ជាតិ
សង្គមជាតិ
ស្លាប់​៨​នាក់ និង​របួស​១០​នាក់ ដោយសារ​ឡាន​ដឹក​ស៊ីម៉ងត៍ បុក​ជាមួយ​សាំង​យ៉ុង​
01, Jan 2020 , 5:27 pm        
រូបភាព
រូបភាពពីស្នងការនគរបាលខេត្តកំពង់់ស្ពឺ
រូបភាពពីស្នងការនគរបាលខេត្តកំពង់់ស្ពឺ
ដោយ:
​ភ្នំពេញ​៖ នា​វេលា​ម៉ោង​ជិត​១២​យប់ ឈានចូល​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០២០ មាន​មនុស្ស​៨​នាក់​បាន​ស្លាប់ និង​១០​នាក់​ទៀត​រងរបួស ដោយសារ​ការបុក​គ្នា​រវាង​រថយន្ត​ដឹក​ស៊ីម៉ងត៍ និង​រថយន្ត​សាំង​យ៉ុង នៅ​ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។ 


 
​អ្នក​បាត់​បង់ជីវិត មាន​ស្ត្រី​៥​នាក់ ដោយ​ក្នុងនោះ​ស្ត្រី​មាន​ផ្ទៃពោះ មាន​២​នាក់ ហើយ​អ្នករងរបួស មាន​ស្ត្រី​ម្នាក់​។ អ្នករងរបួស ត្រូវបាន​កម្លាំង​នគរបាល​ជួយ​យកចេញ​ពី​ក្នុង​រថយន្ដ  ហើយ​បញ្ជូនទៅ​មន្ទីរពេទ្យ ចំណែក អ្នកស្លាប់ ត្រូវបាន​ក្រុមគ្រួសារ នាំ​សាកសព ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​គេហដ្ឋាន​រៀងៗ​ខ្លួន  ។ 
 
​ការផ្សាយ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក បាន​ឲ្យ​ដឹងថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ កើតឡើង​ដោយសារតែ​រថយន្ត​ទេសចរណ៍​ប្រភេទ​សាំង​យ៉ុង ដែល​បើក​ពី​ទិស​ខាងជើង​ទៅ​ទិស​ខាងត្បូង បាន​រេ​ចង្កូត​ចូល​គន្លង​ផ្លូវ​ផ្នែក​ខាង​ធ្វេ​ង​ដៃ​នៃ​រថយន្ត​ដឹក​ស៊ីម៉ងត៍​ម៉ាក  HINO  ដែល​ធ្វើដំណើរ​ពី​ទិស​ខាងត្បូង​ទៅ​ទិស​ខាងជើង ហើយក៏​បាន​បុក​គ្នា​យ៉ាង​ពេញទំហឹង​តែម្តង​។ នគរបាល​ខេត្តកំពង់ស្ពឺ សម្តែង​ការ​ស្តាយ និង​ចូលរួម​រំលែក​ទុក្ខ ជាមួយ​ក្រុមគ្រួសារ​នៃ​ជនរងគ្រោះ​ទាំងនោះ​៕ 

Tag:
 គ្រោះថ្នាក់​ចរាចរណ៍​
 ​ឆ្លង​ឆ្នាំ
© រក្សាសិទ្ធិដោយ thmeythmey.com