ជាតិ
ថវិកា​ជិត​៤​ម៉ឺន​ដុល្លារ​ជួយ​មន្ទីរពេទ្យ​កុមារ​អង្គរ ពី​សប្បុរសជន​ដែល​បាន​រៃអង្គាស​នៅ​រាត្រី​ឆ្លង​ឆ្នាំ​សកល​
02, Jan 2020 , 8:19 am        
រូបភាព
ដោយ: ថ្មីៗ
​សៀមរាប​៖ នៅ​រាត្រី​ឆ្លង​ឆ្នាំ​សកល ឆ្នាំ​ថ្មី ២០២០ វិស័យ​ឯកជន​បាន​សហការគ្នា​រៀបចំ​កម្មវិធី​រាត្រីសមោសរ រៃអង្គាស​ថវិកា​បាន​ជិត​៤​ម៉ឺន​ដុល្លារ​ដើម្បី​ជួយ​មន្ទីរពេទ្យ​កុមារ​អង្គរ​។ ថវិកា​ទាំងនេះ គឺ​ដើម្បី​បង្គ្រប់​ការចំណាយ​ប្រចាំឆ្នាំ​នៅ​មន្ទីរពេទ្យ​នេះ​។​

 
​ថវិកា​ដែល​បាន​ពី​ការចូលរួម​ទិញ​សំបុត្រ​ឆ្លង​ឆ្នាំ​នៅ​សណ្ឋាគារ​ម៉េ​ម័​រ ផា​ឡេស និង​ការទិញ​គ្រឿងអលង្ការ​ពី​ហាង​ជាង ប៉ាក់ វណ្ណ​ហុង សរុប​ចំនួន​ជិត​៤​ម៉ឺន​ដុល្លារ ត្រូវបាន​ប្រគល់ជូន​មន្ទីរពេទ្យ​កុមារ​អង្គរ ដែល​ធ្វើឡើង​នៅ​រាត្រី​ថ្ងៃទី​៣១ ធ្នូ​។ នេះ​ជា​សកម្មភាព​សប្បុរសធម៌​ចុងក្រោយ​គេ​បង្អស់​ដែល​មន្ទីរពេទ្យ​កុមារ​អង្គរ​ទទួលបាន និង​ជា​ទឹកប្រាក់​សប្បុរសធម៌​ចុងក្រោយ​សម្រាប់​ឆ្នាំ​២០១៩​។  
 
​ប្រធាន​ផ្នែក​ទំនាក់ទំនង​កិច្ចការ​សាធារណ​នៃ​មន្ទីរពេទ្យ​កុមារ​អង្គរ លោកស្រី ស៊ិន​កេ​ត អា​រុណ មានប្រសាសន៍ថា នា​រយៈពេល​ចុងក្រោយ​នេះ វិស័យ​ឯកជន​កាន់តែច្រើន​បានរួម​ចំណែក​ធ្វើ​កិច្ចការ​ដើម្បី​ជួយ​មន្ទីរពេទ្យ​កុមារ​អង្គរ ដែល​ព្យាបាល​កុមារ​ក្រីក្រ​កម្ពុជា​ដោយ​ឥតគិតថ្លៃ​។ លោកស្រី​បន្តថា ជា​រៀងរាល់ថ្ងៃ​មាន​កុមារ​ប្រមាណ​៥០០​ទៅ​៦០០​នាក់ បានមក​ទទួល​សេវា​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ​ពី​មន្ទីរពេទ្យ​កុមារ​អង្គរ​។ លោកស្រី អា​រុណ ចង់ឱ្យ​វិស័យ​ឯកជន​បន្ត​ចូលរួម និង​បង្កើត​ព្រឹត្តិការណ៍​នានា​ក្នុង​បុព្វហេតុ​រួមចំណែក​រៃអង្គាស​ថវិកា​ជួយ​កុមារ​កម្ពុជា​ជា​បន្តទៀត​។​


 
​លោកស្រី អ៊ឹម​ផាន វណ្ណឌី នាយិកា​ក្រុមហ៊ុន ហាង​ជាង ប៉ាក់​វណ្ណ​ហុង ដែលជា​អ្នក​ឧបត្ថម្ភ​ធំ​នៅក្នុង​កម្មវិធី​នេះ បានឱ្យដឹង​ដែរ​ថា ថវិកា​សប្បុរស​ជិត ៤​ម៉ឺន​ដុល្លារ​នេះ គឺ​បានមកពី​ការដក​តម្លៃ​ឈ្នួល ដែល​អតិ​ជន​បាន​ជាវ​គ្រឿងអលង្ការ​ពី​ក្រុមហ៊ុន​ក្នុង​រយៈពេល​២​សប្តាហ៍ មុន​រាត្រី​ឆ្លង​ឆ្នាំនេះ​ចូលមក​ដល់ និង​មួយចំណែក​ទៀត បានមកពី​ការដក​ភាគរយ​នៃ​ការ​ជាវ​សំបុត្រ​ចូលរួម​កម្មវិធី​រាត្រីសមោសរ សប្បុរសធម៌​ឆ្លង​ឆ្នាំ ដែល​រៀបចំឡើង​ដោយ​ម៉េ​ម័​រ ។​
 
​លោក ហ្វី​លី​ប កៅ ស្ថាបនិក​សណ្ឋាគារ ម៉េ​ម័​រ ផា​ឡេស បាន​ប្រាប់​អ្នកសារព័ត៌មាន​នៅ​រាត្រី​នោះ​ថា នេះ​ជា​ឆ្នាំ​ទី​២​ហើយ​ដែល​សណ្ឋាគារ​របស់លោក​រៀបចំ​កម្មវិធី​បែបនេះ​ជួយ​មន្ទីរពេទ្យ​កុមារ​អង្គរ​។ ឆ្នាំ​ទី​១ កម្មវិធី​ដូចគ្នានេះ បាន​រៃអង្គាស​ថវិកា​ជាង​៣​ម៉ឺន​ដុល្លារ​៕











Tag:
 មន្ទីរពេទ្យ​កុមារ​អង្គរ​
© រក្សាសិទ្ធិដោយ thmeythmey.com