ជាតិ
សង្គមជាតិ
លោក គួច ចំរើន​៖ ល្បែង​អន​ឡាញ​តាម​កាស៊ីណូ​ទាំង​៧៣ នៅ​ព្រះសីហនុ ត្រូវ​បិទ​ទាំងអស់
01, Jan 2020 , 8:19 pm        
រូបភាព
​ភ្នំពេញ​៖ ល្បែង​អន​ឡាញ ក្នុង​កាស៊ីណូ​ទាំង​៧៣​កន្លែង នៅ​ខេត្ត​ព្រះសីហនុ ត្រូវបាន​បិទ​ទាំងស្រុង ត្រឹម​ថ្ងៃទី​១ មករា ឆ្នាំ​២០២០​។ ពាក់ព័ន្ធ​នឹង​ករណីនេះ អាជ្ញាធរ នឹង​ចុះ​ពិនិត្យ​នៅតាម​ទីតាំង​កាស៊ីណូ ដើម្បី​តាមដាន​បន្ត​។ នេះ​បើតាម​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ ដែល​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ នៅ​ថ្ងៃទី​១ ខែមករា​។ 


 
​លោក គួច ចំរើន បញ្ជាក់​ដូច្នេះ​ថា​៖«​នៅ​ខេត្ត​ព្រះសីហនុ​មាន​កាស៊ី​៧៣​កន្លែង ហើយ​នៅ​រយៈពេល​មុននេះ ម្ចាស់​កាស៊ីណូ​សម្រេច​បិទ​ល្បែង​អន​ឡាញ​ដោយ​ខ្លួនឯង​២៧​កន្លែង នៅសល់​ជាង​៣០​កន្លែង​ទៀត គឺ​គេ​បាន​ចូលរួម​ប្រជុំ​ណែនាំ ហើយ​ម្ចាស់​កាស៊ីណូ​ក៏​ប្រជុំ​នៅ​រាជធានី​ភ្នំពេញ ជាមួយ​អគ្គស្នងការ​នគរបាល​ជាតិ រួមទាំង​ចេញ​លិខិត​ជូនដំណឹង​ផងដែរ​។ មកដល់​ថ្ងៃនេះ ម្ចាស់​កាស៊ីណូ​ទាំងអស់ បាន​បិទ​ល្បែង​អន​ឡាញ​តាម​ពេល​កំណត់​ហើយ​»​។ លោក បន្តថា នៅ​ថ្ងៃទី​១ ខែមករា​នេះ កម្លាំង​សមត្ថកិច្ច ចាប់ផ្តើម​ចុះ​ត្រួតពិនិត្យ​លើ​ករណីនេះ​បន្ថែម​នៅតាម​កាស៊ីណូ​។ 
 
​លោក ជា អូន អ្នកនាំពាក្យ​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរណ៍​ស៊ីវិល ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា នៅ​អំឡុងពេល​ចុងក្រោយ​នៃ​ការបិទ​ល្បែង​អន​ឡាញ​តាម​កាស៊ីណូ​នេះ មាន​ជនជាតិ​ចិន​ពី​៣០​ទៅ​៤០ ភាគរយ​បាន​ចាក​ចេញពី​កម្ពុជា តែ​ជាមួយគ្នានេះ ក៏មាន​ជនជាតិ​ចិន​ចូលមក​កម្ពុជា​វិញ ប្រហាក់ប្រហែលគ្នា​ដែរ​។​
 
​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៩ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​អាជ្ញាធរ បង្ក្រាប​អាជីវកម្ម​ល្បែងភ្នាល់​តាម​អ៊ីនធឺណិត ដែល​គ្មាន​អាជ្ញាប័ណ្ណ និង​ហាម​មិន​ឲ្យ​ចេញ​អាជ្ញាប័ណ្ណ​ថ្មី ឬ​បន្ត​អាជ្ញា​បណ្ណ ដល់​ក្រុមហ៊ុន​ល្បែង​តាម​អន​ឡាញ​គ្រប់​ប្រភេទ​។ សារាចរ​ណែនាំ​របស់​នាយករដ្ឋមន្ត្រី​កម្ពុជា បាន​សរសេរ​ដូច្នេះ​ថា​៖«​ពួកឧក្រិដ្ឋជន​បរទេស​មួយចំនួន បាន​ជ្រក​ក្រោមរូបភាព​ល្បែងភ្នាល់​ប្រភេទ​នេះ ដើម្បី​បោកប្រាស់​ជំរិត​ទារប្រាក់​ពី​ជនរងគ្រោះ ទាំង​ក្នុង​និង ក្រៅប្រទេស ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ និង​របៀបរៀបរយ​ក្នុងសង្គម​»​។​
 
​ក្រោយពី​រដ្ឋាភិបាល​កម្ពុ​ជា ចេញ​វិធានការ​តឹងរឹង​ក្នុង​ការបិទ និង​បង្ក្រាប​កាស៊ីណូ​អន​ឡាញ​នេះ វា​បានធ្វើឱ្យ​ជនជាតិ​ចិន​ចាក​ចេញពី​កម្ពុជា ជា​បន្តបន្ទាប់ ។ ក្នុងនោះ​មាន​ជនជាតិ​ចិន​ប្រហែល​៦​ពាន់​នាក់​ចាកចេញ ខណៈ​ជនជាតិ​៥​ពាន់​នាក់​មកកាន់​កម្ពុជា​។ 
 
​បើ​គិត​ចាប់តាំងពី​ឆ្នាំ​២០១៤ មកដល់​ខែកក្កដា ឆ្នាំ​២០១៩ អាជ្ញាធរ​កម្ពុជា បាន​បណ្ដេញ​ជនល្មើស​ជ​ន​ជាតិចិន​ប្រមាណ ២,៧០០​នាក់ ចេញពី​កម្ពុជា​៕
 
អត្ថបទទាក់ទង
 

Tag:
 គួច ចំរើន​
  ល្បែង​អន​ឡាញ
© រក្សាសិទ្ធិដោយ thmeythmey.com