លោក Jose Mourinho ត្រូវបានអាជ្ញាកណ្តាលផ្តល់កាតលឿងក្នុងជំនួបក្របខណ្ឌ Premier League ដែល Tottenham Hotspur ចាញ់ Southampton ២-១ នៅថ្ងៃទី១ ខែមករា។ ការផ្តល់កាតលឿងនេះ កើតឡើងក្រោយ Mourinho ដើរទៅលួចមើលគ្រូជំនួយ Saints ដែលកំពុងកត់ត្រាក្បួនលេង។
លោក Mourinho ហាក់ដូចជាមិនពេញចិត្តនឹងទង្វើរបស់លោក Sparks ឡើយ ហើយថែមទាំងប៉ះសម្តីគ្នា ភ្លាមៗបន្ទាប់ពីខ្សែប្រយុទ្ធ Harry Kane បានស៊ុតបញ្ចូលទី តែមិនត្រូវបានអាជ្ញាកណ្តាលឲ្យ នៅនាទី៧៣។ ក្រោយមកអ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់រូបនេះ បានដើរតម្រង់ទៅកៅអីកីឡាបម្រុង របស់ Southampton ហើយមើលក្រដាសមួយសន្លឹក ដែលកំពុងកត់ត្រាពីក្បូនលេងរបស់ក្រុមគូប្រជែង។ ដោយសារមូលហេតុខាងលើ Mourinho ក៏ត្រូវទទួលកាតលឿង ពីអាជ្ញាកណ្តាល លោក Mike Dean។
អតីតអ្នកចាត់ការ Man Utd, Chelsea និង Real Madrid រូបនេះ បានប្រាប់ទូរទស្សន៍ BT Sport ថា៖«ខ្ញុំជាមនុស្សឈ្លើយ ប៉ុន្តែខ្ញុំឈ្លើយតែជាមួយមនុស្សល្ងីល្ងើប៉ុណ្ណោះ។ ខ្ញុំសមនឹងទទួលបានកាតលឿង។ ខ្ញុំបានប្រើសម្តីមិនល្អជាមួយបុរសម្នាក់»។
បរាជ័យនេះ បានធ្វើឲ្យ Spurs កាន់តែមានគម្លាតឆ្ងាយ ពីក្រុម Top4។ Spurs រកបាន៣០ពិន្ទុ ពីការប្រកួត២១លើក ឈរនៅលេខរៀងទី៦ ក្នុងតារាង Premier League ដោយតាមពីក្រោយក្រុមលេខ៤ Chelsea ចំនួន៦ពិន្ទុ។
Manchester United ដែលចាញ់ Arsenal ២-០ នៅតែរក្សាចំណាត់ថ្នាក់ទី៥ ដដែល និងតាមពីក្រោយ Chelsea ចំនួន៤ពិន្ទុ។ ជ័យជម្នះនេះ បានជួយកាំភ្លើងធំ ឡើងពីលេខ១២ ទៅទី១០វិញ ដោយទទួលបាន២៧ពិន្ទុ។
Leicester City និង Manchester City នៅតែប្រដេញគ្ នានៅលេខរៀងទី២ និងទី៣ ក្រោយរកជ័យជម្នះបានរៀងខ្លួន។ Leicester យកឈ្នះ Newcastle ៣-០ ឯ Man City ឈ្នះ Everton ២-១៕