ជាតិ
សេដ្ឋកិច្ច
ឈ្មួញ​បន្ទាប​តម្លៃ​ស្រូវ​ពេល​ការនាំចេញ​អង្ករ​ទៅ EU ធ្លាក់ចុះ​៣៣​ភាគរយ​
02, Jan 2020 , 7:59 pm        
រូបភាព
រូបឯកសារ៖ កសិករ​ម្នាក់​កំពុង​ប្រមូល​ទិន្នផល​ស្រូវ ដែល​ត្រូវបាន​ដាក់​ហាល​នៅ​លើ​ផ្លូវ​លំ​មួយ​នៅ​ខេត្ត​បន្ទាយ​មានជ័យ។ (ស៊ុន ណារិន/VOA)
រូបឯកសារ៖ កសិករ​ម្នាក់​កំពុង​ប្រមូល​ទិន្នផល​ស្រូវ ដែល​ត្រូវបាន​ដាក់​ហាល​នៅ​លើ​ផ្លូវ​លំ​មួយ​នៅ​ខេត្ត​បន្ទាយ​មានជ័យ។ (ស៊ុន ណារិន/VOA)
ដោយ: VOA
​ភ្នំពេញ ៖ កសិករ​មួយចំនួន​នៅក្នុង​ខេត្តបាត់ដំបង​និង​មន្ត្រី​សង្គម​ស៊ីវិល​ដែល​ធ្វើការ​ជាមួយ​កសិករ​ខ្មែរ​បាន​អះអាងថា​ឈ្មួញកណ្តាល​បាន​ប្រើប្រាស់​ព័ត៌មាន​នៃ​ការយកពន្ធ​នៃ​ការនាំចេញ​អង្ករ​ទៅ​សហភាព​អឺរ៉ុប​មក​បន្ទាប​តម្លៃ​ស្រូវ​របស់​ពួកគេ​។​

 
​ការលើកឡើង​របស់​ក​សិ​ករ កើតឡើង​ស្រប​ពេលដែល​ការនាំចេញ​អង្ករ​របស់​កម្ពុជា ទៅ​សហភាព​អឺរ៉ុប​បាន​ធ្លាក់ចុះ​ប្រមាណ​១០​ម៉ឺន​តោន គឺ​ប្រហែល​៣៣​ភាគរយ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៨ ក្រោយ​ការយកពន្ធ​របស់​សហ​ភាព​អឺរ៉ុប​។​
 
​អ្នកស្រី ជឿន សុជាតិ អាយុ​៤១​ឆ្នាំ ជា​កសិករ​ម្នាក់​ដែល​កំពុង​រស់នៅ​ភូមិ​បឹងរាំង ឃុំ​ឱ​ម៉ា​ល់​ខេត្តបាត់ដំបង បាន​ថ្លែងប្រាប់​VOA ថា តម្លៃ​ស្រូវ​ក្រអូប​របស់​អ្នកស្រី​ក្នុងឆ្នាំនេះ បាន​ធ្លាក់ចុះ​ខ្លាំង ដោយមាន​តម្លៃ​ត្រឹមតែ​៧​ពាន់​បាត គឺ​ប្រមាណ​៩០​ម៉ឺន​រៀល​តែប៉ុណ្ណោះ​ក្នុង​មួយ​តោន ខណៈ​ឆ្នាំ​កន្លងៗ​ទៅ លក់បាន​ក្នុងតម្លៃ​យ៉ាង​ទាប​បំផុត​គឺ​៨៥០០​បាត​ក្នុង​មួយ​តោន គឺ​ស្មើ​ប្រមាណ​១​លាន​១០​ម៉ឺន​រៀល​។​
 
​អ្នកស្រី​ដែល​ជួល​ដីស្រែ​គេ​ចំនួន​៦​ហិកតា ដែល​ក្នុង​មួយ​ហិកតា​តម្លៃ​៥​ពាន់​បាត ប្រមាណ​៦៤​ម៉ឺន​រៀល មានប្រសាសន៍ថា​ឈ្មួញ​បាន​ប្រាប់​អ្នកស្រី​ថា​ស្រូវ​ដែល​ទិញ​នោះ គេ​លែង​នាំទៅ​ក្រៅប្រទេស​ហើយ ដូច្នេះ​បានជា​តម្លៃ​ធ្លា​ក់ទាប​។​
 
​អ្នកស្រី​មានប្រសាសន៍ថា​៖ «​ឈ្មួញ​គេ​ថា​គេ​ទិញ​ថោក​ហ្នឹង មកពី​ស្រូវ​មិន​នាំ​ចេញទៅ​ក្រៅប្រទេស ព្រោះ​អី​គេ​ទិញ​ដាក់​តាម​រោង​ម៉ាស៊ីន​នេះ វា​អត់​បាន​ថ្លៃ​ទេ​។ បើសិនជា​នាំចេញ​ទៅ​ក្រៅប្រទេស អាហ្នឹង​បាន​បាន​ថ្លៃ​។ គេ​និយាយ​អញ្ចឹង​។ ដល់ពេល​អញ្ចឹង កសិករ​មួយៗ​ស្រងាកចិត្ត​»​។​
 
​ប៉ុន្តែ​អ្នកស្រី​មិនដឹងថា​ស្រូវ​របស់​អ្នកស្រី ត្រូវ​កិន​ជា​អង្ករ នាំ​ចេញទៅ​ប្រទេស​ណា​នោះទេ​។​
 
​អ្នកស្រី​បន្ថែមថា​៖ «​ដឹង​ជឿ​មិន​ជឿ​ទេ​បង បើ​យើង​អត់​ដឹង​ដែរ​។ បើ​គេ​ថា​ប៉ុណ្ណា យើង​ត្រូវតែ​លក់​។ បើ​យើង​ជំពាក់​គេ បើ​យើង​មិន​លក់ អត់​មានអី​សង​គេ​អញ្ចឹង​បង​»​។​
 
​កាលពី​ខែមករា ឆ្នាំ​២០១៩ សហភាព​អឺរ៉ុប​បានចាប់ផ្តើម​កំណត់​យកពន្ធ​នៃ​ការ​នាំចូល​អង្ករ​ពី​កម្ពុជា​រយៈពេល​៣​ឆ្នាំ ដោយសារតែ​បរិមាណ​នាំចូល​មានការ​កើនឡើង​ច្រើន​នៅ​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប​។ 
 
​តាម​ការប៉ាន់ប្រមាណ ប្រទេស​កម្ពុជា​ត្រូវ​បង់ពន្ធ​ចំនួន​៥០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ​។ នៅក្រោម​ការយកពន្ធ​នេះ អ្នក​នាំ​អង្ករ​ចូល​ត្រូវ​បង់​តម្លៃ​ប្រហែល​២០០​ដុល្លារ​ក្នុង​មួយ​តោន​សម្រាប់​ឆ្នាំ​ទីមួយ ចំនួន​១៧១​ដុល្លារ​សម្រាប់​ឆ្នាំ​ទី​ពីរ និង​ចំនួន​១៤៣​ដុល្លារ​សម្រាប់​ឆ្នាំ​ទី​បី​។​
 
​សហភាព​អឺរ៉ុប​បាន​លើកឡើងថា ពួកគេ​បានទទួល​សំណើ​ពី​ប្រទេស​អ៊ីតាលី ដែល​បានស្នើ​ឲ្យ​មានការ​អនុវត្ត​វិធានការ​គាំពារ​អង្ករ​ក្នុងប្រទេស​ជា​សមាជិក ដោយសារ​មានការ​នាំ​អង្ករ​ច្រើន​ចូល​ពី​ប្រទេស​កម្ពុជា​និង​មី​យ៉ាន់​ម៉ា​។​
 
​កសិករ​ម្នាក់ទៀត​នៅក្នុង​ខេត្តបាត់ដំបង គឺ​លោក ឃឿ​ត ភក្តី អាយុ​២៤​ឆ្នាំ មានប្រសាសន៍ថា​តម្លៃ​ស្រូវ​ក្រអូប​របស់លោក​បាន​ចុះ​ទាប ដែល​លោក​មិនអាច​ទទួលយកបាន​នោះទេ​។ លោក​ក៏បាន​រអ៊ូរទាំ​រឿង​ខ្វះ​ទឹក​សម្រាប់​ធ្វើស្រែ​នៅក្នុង​តំបន់​របស់លោក​ផងដែរ​។ លោក​បារម្ភ​មិនអាច​លក់​ស្រូវ​បាន ហើយ​បំណុល​កាន់តែ​កើនឡើង ខណៈ​លោក​ធ្វើស្រែ​ចំនួន​១០​ហិកតា ហើយ​ជួល​គេ​៦​ហិកតា​។​
 
​លោក ភក្តី ដែល​ធ្វើស្រែ​ខ្លួនឯង​និង​ជួយ​មើល​ស្រែ​របស់​ម្តាយ​ផង បាន​ថ្លែងប្រាប់​VOA​ថា​៖ «​តម្លៃ​ប៉ុណ្ណឹង​វា​ថោក ជីវា​ថ្លៃ ស្រូវ​វា​ថោក​។ ទូទាត់​ទៅ វា​មិន​ស្មើនឹង​ថ្លៃ​ជី​ផង​។ បើ​មួយ​ហិកតា ប្រើ​៦​កា​រ៉ុង​។ ដូច​វា​មិនល្អ តម្លៃ​ប៉ុណ្ណឹង​។ មើលទៅ ធ្វើ​យូរៗ​ទៅ ធ្វើ​ឲ្យ​តែ​គេ​»​។​
 
​វិធានការ​នៃ​ការយកពន្ធ​នាំចេញ​អង្ករ​របស់​កម្ពុជា​ទៅ​សហភាព​អឺរ៉ុប ក៏បាន​ធ្វើ​ឲ្យ​ធ្លាក់ចុះ​ការនាំចេញ​អង្ករ​ទៅ​សហភាព​អឺរ៉ុប​ផងដែរ​។ បើតាម​របាយការណ៍​បំណាច់​ឆ្នាំ​ចេញផ្សាយ​ដោយ​ក្រសួងកសិកម្ម រុក្ខ​ប្រមាញ់ និង​នេសាទ ការនាំចេញ​អង្ករ​ទៅ​ក្រៅប្រទេស​សម្រាប់​ឆ្នាំ​២០១៩ មាន​ចំនួន​ជាង​៦២​ម៉ឺន​តោន ក្នុងនោះ​ការនាំ​ទៅ​អឺរ៉ុប​មាន​ចំនួន​ជាង​២០​ម៉ឺន​តោន ដែល​ស្មើ​ប្រមាណ​៣២​ភាគរយ​។​
 
​កាលពី​ឆ្នាំ​២០១៨ កម្ពុជា​បាន​នាំចេញ​អង្ករ​ប្រមាណ​៣០​ម៉ឺន​តោន​ទៅ​សហភាព​អឺរ៉ុប ដែលមាន​ប្រមាណ​៤៣​ភាគរយ​នៃ​ការនាំចេញ​អង្ករ​សរុបទៅ​ក្រៅប្រទេស​របស់​កម្ពុជា​ប្រមាណ​៦៣​ម៉ឺន​តោន​។​
 
​ប៉ុន្តែ​ការធ្លាក់ចុះ​ការនាំចេញ​អង្ករ​ទៅ​អឺរ៉ុប​ត្រូវបាន​ជំនួស​ដោយ​ការ​នាំទៅ​ប្រទេស​ចិន​មាន​ចំនួន​ប្រមាណ​២៥​ម៉ឺន​តោន ដែល​ច្រើនជាងគេ​នៃ​ការនាំចេញ គឺ​ស្មើ​ប្រមាណ​៤១​ភាគរយ​។​
 
​លោក ចាន់ សុខ​ឃាង អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ប្រាប់​VOA​ថា ឈ្មួញ​ខ្លះ​បាន​ឆ្លៀតឱកាស​ប្រើប្រាស់​ព័ត៌មាន​ទាក់ទង​នឹង​ការយកពន្ធ​អង្ករ​នាំចេញ ទៅ​ទម្លាក់​តម្លៃ​ស្រូវ​របស់​កសិករ​។ លោក​ស្នើ​ឲ្យ​កសិករ​គួរតែ​យក​ស្រូវ​ទៅ​លក់​នៅ​ម៉ាស៊ីនកិនស្រូវ​ដោយផ្ទាល់ ទើប​ទទួលបាន​តម្លៃ​សមរម្យ​។ លោក​បញ្ជាក់ថា ស្រូវ​ក្រអូប​ស្ថិតក្នុង​តម្លៃ​ជាង​៩​ពាន់​បាត​ក្នុង​១​តោន​រហូតមកដល់​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០២០​នេះ​។​
 
​លោក​មានប្រសាសន៍ថា​៖ «​ឈ្មួញ​គាត់​យក​ព័ត៌មាន​ទៅ​បំប៉ោង ទៅ​និយាយ​អីចឹង​ទៅណា ព្រោះ​អាហ្នឹង​ជាការ​និយាយស្តី​របស់គាត់ វា​អត់​មាន​អ្នកណា​ទេ ទទួលខុសត្រូវ​។ អាហ្នឹង​យើង​ទប់ស្កាត់​របៀប​ម៉េច​បាន បើ​វា​កើតឡើង​រាយប៉ាយ គ្រប់កន្លែង អាហ្នឹង​ជាការ​ឆ្លៀតឱកាស​ទេ​»​។​
 
​លោក​បន្ថែមថា​៖ «​គេ​ទិញ​ក្នុងតម្លៃ​ល្អ​ជាង គាត់​លក់​ឲ្យ​ឈ្មួញ​ទៀត​។ បញ្ហា​គឺ​នៅត្រង់ថា គាត់​ច្រូត​ហើយ គាត់​លក់​ឲ្យ​គេ​នៅ​ហ្នឹង​ស្រែ ដូច្នេះ​តម្លៃ​របស់គាត់ ស៊ីសង​លើ​ឈ្មួញ គេ​អ្នកប្រមូល​ទិញ​កណ្តាល​ហ្នឹង​ទេ​»​។​
 
​លោក​បន្តថា ប្រទេស​ចិន​បាន​បង្កើន​ការទិញ​អង្ករ​ពី​ប្រទេស​កម្ពុជា ដែល​ជំនួស​ការធ្លាក់​ចុះទៅ​សហភាព​អឺរ៉ុប​។​
 
​លោក ថេ​ង សាវឿន ប្រធាន​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុ​ជា​ហៅ​កាត់​ថា CCFC ប្រាប់ VOA ថា​លោក​បានទទួល​ព័ត៌មាន​ពី​កសិករ​មួយចំនួន​ថា​ឈ្មួញ​បាន​ប្រើប្រាស់​ព័ត៌មាន​ទាំងនេះ ដើម្បី​កេងចំណេញ​ពី​កសិករ​។​
 
​លោក​បាន​ថ្លែងថា​៖ «​អញ្ចឹង​ឈ្មួញ​ដែល​គេ​ហៅថា​ពួក​ឆ្លៀតឱកាស​ការរកស៊ី​មួយចំនួន​ហ្នឹង ពិសេស​អ្នកប្រមូល​ទិញស្រូវ​នៅ​កម្រិត​ថ្នាក់មូលដ្ឋាន​ហ្នឹង គាត់​បាន​ប្រើប្រាស់​វិធីសាស្ត្រ​ហ្នឹង ដើម្បី​កេងចំណេញ​ការទម្លាក់​ថ្លៃ​របស់​ប្រជាកសិករ​»​។​
 
​បើតាម​លោក ថេ​ង សាវឿន ព័ត៌មាន​នៃ​ការដឹក​ស្រូវ​ទៅ​លក់​នៅ​ម៉ាស៊ីនកិនស្រូវ​ដោយផ្ទាល់ មិនបាន​ទៅដល់​កសិករ​នោះទេ ហើយ​ពួកគេ​យល់ថា​រោង​ម៉ាស៊ីនកិនស្រូវ​ទាំងនោះ​ស្ថិតនៅ​ឆ្ងាយ​ពី​កន្លែង​ធ្វើស្រែ ដែល​ត្រូវការ​ការចំណាយ​បន្ថែម​។ លោក​បន្តថា​ការខាតបង់​ច្រើន​របស់​កសិករ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ នាំ​ឲ្យ​កសិករ​ខ្លះ​បាក់​ទឹកចិត្ត​ក្នុងការ​ធ្វើស្រែ​បន្តទៀត​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com