ភ្នំពេញ៖ សេដ្ឋកិច្ចកម្ពុជា នៅតែរក្សាកំណើនរឹងមាំ គឺក្នុងអត្រា ៧ភាគរយក្នុងឆ្នាំ២០១៩ បើទោះបីជាថយចុះខ្លះបើធៀបនឹង៧,៥ភាគរយនៅឆ្នាំ២០១៨។ ការនាំចេញ ពិសេសផលិតផលកាត់ដេរ សកម្មភាពសំណង់ និងសេវាកម្ម នៅតែជាកត្តាលីករជំរុញកំណើនសេដ្ឋកិច្ច។ ក្រៅពីកាត់ដេរ កម្ពុជាកំពុងទទួលការវិនិយោគច្រើនឡើងក្នុងវិស័យក្រៅពីកាត់ដេរ ពោលគឺផ្នែកគ្រឿងបន្លាស់ គ្រឿងបង្គុំអេឡិចត្រូនិកជាដើម។ តែសញ្ញាមិនល្អមួយចំនួនក៏ជាបញ្ហាប្រឈមដល់សេដ្ឋកិច្ចកម្ពុជាផងដែរ ដូចជា ការធ្លាក់ចុះតម្រូវការសកល ដែលប៉ះពាល់ដល់ការនាំចេញរបស់កម្ពុជា, ការថមថយកំណើនសេដ្ឋកិច្ចចិនដែលជាអ្នកដាក់ទុនវិនិយោគច្រើនជាងគេនៅកម្ពុជា, លទ្ធភាពដកការអនុគ្រោះពន្ធEBAរបស់សហភាពអឺរ៉ុប ព្រមទាំងហានិភ័យពីវិស័យសំណង់ និងអចលនទ្រព្យ។
សារព័ត៌មានថ្មីៗ បានសរុបព្រឹត្តិការណ៍សេដ្ឋកិច្ចសំខាន់ៗនៅកម្ពុជាក្នុងឆ្នាំ២០១៩ ដូចខាងក្រោមនេះ៖
សហភាពអឺរ៉ុប(EU) នៅខែមករា ចាប់ផ្ដើមដាក់ពន្ធលើអង្ករនាំចូលពីកម្ពុជា និងមីយ៉ាន់ម៉ា សម្រាប់រយៈពេល៣ឆ្នាំ។ ការយកពន្ធនេះត្រូវបានធ្វើឡើងបន្ទាប់ពីមានបណ្ដឹងរបស់ប្រទេសអ៊ីតាលី និងអេស្ប៉ាញ ដែលពួកគេចោតថាអង្ករកម្ពុជានិងមីយ៉ាន់ម៉ាធ្វើឲ្យប៉ះពាល់ដល់ផលិតកម្មអង្ករប្រជាជនខ្លួន។ តួលេខឆ្នាំ២០១៨ សហគមន៍អឺរ៉ុបកាន់កាប់ចំណែកទីផ្សារជាង៤០ភាគរយឯណោះនៃការនាំចេញអង្ករសរុបរបស់កម្ពុជា។
ចូលដល់ខែកុម្ភៈ កម្ពុជា និងវៀតណាម បានព្រមព្រៀងមិនយកពន្ធលើការនាំទំនិញនាំចេញនាំចូល រវាងប្រទេសទាំងពីរ។ ភាគីវៀតណាម បានឯកភាពផ្តល់ភាពអនុគ្រោះពន្ធដល់អត្រា ០ភាគរយ សម្រាប់ទំនិញកម្ពុជាចំនួន ៣២បន្ទាត់ពន្ធគយ រួមជាមួយកូតានាំចូលអង្ករចំនួន ៣០ម៉ឺនតោន និងសន្លឹកថ្នាំជក់ ៣,០០០តោនសម្រាប់ឆ្នាំ ២០១៩ និងឆ្នាំ២០២០ ។ រីឯភាគីកម្ពុជាបានផ្តល់ភាពអនុគ្រោះពន្ធអត្រា ០ភាគរយដូចគ្នា ដល់ទំនិញវៀតណាមចំនួន ២៦បន្ទាត់ពន្ធគយ។
ក្រឡេកមកមើលព្រឹត្តិការណ៍មួយទៀត គឺនៅខែមីនា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលាថ្នាក់ជាតិ ដែលមានការជជែកពិភាក្សាគ្នាយ៉ាងទូលំទូលាយពីតំណាងស្ថាប័នរដ្ឋពាក់ព័ន្ធ អ្នកសិក្សាស្រាវជ្រាវ និងវិស័យឯកជន ទៅលើ«គោលនយោបាយ និងទិសដៅនៃសេដ្ឋកិច្ចឌីជីថលកម្ពុជា»។ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អះអាងថា កម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលចាប់ផ្ដើមលូតលាស់សេដ្ឋកិច្ចឌីជីថល ហើយត្រូវការរយៈពេល៥ឆ្នាំ ដើម្បីបង្កើតមូលដ្ឋានគ្រប់ជ្រុងជ្រោយ និង ៥ទៅ១០ឆ្នាំ ឬច្រើនជាងនេះ ដើម្បីបង្កើតសេដ្ឋកិច្ចឌីជីថលពេញលេញ។
ក្នុងខែមីនានេះដែរ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ តម្លៃ២ពាន់លានដុល្លារ ត្រូវបើកការដ្ឋានសាងសង់ ហើយគ្រោងបញ្ចប់នៅឆ្នាំ២០២២។ នេះជាគម្រោងផ្លូវល្បឿនលឿនដំបូងគេនៅកម្ពុជា ហើយគម្រោងនេះត្រូវវិនិយោគដោយក្រុមហ៊ុនចិន ក្នុងទម្រង់សាងសង់ ប្រតិបត្តិការ និងផ្ទេរជូនរដ្ឋាភិបាល (BOT) ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងនៅដើមឆ្នាំ២០១៩ គឺរដ្ឋាភិបាលបានធ្វើកំណែទម្រង់សេដ្ឋកិច្ចផ្ទៃក្នុង តាមរយៈការកាត់បន្ថយថ្លៃចំណាយរបស់វិស័យឯកជន ដើម្បីពង្រឹងភាពប្រកួតប្រជែងលើទីផ្សារអន្តរជាតិ និងទប់ទល់ស្ថានភាពនៃការមិនផ្ដល់អនុគ្រោះពន្ធរបស់បរទេស។ រដ្ឋាភិបាលបានដកតួនាទីកាំកុងត្រូលពីច្រកនាំចេញទំនិញនានា, លុបចោលភ្នាក់ងារនាំនាវាចូលផែកាំសាប, លុបចោលការចេញវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ (CO) សម្រាប់ប្រទេសដែលមិនមានតម្រូវការ CO, បញ្ចុះថ្លៃកម្រៃសេវារបស់កំពង់ផែ។ ប្រមុខរដ្ឋាភិបាលប៉ាន់ស្មានថាកំណែទម្រង់ទាំងនេះនឹងធ្វើឲ្យវិស័យឯកជនចំណេញ ៤០០លានដុល្លារក្នុងមួយឆ្នាំៗ។
ទាក់ទងនឹងបរិយាកាសធុរកិច្ចនេះដែរ កម្ពុជាបានធ្លាក់ចំណាត់ថ្នាក់ក្នុងរបាយការណ៍របស់ធនាគារពិភពលោកដែលចេញផ្សាយនៅខែតុលាឆ្នាំ២០១៩ សម្រាប់ការវាយតម្លៃនៅឆ្នាំ២០២០ ។ កម្ពុជាឈរនៅលេខរៀងទី១៤៤ ក្នុងចំណោមប្រទេស១៩០ ។ របាយការណ៍មុន សម្រាប់ការវាយតម្លៃឆ្នាំ២០១៩ កម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់ទី ១៣៨ ។
នៅខែមេសា កម្ពុជា និងភាគីចិន បានចុះអនុស្សារណៈនៃការយោគយល់គ្នា លើការនាំចេញអង្ករ៤០ម៉ឺនតោន(កូតាចាស់ ៣០ម៉ឺនតោន) ទៅទីផ្សារចិន ដែលត្រូវអនុវត្តចាប់ពីខែសីហាឆ្នាំ២០១៩ដល់ដំណាច់ឆ្នាំ២០២០។ ជាមួយគ្នានេះនៅចុងឆ្នាំ២០១៩ ភាគីចិនបានអនុញ្ញាតឲ្យក្រុមហ៊ុន១៨ទៀតដែលសរុបគឺក្រុមហ៊ុន៤៤ មានសិទ្ធិនាំអង្ករទៅចិន ដែលត្រូវបានគេរំពឹងថាចំនួនអ្នកនាំចេញកាន់តែច្រើន នឹងធ្វើឲ្យសម្រេចកូតា៤០ម៉ឺនតោននេះ ដោយកន្លងមកកម្ពុជាទទួលបានកូតាច្រើនពីចិនមែន តែបំពេញមិនបាន។
នៅបន្តរឿងកសិកម្មនេះដែរ កម្ពុជា នៅខែឧសភា បានចាប់ផ្ដើមនាំចេញចេកអំបូងលឿងដោយផ្ទាល់នៅប្រទេសចិន ដែលរំពឹងថានឹងមានទំហំដល់ជាង១០ម៉ឺនតោននៅត្រឹមដំណាច់ឆ្នាំ២០១៩។ ជាមួយគ្នានេះ រដ្ឋាភិបាលកំពុងពន្លឿនឲ្យភាគីចិនពិនិត្យលក្ខខណ្ឌបច្ចេកទេសលើផលិតផលផ្សេងទៀតដូចជា ស្វាយ ម្រេច ទឹកមាត់ត្រចៀកកាំ ផ្លែមៀន ដើម្បីអាចនាំចូលទៅទីផ្សារប្រទេសមួយនេះ។
រដ្ឋាភិបាល តាមរយៈអនុក្រឹត្យ នៅខែសីហា បានកាត់បន្ថយថ្ងៃឈប់សម្រាកពី២៨ថ្ងៃ មកត្រឹម២២ថ្ងៃ ដោយចាប់ផ្ដើមអនុវត្តនៅឆ្នាំ២០២០។ ការបន្ថយថ្ងៃឈប់សម្រាកនេះធ្វើឡើងបន្ទាប់ពីមានការត្អូញត្អែររបស់វិស័យឯកជន ដែលចង់ឲ្យផលិតកម្មនៅកម្ពុជាត្រូវបានបង្កើនជាងមុន និងដើម្បីបន្ថែមភាពប្រកួតប្រជែង។
រោងចក្រស៊ីម៉ងត៍ តម្លៃ១១០លានដុល្លារ និងមានសមត្ថភាពផលិតស៊ីម៉ងត៍ជិត១លានតោនក្នុងមួយឆ្នាំរបស់ក្រុមហ៊ុនថៃប៊ុនរ៉ុង ត្រូវបានសម្ពោធនៅខេត្តកំពត នៅខែវិច្ឆិកា។ នេះជារោងចក្រស៊ីម៉ងត៍ទី៥នៅកម្ពុជា ដែលអាចផលិតស៊ីម៉ងត៍សរុបប្រមាណ ៨លានតោនក្នុងមួយឆ្នាំ។ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា ក្នុងឆ្នាំ២០១៧-២០១៨ ការផ្គត់ផ្គត់ស៊ីម៉ងត៍ក្នុងស្រុកសម្រេចបានតាមតម្រូវការ តែក្នុងឆ្នាំ២០១៨-២០១៩ មានការនាំចូលតិចតួចដើម្បីបង្គ្រប់តម្រូវការ ដោយសារកំណើនសំណង់ និងហេដ្ឋារចនាសម្ព័ន្ធ។
ច្បាប់ស្ដីពីពាណិជ្ជកម្មតាមអេឡិចត្រូនិក ត្រូវបានប្រកាសឲ្យប្រើនៅថ្ងៃទី២ខែវិច្ឆិកាឆ្នាំ២០១៩ ហើយច្បាប់នេះនឹងត្រូវអនុវត្តនៅទូទាំងប្រទេសក្នុងរយៈពេល៦ខែ និង២០ បន្ទាប់ពីប្រកាសឲ្យប្រើ។ ច្បាប់នេះ មានគោលបំណងគ្រប់គ្រងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកក្នុងប្រទេសកម្ពុជា និងឆ្លងប្រទេស។ មាត្រា១ចែងទៀតថា ច្បាប់នេះមានគោលបំណងបង្កើតភាពប្រាកដប្រជាផ្នែគតិយុត្តក្នុងប្រតិបត្តិការពាណិជ្ជកម្ម និងរដ្ឋប្បវេណី តាមប្រព័ន្ធអេឡិចត្រូនិក។ ជាមួយគ្នានេះព្រះមហាក្សត្រក៏បានប្រកាសឲ្យប្រើច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ ដែលច្បាប់នេះមានគោលបំណងធានាឲ្យមានកិច្ចការពារអ្នកប្រើប្រាស់ និងចូលរួមលើកកម្ពស់ការប្រកួតប្រជែងដោយសុចរិត។
នៅដើមខែធ្នូ កម្ពុជាចាប់ផ្ដើមពិភាក្សាជាមួយចិន ដើម្បីឈានដល់លទ្ធភាពបង្កើតកិច្ចព្រមព្រមពាណិជ្ជកម្មសេរីទ្វេភាគី។ មន្ត្រីរដ្ឋាភិបាល និងអ្នកជំនាញ បានលើកឡើងថា FTA នេះ នឹងធ្វើឲ្យកម្ពុជាទាញប្រយោជន៍បានច្រើន ពិសេសពង្រីកការនាំចេញផលិតផលកសិកម្ម ទៅទីផ្សារប្រទេសដែលមានប្រជាជន១,៤លាននាក់មួយនេះ។ កម្ពុជាក៏កំពុងសិក្សាជាមួយកូរ៉េខាងត្បូងផងដែរទៅលើកិច្ចព្រមព្រៀងប្រភេទនេះ។
នៅខែធ្នូនេះដែរ រដ្ឋាភិបាលតម្លាក់ថវិកា៥០លានដុល្លារ ដើម្បីប្រែក្លាយធនាគារនេះទៅជាធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដែលជាធនាគារពាណិជ្ជ។ ទុន៥០លានដុល្លារ ត្រូវយកទៅប្រើសម្រាប់ផ្ដល់ឥណទានដល់វិស័យកសិកម្ម ជាពិសេសសម្រាប់រក្សាស្ថិរភាពថ្លៃ និងការប្រមូលទិញស្រូវពីកសិករ។ ការបញ្ចេញទុននេះគឺស្របនឹងការអំពាវរបស់អ្នកក្នុងវិស័យស្រូវអង្ករដែលអះអាងថាវិស័យនេះត្រូវទុនដល់ទៅ២០០លានដុល្លារសម្រាប់ប្រមូលទិញស្រូវពីកសិករក្នុងការប្រមូលក្នុងខែធ្នូនិងមករា។ លោក កៅ ថាច អគ្គនាយកធនាគាររដ្ឋមួយនេះ ឲ្យដឹងថា ក្នុងឆ្នាំ២០១៩ ធនាគារនេះបានបញ្ចេញឥណទាននៃថវិកាពិសេសរបស់រដ្ឋាភិបាល៥០លានដុល្លារចំនួន២ដងរួចមកហើយ។ បើបូកទាំងកញ្ចប់៥០លានដុល្លារថ្មីនេះទៀត គឺសរុប១៥០លានដុល្លារពីរដ្ឋាភិបាល។
នៅចុងខែធ្នូ ផ្សារដារក្នុងខេត្តត្បូងឃ្មុំ ដែលជាផ្សារព្រំដែនកម្ពុជា-វៀតណាម ត្រូវសម្ពោធឲ្យដំណើរការ ដែលរំពឹងថានឹងជួយជំរុញទំហំពាណិជ្ជកម្មទ្វេភាគីថែមទៀត ខណៈបច្ចុប្បន្នភាគីទាំងពីរបានឈានដល់ការដោះដូរទំនិញសរុបប្រមាណ ៥ពាន់លានដុល្លារទៅហើយ។ ថ្ងៃសម្ពោធផ្សារមួយនេះ ប្រមុខរដ្ឋាភិបាលក៏បានប្រកាសឲ្យស្ថាប័នពាក់ព័ន្ធរៀបចំបង្កើតផ្សារព្រំដែន២ទៀតនៅខេត្តស្វាយរៀង និងកំពត ព្រមទាំងឲ្យពិនិត្យលទ្ធភាពបង្កើតផ្សារនៅជាប់ព្រំដែនថៃផងដែរ៕