ជាតិ
អាជ្ញាធរ​បិទ​ជាន់​ទី​៣​ប្រាសាទបាយ័ន ដើម្បី​ជួសជុល
02, Jan 2020 , 9:19 am        
រូបភាព
ភ្ញៀវទេសចរកំពុងដើរទស្សនាជាន់ទី៣ប្រាសាទបាយ័ន្តនាថ្ងៃទី ១៨ ធ្នូ ឆ្នាំ២០១៩
ភ្ញៀវទេសចរកំពុងដើរទស្សនាជាន់ទី៣ប្រាសាទបាយ័ន្តនាថ្ងៃទី ១៨ ធ្នូ ឆ្នាំ២០១៩
ដោយ: ថ្មីៗ
​សៀមរាប​៖ ចាប់ពី​ថ្ងៃទី​១ ខែមករា​តទៅ ជាន់​ទី​៣​នៃ​ប្រាសាទបាយ័ន​ត្រូវបាន​បិទ​ការ​ទស្សនា​ជា​បណ្ដោះអាសន្ន​។ ការបិទ​នេះ គឺ​ដោយសារ​ក្រុម​អ្នកជំនាញ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ត្រូវ​ចុះ​សិក្សា​ពី​ចំណុច​ហានិភ័យ​នានា​ដើម្បី​ត្រៀម​ជួសជុល​នាពេលខាងមុខ​។

 
​បន្ទាប់ពី​ក្រុម​អ្នកជំនាញការ​ចំពោះ​កិច្ច​ផ្នែក​អភិរក្ស​នៃ​គណៈកម្មាធិការ​អន្ដរជាតិ អាយ​ស៊ី​ស៊ី​-​អង្គរ ចុះ​ពិនិត្យ​នា​ដើមខែ ធ្នូ កន្លងមក អាជ្ញាធរ​ក៏​សម្រេចចិត្ត​បិទ​ការ​ទស្សនា​នៅ​ជាន់​ទី​៣​ឬ​ប្រាង្គ​កណ្ដាល​នៃ​ប្រាសាទ​បា​យ័ន ដើម្បី​ផ្តល់​លទ្ធភាព​ដល់​ក្រុម​អ្នកជំនាញ​សិក្សា​អំពី​ការខូចខាត និង​បញ្ហា​ប្រឈម​នានា ដើម្បី​រៀបចំ​ផែនទី​ហានិភ័យ ព្រមទាំង​កំណត់​ទីតាំង​អាទិភាព​ក្នុងការ​ពង្រឹង​ស្ថានភាព និង​ជួសជុល​ផ្នែក​ដែល​ប្រឈម​នឹង​គ្រោះថ្នាក់​។ នេះ​បើ​យោងតាម​ខ្លឹមសារ​នៃ​ការ​ផ្សារ​របស់​អាជ្ញាធរ​ជាតិ​អប្សរា ដែល​ចេញផ្សាយ​នៅ​រសៀល​ថ្ងៃទី​១ ខែមករា​។​
 
​អាជ្ញាធរ​ជាតិ​អប្សរា​នឹង​បិទ​ចរាចរណ៍​ឡើង​-​ចុះ​ចាប់ពី​ថ្ងៃទី​១ មករា តទៅ ដើម្បី​ថែទាំ និង​ការពារ​ប្រាសាទ ក៏ដូចជា​សុវត្ថិភាព​ភ្ញៀវទេសចរ ហើយ​ចរាចរណ៍​នឹង​បើក​ធម្មតា​វិញ​រហូតដល់​ការងារ​បញ្ចប់​ជា​ស្ថាពរ​៕

Tag:
 បា​យ័ន​
  ជួសជុល​
© រក្សាសិទ្ធិដោយ thmeythmey.com