ជាតិ
របាយការណ៍៖ កម្ពុជានាំចេញស្រូវក្រៅផ្លូវការជាង២លានតោនទៅវៀតណាម ប្រភព៖ សហព័ន្ធស្រូវអង្ករកម្ពុជា ។
× ភ្នំពេញ៖ កម្ពុជានាំចេញស្រូវក្រៅផ្លូវការ បានរហូតដល់២,១៥៥,១០២ នៅឆ្នាំ២០១៩។ បើយោងតាមលទ្ធផលនៃការនាំចេញកសិផលឆ្នាំប្រចាំ២០១៩ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បរិមាណនាំចេញស្រូវក្រៅផ្លូវការនេះ គឺច្រើនជាងពាក់កណ្តាលនៃការនាំចេញអង្ករផ្លូវការ បានចំនួន៦២០,១០៦តោន ស្មើនឹងស្រូវប្រមាណ១លានតោនប៉ុណ្ណោះ។
ទីផ្សារតែមួយគត់ ដែលកម្ពុជានាំស្រូវក្រៅផ្លូវការនោះ គឺប្រទេសវៀតណាម ដោយមានខេត្តចំនួន៥ ជាអ្នកផលិតនាំចេញ។ ក្នុងនោះមាន ខេត្តព្រៃវែង នាំចេញបានជាង១លានតោន, តាកែវ ជិត៥៩ម៉ឺនតោន, ស្វាយរៀង ជាង៣៣ម៉ឺនតោន, កណ្តាល ជាង៨,៦ម៉ឺនតោន និងខេត្តកំពត មានជាង៦ម៉ឺនតោន។
ដោយឡែក ការនាំចេញអង្ករជាផ្លូវការ ដែលមានជាង៦០ម៉ឺនតោនវិញ កម្ពុជាបាននាំទៅប្រទេសចិន ចំនួន ២៤៨ ១០៥តោន, តំបន់អឺរ៉ុប ២០២ ៩៩០តោន, តំបន់អាស៊ាន ៨៣ ១៦៤តោន និងប្រទេសផ្សេងៗទៀត មាន៨៥ ៨៤៧តោន។ នេះបើរបាយការណ៍លទ្ធផលនៃការនាំចេញកសិផល ដែល របស់ក្រសួងកសិកម្ម។
សូមជម្រាបថា អង្ករ ឬស្រូវ ដែលកម្ពុជានាំចេញជាផ្លូវការ គឺជាប្រភេទអង្ករក្រអូបចម្រុះ ដូចជា អង្ករនាងម្លិស, អង្ករផ្ការំដួល, អង្ករសូម៉ាលី និងអង្ករប្រណិតផ្សេងៗ ជាដើម។ រីឯស្រូវ កម្ពុជានាំចេញក្រៅផ្លូវការទៅវៀតណាមនោះ ភាគច្រើនគឺជាប្រភេទស្រូវ អ៊ីអ៊ែរ និងស្រូវ៦៦៕
© រក្សាសិទ្ធិដោយ thmeythmey.com