ជាតិ
ប្រជាជន​ខ្មែរ​រាប់ពាន់នាក់​បាត់បង់​ការងារ កាស៊ីណូ​មួយចំនួន​ត្រូវ​បិទទ្វារ ដោយសារ​ការបិទ​ល្បែង​លើ​អ៊ីនធឺណិត​
01, Jan 2020 , 1:39 pm        
រូបភាព
កាស៊ីណូ​មួយ​កន្លែង​នៅ​ខេត្ត​ព្រះសីហនុ ប្រទេស​កម្ពុជា។ ខេត្តដែលជា​ទី​ពេញ​និយម​នៃ​អ្នក​ទេសចរ​ បាន​ក្លាយ​ជា​ទីតាំង​កាស៊ីណូ​របស់​ជន​ជាតិ​ចិន។
កាស៊ីណូ​មួយ​កន្លែង​នៅ​ខេត្ត​ព្រះសីហនុ ប្រទេស​កម្ពុជា។ ខេត្តដែលជា​ទី​ពេញ​និយម​នៃ​អ្នក​ទេសចរ​ បាន​ក្លាយ​ជា​ទីតាំង​កាស៊ីណូ​របស់​ជន​ជាតិ​ចិន។
ដោយ: VOA
​ប្រជាជន​ខ្មែរ​ជាង​៧​ពាន់​នាក់​ត្រូវ​បាត់បង់​ការងារ ហើយ​កាស៊ីណូ​រាប់សិប​កន្លែង​ត្រូវ​បិទទ្វារ ចាប់តាំងពី​មានការ​ហាមឃាត់​មិន​ឲ្យ​លេងល្បែង​លើ​អ៊ីនធឺណិត​កាលពី​ខែសីហា​មក​។ គេ​រំពឹងថា ការខាតបង់​នឹង​កើនឡើង​ច្រើនជាង​នេះ នៅពេលដែល​រដ្ឋាភិបាល​ចាប់​ផ្ដើមធ្វើ​អធិការកិច្ច​ក្នុង​សប្ដាហ៍​នេះ​។ នេះ​បើតាម​ការបញ្ជាក់​របស់​ក្រុមមន្ត្រី​នៅ​ថ្ងៃ​អង្គារ​នេះ​។

 
​ខេត្ត​ព្រះសីហនុ​ដែលជា​ខេត្ត​ជាប់​សមុទ្រ​នៅ​ប៉ែក​ខាងត្បូង​ប្រទេស​កម្ពុជា បាន​លេចធ្លោ​ជា​មជ្ឈមណ្ឌល​មួយ​សម្រាប់​លេងល្បែង​ស៊ីសង ហើយ​កាស៊ីណូ​រាប់សិប​កន្លែង​នៅ​ទីនោះ​ដែលជា​របស់​ចិន មាន​ប្រតិបត្តិការ​លេងល្បែង​លើ​អ៊ីនធឺណិត​។​
 
​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មានប្រសាសន៍​ក្នុង​សប្ដាហ៍​នេះ​ថា លោក​នឹង​ហាមឃាត់​ការលេង​ល្បែងស៊ីសង​លើ​អ៊ីនធឺណិត​ជា​អចិន្ត្រៃយ៍​។ លោក​ប្រកាស​ដូច្នេះ បន្ទាប់ពី​ការប្រកាស​ជា​លើកទីមួយ​ឲ្យ​ផ្អាក​ការលេង​ល្បែងស៊ីសង​តាម​អ៊ីនធឺណិត​កាលពី​ខែសីហា​។ លោក ហ៊ុន សែន ថ្លែងថា ឧស្សាហកម្ម​នេះ​ត្រូវបាន​ឧក្រិដ្ឋ​ជនបរទេស​ប្រើប្រាស់​ដើម្បី​ជំរិត​ទារប្រាក់​។​
 
​ក្រុមមន្ត្រី​នឹង​ចាប់​ផ្ដើមធ្វើ​អធិការកិច្ច​នៅតាម​កាស៊ីណូ​ទាំងអស់​នៅ​ទូទាំងប្រទេស ចាប់ពី​ថ្ងៃទី​១ ខែមករា​នេះ​តទៅ ដើម្បី​ឲ្យ​ប្រាកដថា កាស៊ីណូ​ទាំងនោះ​បាន​បិទ​ប្រតិបត្តិ​ការលេង​ល្បែងស៊ីសង​តាម​អ៊ីនធឺណិត​របស់​ពួកគេ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក រស់ ភា​រុន អគ្គនាយករង​នៃ​នាយកដ្ឋាន​ឧស្សាហកម្ម​ហិរញ្ញវត្ថុ​របស់​ក្រសួង​ហិរញ្ញវត្ថុ​ទៅកាន់​ទីភ្នាក់ងារ​ព័ត៌មាន Reuters៕
 

© រក្សាសិទ្ធិដោយ thmeythmey.com