បទ ពាក្យ៧ ប៉ាកកាខ្មៅ
ចម្រាញ់ចម្រោះចោះជម្រុះ ជម្រះច្រៀកពុះស៊ីជម្រៅ
កោសកៀសកាច់កាយកុំឲ្យនៅ មន្ត្រីគ្រាប់ល្ពៅនៅខាតជាតិ។
មន្ត្រីឡេមឡឺមឡាកគំនិត កិច្ចជាតិមិនគិតៗតែឆ្លៀត
ទទួលសំណូកបំពោកញាតិ បំផ្លាញទ្រព្យជាតិមិនរអែង។
រំលោភអំណាចមិនខ្លាចច្បាប់ ចរិតបែបយ៉ាប់ឥតខ្លាចក្រែង
ចូលចិត្តជាន់គេលើកខ្លួនឯង ពូកែសម្តែងយកមុខខ្លាំង។
ចេញមុខទទួលតែរឿងត្រូវ រឿងខុសមិនសូវចេញតតាំង
សស្លើតសស្លក់ហក់ស្លេកស្លាំង រឿងខុសលាក់បាំងខ្លាំងបំភាន់។
ក្រអឺតក្រអោងកោងកាចកាង បានដៃឡើងចាងអាងស័ក្តិគ្រាន់
ឃើញគេទាបជាងតាំងតាមជាន់ ប៉ះអ្នកធំគ្រាន់រួសរាន់រាប់។
រាស្ត្រសុំជំនួយមិនជួយលៃ លោកខ្លះបំភ័យគៃបង្គាប់
កង្កើនគំនាបរៀបគំនាប់ កំណល់សែនភ្ជាប់ទើបជួយបាន។
នេះក្រុមមន្ត្រីអសកម្ម ទុកយូរខែឆ្នាំច្បាស់រំខាន
ខាតទាំងរាស្ត្ររដ្ឋភ្លាត់មិនថ្កាន ថែមទាំងជាប់ដានដាលថ្ងៃក្រោយ។
ឆ្នាំ២០២០(ពីរពាន់ម្ភៃ)លៃបំបាត់ គ្រប់ផ្នែករួមចាត់ឈប់បណ្តោយ
មន្ត្រីគ្រាប់ល្ពៅនៅជាតិខ្សោយ នេះជាអំណោយរាស្ត្រចង់បាន៕