សង្គមអន្តរជាតិ​
អន្តរជាតិ
ប៉ូលិស​ម្នាក់​នៅ​អាមេរិក​លាលែង​ពី​តួនាទី ក្រោយ​សរសេរ​លេងសើច​លើ​កំប៉ុង​កាហ្វេ​
01, Jan 2020 , 9:39 pm        
រូបភាព
ដោយ: ធីតា
​មន្ត្រីប៉ូលិស​ម្នាក់​នៅ​ក្រុង Herington រដ្ឋ​កាន់​សាស់ សហរដ្ឋអាមេរិក កាលពីដើម​សប្តាហ៍​កន្លងមក បាន​លាលែង​ពី​តំណែង​របស់ខ្លួន ក្រោយ​សរសេរ​ពាក្យ​បែប​លេងសើច​មិន​គ​ម្បី​នៅលើ​កំប៉ុង​កាហ្វេ​។


 
​លោក Brian Hornaday នាយប៉ូលិស​ប្រចាំ​ក្រុង Herington បាន​ថ្លែង​ឲ្យ​ដឹង មន្ត្រី​របស់ខ្លួន​ម្នាក់​បាន​ចូលទៅ​ទិញ​កាហ្វេ​នៅ​ហាង McDonald​។ យោងតាម​ការផ្សាយ​រប​ស់​សារព័ត៌មាន KSNT មន្ត្រីប៉ូលិស​រូបនោះ បាន​សរសេរ​ពាក្យ «F- - -ing Pig» នៅលើ​កំប៉ុង​កាហ្វេ ក្នុង​ចេតនា​ឲ្យ​គេ​យល់​ច្រ​លំ​ថា ជា​ទង្វើ​របស់​បុគ្គលិក​ហាង McDonald​។​
 
​ក្រោយ​ការស៊ើបអង្កេត​ផ្ទៃក្នុង និង​កាមេរ៉ា​សុវត្ថិភាព​នៅក្នុង​ហាង លទ្ធផល​បានបង្ហាញ​ឲ្យ​ឃើញថា ប៉ូលិស​ដែល​មិន​ត្រូវបាន​បង្ហើប​អត្តសញ្ញាណ​រូបនេះ បាន​បង្កើត​រឿង​ដោយ​គ្មាន​ឯង ពោលគឺ​គ្មាន​ជាប់​ពាក់ព័ន្ធ​អ្វី​បន្តិច​នោះឡើយ​ជា​បុគ្គលិក​ហាង​។​

 
 
​លោក Dana Cook ថៅកែ​ហាង McDonald បានបញ្ជាក់​ប្រាប់ KSNT ថា ហាង​របស់លោក​មានកា​រ​គោរព​យ៉ាងខ្លាំង​ចំពោះ​មន្ត្រី​មាន​សមត្ថកិច្ច ដូច្នេះ​មិនមាន​បុគ្គលិក​ណា​ម្នាក់​ហ៊ាន​សរសេរ​ពាក្យ​បែប​នោះឡើយ​។​
 
«​យើង​បាន​ពិនិត្យមើល​គ្រប់​ជ្រុងជ្រោយ​ក្នុង​កាមេរ៉ា​សុវត្ថិភាព ដើម្បី​ធានា​ឲ្យ​បាន​ច្បាស់​ថា ពាក្យពេចន៍​ដែល​មិន​គប្បី​នោះ មិនមែនជា​សំណេរ​របស់​បុគ្គលិក​ហាង​នោះឡើយ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក Cook ទាក់ទង​នឹង​ភាព​ស្អាតស្អំ​នៅ​ហាង​របស់ខ្លួន​។​
 
​ក្រោយមក លោក Hornaday បានប្រកាសថា មន្ត្រីប៉ូលិស​អាយុ​២៣​ឆ្នាំ​ដែល​ប្រឌិត​រឿង​អ​សិ​ល​ធម៌​នោះ បាន​សុំលាលែង​ពី​តំណែង បន្ទាប់ពី​ធ្វើការ​បាន​ប្រមាណ​២​ខែ​នៅ Junction City​។ កន្លងមក គេ​ធ្លាប់​បម្រើការ​ជា​មន្ត្រី​ទាហាន​អស់​រយៈពេល​៥​ឆ្នាំ​៕
 


© រក្សាសិទ្ធិដោយ thmeythmey.com