អន្តរជាតិ
ព្រឹត្តការណ៍ពិភពលោកធំៗនៅឆ្នាំ២០២០
× ឆ្នាំ២០១៩ ទើបកន្លងផុត។ ឆ្នាំ២០២០ ឈានមកដល់។ ព្រឹត្តការណ៍ជាច្រើនជុំវិញពិភពលោកនៅឆ្នាំ២០១៩ ក៏បន្តធ្លាយមកដល់ឆ្នាំ២០២០ ។ សំណុំរឿងនុយក្លេអ៊ែរកូរ៉េខាងជើង អាចតានតឹងវិញ? លោក ត្រាំ អាចអង្គុយកៅអីប្រធានាធិបតីចប់អាណត្តិ? ហុងកុង នៅតែរុំព័ទ្ធដោយបាតុកម្ម? អង់គ្លេសចាកចេញពីអឺរ៉ុបហើយ? សង្គ្រាមពាណិជ្ជកម្មអាមេរិក-ចិន បន្តធូរស្រាល? ទាំងនេះសុទ្ធតែជាព្រឹត្តការណ៍សំខាន់ៗនៅឆ្នាំ២០២០ ដែលអាចធ្វើឲ្យពិភពលោករញ្ជួយ។
លោក ដូណាល់ ត្រាំ អាចអង្គុយកៅអីប្រធានាធិបតីចប់អាណត្តិត្រឹមត្រូវ ឬត្រូវអស់តំណែងមុនចប់អាណត្តិ? សវនាការព្រឹទ្ធសភាដើម្បីសម្រេចថា ត្រូវដកតំណែងប្រធានាធិបតីពីលោក ត្រាំ ឬអត់នោះ នឹងធ្វើឡើងនៅក្នុងខែមករា ដើមឆ្នាំ២០២០ តែម្ដង។ លោក ត្រាំ ត្រូវបានរដ្ឋសភាចោទប្រកាន់ជាផ្លូវការដើម្បីឈានទៅកាន់ការដកតំណែងកាលពីខែធ្នូកន្លងទៅ។ ដើម្បីដកតំណែងលោក ត្រាំ គេត្រូវការសំឡេងពីរភាគបីនៃសំឡេងសមាជិកព្រឹទ្ធសភាទាំង១០០រូប។
ដោយសារព្រឹទ្ធសភាគ្រប់គ្រងដោយបក្សសាធារណរដ្ឋ គេរំពឹងថា លោក ត្រាំ អាចមានវាសនាធ្វើប្រធានាធិបតីចប់ចុងចប់ដើម ហើយអាចចូលរួមការបោះឆ្នោតប្រធានាធិបតីម្ដងទៀតនៅខែវិច្ឆិកាខាងមុខ។ បក្សប្រជាធិបតេយ្យ កំពុងតែចម្រាញ់បេក្ខភាពដើម្បីដណ្ដើមសេតវិមានមកវិញ។
សំណុំរឿងនុយក្លេអ៊ែរកូរ៉េខាងជើង នៅតែជាប្រធានបទក្ដៅក្នុងឆ្នាំ២០២០ នេះ។ មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ប្រកាសហើយថា កូរ៉េខាងជើងមិនបន្តការផ្អាកការសាកល្បងនុយក្លេអ៊ែរ ឬក៏ការបាញ់មីស៊ីលទៀតឡើយ ព្រោះអាមេរិកមិនធ្វើសម្បទានអ្វីសោះ។ លោក គីម ក៏ប្រកាសពីគម្រោងបញ្ចេញអាវុធយុទ្ធសាស្ត្រថ្មីផងដែរ។ បើមានការធ្វើតេស្តនុយក្លេអ៊ែរ ឬក៏បាញ់មីស៊ីលបាលីស្ទិកចម្ងាយឆ្ងាយឡើងវិញនោះ ស្ថានការណ៍ឧបទ្វីបកូរ៉េ ប្រាកដជាឡើងកម្ដៅខ្លាំងមិនខាន។
ក្នុងឆ្នាំ២០២០ នេះ ក្រសែភ្នែកមនុស្សរាល់គ្នា ក៏បន្តតាមដានសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិនផងដែរ។ មហាអំណាចសេដ្ឋកិច្ចទាំងពីរ បានយកការដំឡើងពន្ធដាក់គ្នាទៅមកជាអាវុធវាយប្រហារគ្នាទៅមក។ ក្រោយការចរចារាប់សិបជុំនៅវ៉ាស៊ីនតោន ប៉េកាំង និងសៀងហៃផងនោះ ប្រទេសទាំងពីរក៏ឈានដល់កិច្ចព្រមព្រៀងដំណាក់កាលទីមួយ។ លោក ត្រាំ អះអាងថា ការចុះហត្ថលេខា នឹងធ្វើឡើងនៅថ្ងៃទី១៥ ខែមករាខាងមុខ។ លោកក៏មានគម្រោងធ្វើដំណើរទៅកាន់ចិនដើម្បីបន្តការចរចាផងដែរ។
បាតុកម្មនៅហុងកុងដែលផ្ទុះឡើងនៅខែមិថុនា ឆ្នាំ២០១៩ ក៏ឆ្លងចូលឆ្នាំ២០២០ទៀតដែរ។ ការតវ៉ាដែលពេលខ្លះមានហិង្សាផងនោះ នៅតែមានចលនាដដែល។ បាតុករ នៅតែបន្តទាមទារឲ្យអាជ្ញាធរធ្វើតាមលក្ខខណ្ឌរបស់ពួកគេដូចជាការបើកចំហសេរីភាព ប្រជាធិបតេយ្យ ការរកយុត្តិធម៌ឲ្យជនរងគ្រោះក្រោមស្នាដៃប៉ូលិសជាដើម។
អង់គ្លេស ចេញពីអឺរ៉ុបជាដោយស្រួលក៏ជាព្រឹត្តការណ៍ដែលត្រូវតាមដានដែរ។ នាយករដ្ឋមន្ត្រី បូរីស ចនសុន ដែលទើបទទួលបានសំឡេងភាគច្រើនក្នុងសភា សន្យាដឹកអង់គ្លេសចេញពីអឺរ៉ុបឲ្យបាននៅត្រឹមខែមករានេះ។ គម្រោងនេះ ទំនងមិនពិបាកឡើយដោយសារបក្សកាន់អំណាចមានសំឡេងលើសពីគ្រប់គ្រាន់ទៅហើយ។ រឿងត្រូវតាមបន្តទៀត គឺការចរចាលើទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងអឺរ៉ុប និងអង់គ្លេស៕
© រក្សាសិទ្ធិដោយ thmeythmey.com