កម្មវិធី​ថ្មី​មួយ​មាន​គោលដៅ​ជួយផ្ដល់​សេវាកម្ម​សាធារណៈ​នៅ​ក្រុងភ្នំពេញ​
ជាតិ
កម្មវិធី​ថ្មី​មួយ​មាន​គោលដៅ​ជួយផ្ដល់​សេវាកម្ម​សាធារណៈ​នៅ​ក្រុងភ្នំពេញ​
01, Jan 2020 , 7:59 pm        
រូបភាព
រូបឯកសារ៖ ​រថយន្ត​ដឹក​កម្មករ​​តាម​ផ្លូវ​មួយ​ដែល​ត្រូវ​លិច​ទឹក​និង​មាន​​​​គំនរ​សំរាម​នៅ​ជាយ​ក្រុង​ភ្នំពេញ​កាល​​ពី​​ខែ​តុលា ឆ្នាំ​២០១៨។
រូបឯកសារ៖ ​រថយន្ត​ដឹក​កម្មករ​​តាម​ផ្លូវ​មួយ​ដែល​ត្រូវ​លិច​ទឹក​និង​មាន​​​​គំនរ​សំរាម​នៅ​ជាយ​ក្រុង​ភ្នំពេញ​កាល​​ពី​​ខែ​តុលា ឆ្នាំ​២០១៨។
ដោយ: VOA
​កម្មវិធី​ថ្មី​មួយ​ដើម្បី​សម្អាត​និង​រៀបចំ​ទីក្រុង​ភ្នំពេញ​កំពុងដំណើរការ​ក្នុង​គោលបំណង​ឱ្យ​អង្គការក្រៅរដ្ឋាភិបាល​អាច​ជួយ​ដោះស្រាយ​បញ្ហា​ដែល​កំពុង​កើនឡើង​នៅ​រាជធានី​ភ្នំពេញ ដែល​កើតចេញពី​បញ្ហា​ចរាចរណ៍​និង​សំរាម​។​

 
​កាលពីមុន ភ្នំពេញ​ធ្លាប់​ស្ថិតក្នុង​ចំណោម​រាជធានី​មួយ​នៅ​អាស៊ីអាគ្នេយ៍ ដែលមាន​ដង​វិថី​នានា​ធំ​ទូលាយ ហើយ​ដែល​មិនសូវមាន​រថយន្ត​និង​សំរាម ប៉ុន្តែ​ស្ថានភាព​ទីក្រុង​ពីមុន​នេះ​កំពុង​ផ្លាស់ប្តូរ​។​
 
​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុ​ជាមាន​កំណើន​ជាង​៦%​ក្នុង​មួយឆ្នាំ​។ កំណើនសេដ្ឋកិច្ច​នេះ​បានធ្វើ​ឱ្យមាន​មនុស្ស​កាន់តែច្រើន ហើយ​បញ្ហា​ក៏​កាន់តែច្រើន​ដែរ ដូចជា​ការស្ទះ​ចរាចរណ៍​និង​សំរាម​ជាដើម​។ ហេតុ​ដូច្នេះហើយ​បានជា​ការកកស្ទះ​ចរាចរណ៍​និង​ការប្រមូល​សំរាម​គឺជា​បញ្ហា​ចម្បងៗ ដែល​ប្រជាជន​កម្ពុជា​បានលើកឡើង នៅពេល​សាលា​រាជធានី​ភ្នំពេញ​រៀបចំ​វេទិកាសាធារណៈ​ដើម្បី​ស្តាប់​មតិ​ពលរដ្ឋ​អ្នកក្រុង​។​
 
​នៅក្នុង​ប្រទេស​ដែល​ធ្លាប់​ស្ថិតក្រោម​អាណានិគម​បារាំង​មួយ​នេះ ជាធម្មតា​បញ្ហានយោបាយ​ទទួលបាន​ការចាប់អារម្មណ៍​ច្រើន ដូចជា​ការចោទប្រកាន់​រឿង​លួច​បន្លំ​ក្នុងការ​បោះឆ្នោត ឬ​នៅពេលដែល​គូប្រជែង​នយោបាយ​ត្រូវ​ចាប់​ដាក់ពន្ធនាគារ​ជាដើម​។ 
 
​ប៉ុន្តែ​បញ្ហានយោបាយ​ទាំងនេះ​មិនមែនជា​អ្វីដែល​ពលរដ្ឋ​កម្ពុជា​មួយចំនួន​ចាប់អារម្មណ៍​នោះទេ​។ ពលរដ្ឋ​ខ្លះ​ចង់​ឲ្យ​អ្នកនយោបាយ​ក្នុង​មូលដ្ឋាន​ដោះស្រាយ​បញ្ហា​នានា ដូចជា​ធ្វើយ៉ាងណា​កុំ​ឲ្យ​ដាច់ទឹក និង​មាន​ឡាន​សំរាម​មក​ប្រមូល​សំរាម​ជា​រៀងរាល់​សប្ដាហ៍​។​
 
​ឥឡូវ​តាមរយៈ​កម្មវិធី​ថ្មី​មួយ​នេះ អង្គការក្រៅរដ្ឋាភិបាល​នានា​នឹង​អាច​ចូលរួម​ធ្វើជា​អ្នកសម្របសម្រួល​រវាង​អ្នកនយោបាយ​និង​ម្ចាស់ឆ្នោត តាមរយៈ​ការបង្កើត​ឧបករណ៍​នានា ដូចជា​កម្មវិធី​ស្មា​ត​ហ្វូ​ន​ជាដើម ដើម្បីឱ្យ​ប្រជាជន​វាយតម្លៃថា​តើ​សេវាសាធារណៈ​ដែល​ពួកគេ​ត្រូវការ​ត្រូវបាន​គេ​ផ្តល់​ឲ្យ​ដែរឬទេ ហើយ​តើ​នៅពេលណា​នោះ​។​
 
​អ្នកស្រី Veena Reddy នាយិកា​បេសកកម្ម​នៃ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ​ប្រចាំ​កម្ពុជា​ហៅថា USAID បានបញ្ជាក់​តាម​សារ​អ៊ីមែល​មួយ​ថា «​នេះ​គឺជា​កិច្ចខិតខំ​ប្រឹងប្រែង​ដែល​បាន​សហការគ្នា​អស់​រយៈពេល​៥​ឆ្នាំ​។ កម្មវិធី​នេះ​នឹង​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប ដែល​នឹង​អាច​ឲ្យ​ពលរដ្ឋ​និង​មន្ត្រី​នានា​តាមដាន​និង​ប្រើប្រាស់​ទិន្នន័យ​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​សេវាកម្ម​សាធារណៈ​សំខាន់ៗ ដែល​ចាំបាច់​សម្រាប់​ពលរដ្ឋ​កម្ពុជា​ទាំងអស់​»​។​
 
​ទីភ្នាក់ងារ USAID ដែល​បានផ្តល់​មូលនិធិ​ដល់​គម្រោង​នេះ​មិន​ប្រាប់​ឲ្យ​ដឹង​អំពី​ចំនួន​ថវិកា​ដែល​ខ្លួន​បានផ្តល់​សម្រាប់​កម្មវិធី ដែល​ជួយ​គាំទ្រ​ដល់​សេវាកម្ម​សាធារណៈ​នេះ​ទេ​។ អង្គការក្រៅរដ្ឋាភិបាល​ដែល​ប្រើប្រាស់​ថវិកា​នេះ រួមមាន​អង្គការ FHI 360 អង្គការ Institute for Development Impact អង្គការ Triangle Environmental Health Initiative និង​អង្គការ Nikol Global Solutions ដែល​សុទ្ធ​តែមាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​។ អង្គការ​ទាំងនេះ​គ្រោង​នឹង​ចាប់ផ្ដើម​គម្រោង​តាម​កាលបរិច្ឆេទ​ខុសៗ​គ្នា​។ ជា​ឧទាហរណ៍​អង្គការ Insitute for Development Impact នឹង​ចាប់ផ្ដើម​នៅ​ដើម​ខែម​ករានេះ​។​
 
​ចំណែកឯ​អង្គការ FHI 360 នឹង​ប្រើប្រាស់​ថវិកា​ជំនួយ​នេះ​ដើម្បី​បង្កើត​បណ្តុំ​ទិន្នន័យ database មួយ សម្រាប់​ឲ្យ​ពលរដ្ឋ​កម្ពុជា​ទាំងអស់​អាច​ពិនិត្យមើល​សេវាកម្ម​ដែល​ផ្ដល់​ដោយ​សាលាក្រុង​របស់​ពួកគេ​បាន​។ អង្គការ​នេះ​បាន​ឲ្យ​ដឹងថា ការងារ​របស់ខ្លួន​នឹង​«​ធានាថា ពលរដ្ឋ​នឹង​ទទួល​ចំណេះដឹង ជំនាញ និង​ឧបករណ៍​ច្នៃប្រឌិត​ថ្មី​ដែល​ចាំបាច់​សម្រាប់ធ្វើ​ឲ្យ​សេវាសាធារណៈ​ប្រសើរឡើង​នៅតាម​ទីប្រជុំជន ដោយ​ប្រើប្រាស់​ឧបករណ៍​សង្គម​ដែល​ប្រកបដោយ​ការទទួលខុសត្រូវ​»​។​
 
​គោលដៅ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​នេះ​គឺ​ដើម្បី​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​កម្ពុជា​ដឹង​អំពី​សេវាកម្ម​ដែល​អាជ្ញាធរ​ក្នុង​តំបន់​របស់​ពួកគេ​ត្រូវ​ផ្ដល់​ដល់​ពួកគេ ដូចជា​ការអប់រំ​កម្រិត​បឋមសិក្សា ការថែទាំ​សុខភាព ការប្រមូល​សំរាម និង​សេវាកម្ម​ផ្គត់ផ្គង់​ទឹកជា​ដើម​។​
 
​ជា​ឧទាហរណ៍ អង្គការ​មួយ​អាច​ប្រើប្រាស់​ថវិកា​ជំនួយ​សម្រាប់​ការអភិវឌ្ឍ​នេះ​ដើម្បី​បង្កើត​កម្មវិធី​ទូរស័ព្ទ​មួយ ដែល​អាច​បង្ហាញ​ដល់​ពលរដ្ឋ​ថា តើ​ពេលណា​ឡាន​សំរាម​មក​ប្រមូល​សំរាម​នៅតាម​ដងផ្លូវ ក៏ដូចជា​បង្កើត​ប្រអប់​បញ្ចេញមតិ​មួយ ដែល​អាច​ឲ្យ​អាជ្ញាធរ​ដឹង​នៅពេលណា​ដែល​សេវាកម្ម​ណាមួយ​មិន​ដំណើរការ​។ 
 
​ជា​ទ្រឹស្តី ពលរដ្ឋ​កម្ពុជា​នឹង​អាច​ប្រើប្រាស់​ឧបករណ៍​ទាំងនេះ​ដើម្បី​ឲ្យ​អ្នកនយោបាយ​មានការ​ទទួលខុសត្រូវ​។ ឧបករណ៍​ទាំងអស់នេះ​នឹងធ្វើ​ឲ្យ​ដំណើរការ​បញ្ចេញមតិរ​បស់​សាធារណជន​ក្លាយជា​ឌីជីថល​បាន​។​
 
​នៅក្នុង​ជីវភាព​ជាក់ស្ដែង ពលរដ្ឋ​កម្ពុជា​បាន​ត្អូញត្អែរ​រួចទៅហើយ​ចំពោះ​អ្នកនយោបាយ​របស់​ពួកគេ នៅពេលណា​ដែល​ស្ទះផ្លូវ ឬ​មាន​សំរាម​កកកុញ ដូចជា​នៅក្នុង​វេទិកាសាធារណៈ​ក្នុង​សប្ដាហ៍​នេះ​អីចឹង​។ លោក ប៉ា សុជាតិ​វង្ស ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ និង​ជា​អតីត​អភិបាល​ទីក្រុង​នេះ ថ្លែងថា ក្រុមប្រឹក្សា​របស់លោក មិនអាច​បំពេញការងា​រទាំង​អស់នេះ​ដោយ​គ្មាន​មតិ​ពី​សាធារណជន​បានទេ​។​
 
​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​បាន​ស្រង់​សម្ដី​របស់លោក ប៉ា សុជាតិ​វង្ស ថា «​យើង​នឹង​ព្យាយាម​បង្កើត​ទំនាក់ទំនង​មួយ​ដែល​កាន់តែ​ខ្លាំងក្លា​ជាង​មុន​ជាមួយនឹង​ពលរដ្ឋ ដើម្បី​ឲ្យ​យើង​អាច​ផ្ដល់​សេវាកម្ម​ល្អប្រសើរ​ជាង​នេះ​ដល់​ពួកគេ​»​។ លោក​បាន​បន្ថែមទៀតថា «​ប្រសិនបើ​ពលរដ្ឋ​បដិសេធ​មិន​ព្រម​ចូលរួម ហើយ​ទុក​ឲ្យ​រដ្ឋាភិបាល​ជា​អ្នកធ្វើការ​តែម្នាក់ឯង នោះ​ផែនការ​នានា​នឹង​មិនអាច​សម្រេច​បានទេ​»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com