ជាតិ
ពន្ធដារ ច្រានចោល​ការចុះផ្សាយរ​បស់​សារព័ត៌មាន​ភាសា​ចិន​មួយ ពី​រឿង​ទារប្រាក់​«​ប៉ាតង់​» នៅ​ខេត្ត​ព្រះសីហនុ​
01, Jan 2020 , 9:19 pm        
រូបភាព
រូបពីហ្វេសប៊ុកអគ្គនាយកដ្ឋានពន្ធដារ
រូបពីហ្វេសប៊ុកអគ្គនាយកដ្ឋានពន្ធដារ
​ភ្នំពេញ​៖ អគ្គនាយកដ្ឋាន​ពន្ធដា​រ បដិសេធ​ការចុះផ្សាយ​របស់​សារព័ត៌មាន​ភាសា​ចិន​មួយ ដែល​និយាយ​ពី​រឿង​ចុះបញ្ជី​ប៉ាតង់​អាជីវកម្ម នៅ​ខេត្ត​ព្រះសីហនុ ដោយ​តម្រូវឱ្យ​ម្ចាស់​អាជីវកម្ម​បង់ប្រាក់​១៨០០​ដុល្លារ​អាមេរិក​។ អគ្គនាយកដ្ឋាន​ពន្ធដា​រ បដិសេធថា គ្មាន​ករណី​មន្ត្រី​ពន្ធដារ ធ្វើបែបនេះ​ឡើយ​។ នេះ​បើតាម​សេចក្តីបំភ្លឺ​របស់​អគ្គនាយក​ដ្ឋា​ន​ពន្ធដារ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កាលពី​ថ្ងៃទី​៣០ ធ្នូ​។​


 
​សារព័ត៌មាន​ភាសា​ចិន​មួយ បាន​ចុះផ្សាយ​ថា មន្ត្រី​ពន្ធដារ បាន​ចុះទៅ​ប្រាប់​ម្ចាស់​អាជីវកម្ម​មួយកន្លែង ក្នុង​ខេត្ត​ព្រះសីហនុ ដោយ​តម្រូវឱ្យ​ចុះបញ្ជី​ប៉ាតង់ និង​ត្រូវ​បង់ប្រាក់​១៨០០​ដុល្លារ​អាមេរិក ហើយ​បើ​ក្នុងករណី​មិនបាន​ចុះបញ្ជី​ប៉ាតង់ លើស​១៥​ថ្ងៃនោះ នឹង​ពិន័យ​៥០០​ដុល្លារ​។ សារព័ត៌មាន​ភាសា​ចិន​នោះ ក៏បាន​ចុះផ្សាយ​ដោយ​ភ្ជាប់​រូបភាព​ទីតាំង​អាជីវកម្ម​នៅ​ខេត្ត​ព្រះសីហនុ ដែល​មិនបាន​ចុះបញ្ជី​ពន្ធដារ​នោះ​ផងដែរ​។​
 
​ឆ្លើយតប​នឹង​ការចុះផ្សាយ​ខាងលើនេះ អគ្គនាយកដ្ឋាន​ពន្ធដា​រ ដែល​បាន​ចុះ​សួរនាំ​ម្ចាស់​អា​ជីក​ម្ម​នៅ​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​២៧ ធ្នូ​នោះ បាន​បកស្រាយ​វិញ​ថា កម្រៃ​ចុះបញ្ជី​ប៉ាតង់ ១៨០០​ដុល្លារ ដែល​បាន​ចុះផ្សាយ​នោះ គឺជា​ការទាមទារ​រប​ស់​ភ្នាក់ងារ​ឯកជន​មួយ ក្នុង​ការធ្វើ​ច្បាប់​អាជីវកម្ម​ឱ្យ​គាត់ ពោលគឺ​មិនមែនជា​ការទាមទារ​រ​បស់​មន្ត្រី​ពន្ធដារ ដូច​ការចោទប្រកាន់​ទេ​។ បើតាម​អគ្គនាយកដ្ឋាន​ពន្ធដារ ក្រុមការងារ​ជំនាញ​ខ្លួន បាន​ណែនាំ​នីតិវិធី​ចុះបញ្ជី​ពន្ធដារ និង​ផ្ដល់​សេវា​ចុះបញ្ជី​ពន្ធដារ​ជូន​ម្ចាស់​អាជីវកម្ម​រួចរាល់​ហើយ ក្រោយ​សួរនាំ​ពី​បញ្ហា​នៃ​ការចុះបញ្ជី​ពន្ធដារ​នេះ​។​
 
​សេចក្តីបំភ្លឺ​របស់​អគ្គ​នាយកដ្ឋាន​ពន្ធដារ បាន​សរសេរ​ដូច្នេះ​ថា​៖«​សូម​បដិសេធ​យ៉ាង​ដាច់អហង្ការ ចំពោះ​ខ្លឹមសារ​នៃ​ការចុះ​ផ្សា​ត​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​សមត្ថកិច្ច​របស់​អគ្គនាយក​ដ្ឋា​ន​ពន្ធដារ ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​ដែលថា ធ្វើ​ប៉ាតង់​ត្រូវ​បង់​១៨០០​ដុល្លារ លើសពី​១៥​ថ្ងៃ ពិន័យ​៥០០​ដុល្លារ ដែល​អាច​នាំឱ្យ​មានការ​ភាន់ច្រឡំ​មកលើ​ការបំពេញភារកិច្ច​រប​ស់​មន្ត្រី​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​»​។​
 
​ជាមួយគ្នានេះ​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​អំពាវនាវ​ដល់​ម្ចាស់​អាជីវកម្ម​ទាំងអស់ សហការ​បំពេញ​កាតព្វកិច្ច​ចុះបញ្ជី​ពន្ធដារ ឱ្យបាន​ទាន់ពេលវេលា​តាម​ការណែនាំ​របស់​រដ្ឋ​បាល​សារពើពន្ធ ដើម្បី​ចៀសវាង​ការ​ទទួលរង​ពិន័យ និង​ទោសទណ្ឌ​ផងដែរ​។ «​ប្រសិនបើ​មាន​ភាពមិនប្រក្រតី​ណាមួយ​កើតឡើង ពាក់ព័ន្ធ​នឹង​សមត្ថកិច្ច​របស់​អគ្គនាយក​ដ្ឋា​ន​ពន្ធដារ សូម​ទំនាក់​ទំ​នប​ង​ផ្ដល់ព័ត៌មាន និង​អត្តសញ្ញាណ​ជនបង្ក​(​ទៅ​អគ្គនាយកដ្ឋាន​ពន្ធដារ​) មកកាន់​លេខ​ទូរ​សព្ទ​១២៧៧ ឬ​GDT Live Chat ឬ​អ៊ី​ម៉ែ​ល .kh»​។ នេះ​ជាការ​បញ្ជាក់​របស់​អគ្គ​នាយកដ្ឋាន​ពន្ធដារ​៕

Tag:
 ពន្ធដារ​
  អាជីវកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com