអាចបន្តគោរពពាក្យសន្យាខ្លួនបានឡើយ។
«គ្មានហេតុផលណាមួយដែលយើងបន្តអនុវត្តដោយឯកតោភាគីនូវការប្ដេជ្ញាចិត្តនោះទៀតឡើយ។ នេះជាការប្រឹងប្រែងរបស់យើងដើម្បីពិភពលោកមិនមាន និងគ្មានការសាយភាយនុយក្លេអ៊ែរ។» នេះជាការលើកឡើងរបស់លោក គីម ដែលត្រូវបានផ្សាយដោយទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA នៅព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០២០ ។ មេដឹកនាំកូរ៉េខាងជើងរូបនេះ ក៏ព្រមានទៀតថា ពិភពលោក នឹងឃើញអាវុធយុទ្ធសាស្ត្រថ្មីរបស់កូរ៉េខាងជើងនៅពេលឆាប់ៗខាងមុខ។
ការសាកល្បងនុយក្លេអ៊ែ ឬបាញ់មីស៊ីលបាលីស្ទិកចម្ងាយឆ្ងាយណាមួយ គឺជាខោកក្បាលប្រធានាធិបតី ដូណាល់ ត្រាំ ដែលតែងតែអួតពីសមិទ្ធផលនយោបាយការទូតរបស់ខ្លួនជាមួយកូរ៉េខាងជើង។ ទោះប្រឹងបង្កើនសមត្ថភាពនុយក្លេអ៊ែររបស់ក្ដី លោក គីម ក៏មិនបិទផ្លូវចរចាជាមួយវ៉ាស៊ីនតោនដែរ និងថា ស្ថានភាពទៅថ្ងៃមុខប្រែប្រួលយ៉ាងណា ឬកូរ៉េខាងជើងនឹងពង្រឹងអានុភាពរបស់ខ្លួនប៉ុណ្ណា គឺអាស្រ័យលើអាមេរិកតែប៉ុណ្ណោះ។
ប្រមុខដឹកនាំកូរ៉េខាងជើងរូបនេះ បន្តប្រាប់មន្ត្រីរបស់ខ្លួនឲ្យពង្រឹងគោលការណ៍ពឹងផ្អែកលើខ្លួនឯងឲ្យបានរឹងមាំថែមទៀត និងពុះពារប្រយុទ្ធនឹងសម្ពាធ និងទណ្ឌកម្មរបស់អាមេរិកដែលអូសបន្លាយរយៈពេលវែង។ ត្រង់ចំណុចនេះ លោក គីម លើកឡើងថា អាមេរិក នឹងមិនទុកឲ្យកូរ៉េខាងជើងនៅស្ងៀមជាមួយសន្តិភាពឡើយ៕
Tag:
កូរ៉េខាងជើង
គីម ជុងអ៊ុន
អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com